រយៈពេល៦ថ្ងៃ មានពលរដ្ឋ និងអ្នកទេសចរ ៩លាននាក់ បានចូលរួមអបអរសាទរ និងលេងកម្សាន្ត នៅរាជធានីភ្នំពេញ
ភ្នំពេញ៖ នៅថ្ងៃចុងក្រោយ នៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» រាជធានីភ្នំពេញ ទទួលបានមានភ្ញៀវជាតិ និងអន្តរជាតិ ជាង ១លាន ៤សែននាក់។ ប៉ុន្តែបើគិតទាំង៦ថ្ងៃ មានពលរដ្ឋ និងអ្នកទេសចរប្រមាណ ៩លាននាក់ បានចូលរួមអបអរសាទរ និងលេងកម្សាន្ត ប្រកបដោយភាពសប្បាយរីករាយ នៅរាជធានីភ្នំពេញ។
លោកស្រី ដោ សម្ផស្ស នាយិការរង និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ បានឱ្យដឹងថា ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ នាថ្ងៃទី៦ ត្រូវថ្ងៃទី១៩ ខែមេសា មានភ្ញៀវជាតិ និងអន្តរជាតិ រួមនឹងប្រជាពលរដ្ឋ មកពីគ្រប់ទិសទីយ៉ាងច្រើនកុះករ បានដើរលេងកម្សាន្ត និងចូលរួមអបអរសាទរ សរុបចំនួន ១,៤៤០,៧១២នាក់ ក្នុងនោះប្រជាពលរដ្ឋ មកដើរលេងកម្សាន្តចំនួ ១,៤១៧,៤៨០នាក់ និងភ្ញៀវទេសចរបរទេស មានចំនួន ២៣,២៣២នាក់។
លោកស្រី ដោ សម្ផស្ស បានឱ្យដឹងទៀតថា ទោះបីពិធីបុណ្យចូលឆ្នាំថ្មី បានបញ្ចប់ទៅក៏ដោយ ប៉ុន្តែសម្រាប់ ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ នៅតែបន្តទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករ ប្រមាណជាង ១លាននាក់ រៀងរាល់ថ្ងៃ ពោលគឺ នៅថ្ងៃទី១៧ មានចំនួន១,៣៨៤,៥១១នាក់ សម្រាប់ថ្ងៃទី១៨ មានចំនួន ១,៥៥៧,២៥០នាក់ និងថ្ងៃទី១៩ មានចំនួន ១,៤១៧,៤៨០នាក់ បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ។
ដោយឡែករយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» កន្លងមកនេះ នៅទូទាំងរាជធានីភ្នំពេញ មានភ្ញៀវជាតិ និងអន្តរជាតិ មកដើរលេងកម្សាន្ត រហូតដល់ជាង ៤លាននាក់ ពោរពេញដោយភាពសប្បាយរីករាយ និងសាមគ្គីភាព ក្នុងនោះ សម្រាប់ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី មានប្រជាពលរដ្ឋ មកពីគ្រប់ទិសទី បានមកដើរលេងកម្សាន្ត មានចំនួន ៩៨៣,០៨០នាក់ (ភ្ញៀវទេសចរបរទេស ចំនួន៧,០៦៨នាក់)។ នៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី មានប្រជាពលរដ្ឋ មកពីគ្រប់ទិសទី បានមកដើរលេងកម្សាន្ត ១,៥៦៥,៣៦៧នាក់ (ភ្ញៀវទេសចរបរទេស ចំនួន១៧,៩៤០នាក់) និងសម្រាប់ថ្ងៃទី៣ មានចំនួន ១,៨២៧,៩៩០នាក់។
សូមបញ្ជាក់ដែរថា ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ៦ថ្ងៃ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាល ជូនមហាជនជាង២ពាន់នាក់ លើករណីស្រាលៗផ្សេងៗគ្នា។រយៈពេល៦ថ្ងៃ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំកម្លាំងមន្ត្រីសុខាភិបាល ប្រចាំការការពារសុខភាព ជូនមហាជន ចូលរួមលេងកម្សាន្តក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ក្នុងនោះបានពិនិត្យ និងព្យាបាលជំងឺស្រាលៗចំពោះករណីផ្សេងៗគ្នា បានចំនួន ២៣៧៩នាក់។
