ព័ត៌មានអន្តរជាតិ

ទីក្រុងអ៊ីស្លាម៉ាបាដ ពង្រឹងសន្តិសុខសម្រាប់ការចរចាជុំទី២ រវាងអាម៉េរិក និងអ៊ីរ៉ង់

image


ប៉ាគីស្ថាន៖ រដ្ឋធានីអ៊ីស្លាម៉ាបាដនៃប្រទេសប៉ាគីស្ថាន កំពុងរៀបចំខ្លួនយ៉ាងមមាញឹកតាមរយៈការរឹតបន្តឹងសន្តិសុខ និងរៀបចំហដ្ឋារចនាសម្ព័ន្ធក្រុងបន្ថែម ដើម្បីទទួលធ្វើជាម្ចាស់ផ្ទះនៃការចរចាជុំទី២ រវាងមហាអំណាចអាម៉េរិក និងអ៊ីរ៉ង់។ អាជ្ញាធរប៉ាគីស្ថាន បានដាក់របាំងការពារ និងត្រួតពិនិត្យតាមផ្លូវសំខាន់ៗយ៉ាងតឹងរ៉ឹងបំផុត ដើម្បីធានាសុវត្ថិភាពដល់គណៈប្រតិភូអន្តរជាតិ ។

ប្រជាពលរដ្ឋប៉ាគីស្ថាន បានបង្ហាញមោទនភាព និងក្តីសង្ឃឹមយ៉ាងមុតមាំចំពោះតួនាទីរបស់ប្រទេសខ្លួន ក្នុងនាមជាអ្នកសម្របសម្រួលសន្តិភាពសកល។ ទោះបីជាមានការបិទផ្លូវ ឬប៉ះពាល់ដល់ការធ្វើដំណើរប្រចាំថ្ងៃខ្លះក៏ដោយ ក៏ពួកគេនៅតែគាំទ្រដល់រដ្ឋាភិបាលក្នុងកិច្ចការទូតដ៏សំខាន់នេះ ដោយសង្ឃឹមថា នឹងឃើញពិភពលោកវិលត្រឡប់មករកភាពស្ងប់ស្ងាត់វិញ ។

កិច្ចប្រឹងប្រែងរបស់ប៉ាគីស្ថាន និងប្រទេសក្នុងតំបន់ គឺដើម្បីទប់ស្កាត់កុំឱ្យជម្លោះរវាងទីក្រុងវ៉ាស៊ីនតោន និងតេហ៍រ៉ង់ ផ្ទុះឡើងជាសង្គ្រាមទ្រង់ទ្រាយធំ។ បន្ទាប់ពីការចរចាលើកដំបូងកាលពីដើមខែមេសាមិនទទួលបានលទ្ធផល ការចរចាជុំថ្មីដែលរំពឹងថានឹងកើតឡើងនៅដើមសប្ដាហ៍នេះនេះ ត្រូវបានគេចាត់ទុកថាជាឱកាសចុងក្រោយដើម្បីដោះស្រាយវិបត្តិថាមពល និងសន្តិសុខសមុទ្រ ។

មកទល់ពេលនេះ មិនទាន់មានការកំណត់ថ្ងៃចរចាច្បាស់លាស់នៅឡើយទេ ប៉ុន្តែសញ្ញានៃការរៀបចំនៅនឹងកន្លែងបានបង្ហាញថា ជំនួបនេះអាចនឹងកើតឡើងក្នុងពេលឆាប់ៗ។ ពិភពលោកទាំងមូលកំពុងរង់ចាំអ៊ុតមើលលទ្ធផលពីទីក្រុងអ៊ីស្លាម៉ាបាដ ព្រោះវាជាសោរដ៏សំខាន់ក្នុងការបញ្ឈប់ការបិទខ្ទប់ផ្លូវទឹក និងវិបត្តិសេដ្ឋកិច្ចដែលកំពុងញាំញីសកលលោក ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY’s video.