អ្នកនេសាទនៅកោះពោធិ៍ ប្រគល់សត្វល្មិចមួយក្បាលទៀត ជាលើកទី៨ ជូនស្នាក់ការសន្តិសុខប្រចាំកោះ ដើម្បីលែងចូលសមុទ្រវិញ
កែប៖ ល្មិច ឬអណ្តើកសមុទ្រ មួយក្បាលទៀត ត្រូវបានកិបលេខសម្គាល់ និងលែងចូលសមុទ្រវិញ បន្ទាប់ពីកម្លាំងប្រចាំការនៅស្នាក់ការសន្តិសុខកោះពោធិ៍ ទទួលបានពីអ្នកនេសាទនៅតំបន់នោះ។ នេះជាលើកទី៨ ហើយ ដោយមានល្មិចសរុបជាង ១០ក្បាល ដែលប្រជាពលរដ្ឋជាអ្នកនេសាទនៅកោះពោធិ៍ នេសាទបានដោយចៃដន្យ ហើយបានប្រគល់ជូនកម្លាំងប្រចាំការ ដើម្បីលែងចូលតំបន់សុវត្ថិភាពវិញ។
ការលែងនោះ មានការចូលរួមពីសំណាក់ លោក ហ៊ួរ មិថុនា អភិបាលរងខេត្ត ទទួលបន្ទុក តំណាងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប រួមជាមួយ លោកឧត្តមនាវីទោ លី ហួត មេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងតំណាងអង្គការអភិរក្សសមុទ្រកម្ពុជា កាលពីថ្ងៃចុងសប្តាហ៍កន្លងមកនេះ។
លោក សៀក ណាំ ប្រជានេសាទនៅកោះពោធិ៍ បានឱ្យដឹងថា សត្វល្មិចខាងលើ បានជាប់ខ្សែលបរបស់លោកដោយចៃដន្យ ខណៈលោកកំពុងស្រាវលបដូចសព្វមួយដង។ ដោយយល់ថាជាប្រភេទសត្វកម្រ លោកបានសម្រេចមិនរក្សាទុក ឬលក់ឡើយ ប៉ុន្តែប្រគល់ជូនកម្លាំងប្រចាំការ ដើម្បីលែងវិញ។ លោកបានបន្ថែមថា កន្លងមក ប្រជានេសាទនៅកោះពោធិ៍ ឧស្សាហ៍ប្រទះឃើញពពួកសត្វកម្រផ្សេងៗក្រៅពីល្មិច នៅជុំវិញតំបន់នេះផងដែរ។
លោក ភឿន ផល្លា មន្ត្រីជំនាញនៃខណ្ឌរដ្ឋបាលជលផលខេត្តកែប បានបញ្ជាក់ថា ល្មិច ឬអណ្តើកសមុទ្រ ជាប្រភេទសត្វសមុទ្រដែលកំពុងរងគ្រោះថ្នាក់ និងត្រូវការការពារយ៉ាងខ្លាំង។ ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការប្រគល់សត្វសមុទ្រកម្រ មកវិញនេះ គឺមានសារៈសំខាន់ណាស់ ក្នុងការអភិរក្ស និងថែរក្សាប្រព័ន្ធអេកូឡូស៊ីសមុទ្រ ហើយក៏បង្ហាញពីការយល់ដឹង និងស្មារតីទទួលខុសត្រូវរបស់ប្រជានេសាទផងដែរ។
លោកបានបន្ថែមថា ចាប់តាំងពីបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រ នៅតំបន់កោះពោធិ៍ និងកោះទន្សាយ ដែលមានផ្ទៃដីប្រមាណ ១ម៉ឺនហិកតា មកនេះ ប៉ុន្មានឆ្នាំចុងក្រោយ បានសង្កេតឃើញវត្តមានសត្វសមុទ្រកម្រៗជាច្រើនប្រភេទ ត្រឡប់មករស់នៅក្នុងសមុទ្រកម្ពុជាវិញ។ ជាញឹកញាប់ អ្នកនេសាទតែងប្រទះឃើញ ឬនេសាទបានដោយចៃដន្យ នូវសត្វទាំងនេះ ហើយបានប្រគល់ជូនមន្ត្រីជំនាញ ដើម្បីលែងចូលតំបន់សុវត្ថិភាពវិញផងដែរ៕
អត្ថបទ៖ ង៉ុង សាន់