លោកស្រី ដោ សម្ផស្ស នាយិការរង និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឱ្យដឹងដែរថា ក្រៅពីការយកចិត្តទុកដាក់អំពីសន្តិសុខ សណ្តាប់ធ្នាប់ ព្រមទាំងសុវត្ថិភាព របៀបរៀបរយសាធារណៈ ជូនប្រជាពលរដ្ឋមកលេងកម្សាន្ត ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត ក៏ដូចជាអបអរសាទរឆ្នាំថ្មី ប្រពៃណីជាតិហើយនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានយកចិត្តទុកដាក់ចំពោះសុខមាលភាព ប្រជាពលរដ្ឋផងដែរ។ ជាក់ស្តែង ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ក្រោមការរៀបចំរបស់សហភាពសហព័ន្ធយុវជន កម្ពុជា (ស.ស.យ.ក.) និងរដ្ឋបាលរាជធានីភ្នំពេញ រួមនឹងការអបអរសាទរបុណ្យចូលឆ្នាំថ្មី ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ មានក្រុមប្រចាំការតង់សង្គ្រោះបឋម ចំនួន ១០កន្លែង (កម្លាំង ៥០នាក់/១ថ្ងៃ), ក្រុមរថយន្តយន្តគិលានសង្គ្រោះ ចំនួន ១២ក្រុម/១ថ្ងៃ (កម្លាំង ៣៦នាក់/១ថ្ងៃ), ក្រុមចល័តក្នុងហ្វូងមហាជន ចំនួន ២៦ក្រុម (កម្លាំង ៥២នាក់/១ថ្ងៃ) និងប៊ូតសង្គ្រោះបឋមចំនួន ចំនួន១កន្លែង/១ថ្ងៃ (អាកាសយានដ្ឋានពោធិ៍ចិនតុង) មានកម្លាំង ៣នាក់/១ថ្ងៃ និងគណៈកម្មការសម្របសម្រួល ចំនួន ៦៥នាក់/១ថ្ងៃ។
ចំពោះកម្លាំងក្រុមគ្រូពេទ្យប្រចាំការសរុបក្នុងមួយថ្ងៃចំនួន ១៩៤នាក់ ក្នុងនោះសរុបរួមកម្លាំងប្រចាំការ ក្នុងអំឡុងព្រឹត្តិការណ៍នគរសង្ក្រាន្ត មានចំនួន ១,៣២៨នាក់។ ជាមួយនឹងការប្រចាំការសង្គ្រោះនេះ មន្ទីរសុខាភិបាល បានផ្តល់សេវាជូនមហាជន ដែលបានមកទទួលសេវាពិនិត្យ ព្យាបាល និងសង្គ្រោះបឋម នៅតាមគោលដៅតង់សង្គ្រោះបន្ទាន់បឋម ក្នុងអំឡុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត មានចំនួន ២,៣៧៩នាក់ ដែលមានករណីផ្សេងៗ ដូចជា ករណីពិនិត្យ និងផ្តល់ឱសថសម្រាប់ព្យាបាលជំងឺ មានចំនួន ១,៨២៩នាក់, ករណីរបួសស្រាល បានធ្វើការលាងរបួស រុំបង់ និងផ្តល់ឱសថមានចំនួន ១៦២នាក់, ករណីខ្យល់ចាប់មានចំនួន ៨៨នាក់, ករណីផ្សេងៗដូចជារមួលក្រពើ គ្រិចផ្លោះ រមាស់ ឈឺធ្មេញមានចំនួន ២៣៦នាក់ និងករណីសង្គ្រោះបឋមមានចំនួន ៥៣នាក់, ករណីអ្នកជំងឺមានអាការៈមិនសូវល្អ ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ១១នាក់។
ទន្ទឹមនឹងនេះ ទាក់ទិននឹងសុខសុវត្ថិភាព ក្នុងអំឡុងពេលអបអរសាទរឆ្នាំថ្មីនេះ ក៏មានភាពល្អប្រសើរ ប្រជាពលរដ្ឋដើរលេងកម្សាន្ត ដោយភាពសប្បាយរីករាយ ពោលគឺ ពុំមានហេតុការណាមួយ បង្កជាគ្រោះថ្នាក់ធំដុំឡើយ៕