នាវាចម្បាំងអាម៉េរិកបាញ់ប្រហារ និងរឹបអូសនាវាដឹកទំនិញអ៊ីរ៉ង់នៅក្បែរច្រកសមុទ្រ Hormuz
អ៊ីរ៉ង់៖ ស្ថានភាពនៅច្រកសមុទ្រ ហ័រមូស (Hormuz) បានឡើងកម្ដៅខ្លាំងនៅដើមសប្ដាហ៍នេះ បន្ទាប់ពីនាវាចម្បាំងអាម៉េរិកបានបាញ់ប្រហារ និងរឹបអូសនាវាដឹកទំនិញរបស់អ៊ីរ៉ង់ឈ្មោះ ទូស្កា (Touska)។ សកម្មភាពយោធានេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងការបិទខ្ទប់សេដ្ឋកិច្ចលើអ៊ីរ៉ង់ បន្ទាប់ពីទីក្រុងតេហ៍រ៉ង់បានប្រកាសបិទផ្លូវទឹកដ៏សំខាន់នេះសារជាថ្មី ដែលជាការឆ្លើយតបទៅនឹងសម្ពាធពីសំណាក់ទីក្រុងវ៉ាស៊ីនតោន។
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសយ៉ាងច្បាស់ថា ការរឹបអូសនាវានេះ គឺជាការអនុវត្តច្បាប់ទណ្ឌកម្មរបស់អាម៉េរិក ដោយសារតែនាវានេះមានប្រវត្តិពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី។ អាម៉េរិក បញ្ជាក់ថា ខ្លួនបានផ្តល់ការព្រមានទុកជាមុនយ៉ាងសមរម្យដល់នាវិកអ៊ីរ៉ង់ ប៉ុន្តែដោយសារតែគ្មានការសហការ ទើបឈានដល់ការប្រើប្រាស់កម្លាំងបាយដើម្បីគ្រប់គ្រងនាវាទាំងស្រុងតែម្តង ។
ស្របពេលដែលមានការវាយប្រហារដាក់គ្នា ប៉ាគីស្ថានបានក្លាយជាក្តីសង្ឃឹមចុងក្រោយក្នុងការដោះស្រាយជម្លោះតាមផ្លូវការទូត។ ការរៀបចំសម្រាប់ការចរចាសន្តិភាពជុំទី២ កំពុងប្រព្រឹត្តទៅយ៉ាងមមាញឹកក្នុងទីក្រុងអ៊ីស្លាម៉ាបាដ បើទោះបីជាស្ថានភាពនៅលើសមរភូមិជាក់ស្តែង កំពុងបង្ហាញពីភាពផ្ទុយគ្នា និងការចោទប្រកាន់គ្នាទៅវិញទៅមកអំពីរឿងមិនគោរពបទឈប់បាញ់ក៏ដោយ ។
លទ្ធផលនៃការចរចានៅប៉ាគីស្ថានក្នុងពេលឆាប់ៗ នឹងក្លាយជាចំណុចរបត់ដ៏សំខាន់សម្រាប់ស្ថិរភាពក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល។ ពិភពលោកកំពុងតាមដានយ៉ាងដិតដល់ថា តើអាម៉េរិក និងអ៊ីរ៉ង់ អាចឈានដល់កិច្ចព្រមព្រៀងថ្មីណាមួយដើម្បីបញ្ឈប់សង្គ្រាមដែរឬទេ ខណៈដែលសកម្មភាពបាញ់បោះនៅតាមសមុទ្រ នៅតែបន្តរំខានដល់ផ្លូវដឹកជញ្ជូនថាមពលសកលយ៉ាងធ្ងន់ធ្ងរ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY’s video.