សេដ្ឋកិច្ច

ឧកញ៉ា អ៊ឹង វណ្ណម៉ៅ តំណាងអ្នកឧកញ៉ា គិត ម៉េង ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ៤៨រូប ចូលរួមពិព័រណ៍នាំចូល និងនាំចេញចិន លើកទី១៣៩ នៅទីក្រុងក្វាងចូវ

image

ប្រទេសចិន៖ ដោយទទួលបានការអនុញ្ញាតពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ឧកញ៉ា អ៊ឹង វណ្ណម៉ៅ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចំនួន ៤៨រូប ចូលរួមពិព័រណ៍នាំចូល និងនាំចេញចិន លើកទី ១៣៩ (Canton Fair 2026)។


ពិព័រណ៍នាំចូល និងនាំចេញចិនលើកទី១៣៩ ដែលត្រូវបានគេស្គាល់ឈ្មោះយ៉ាងទូលំទូលាយថា ជាពិព័រណ៍ Canton បានចាប់ផ្តើមដំណើរការពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងក្វាងចូវ។ នេះគឺជាពិព័រណ៍ពាណិជ្ជកម្មដ៏ធំ និងមានឥទ្ធិពលបំផុតមួយរបស់ពិភពលោក។ ព្រឹត្តិការណ៍នេះ ដំណើរការជាបីដំណាក់កាលរហូតដល់ថ្ងៃទី៥ ខែឧសភា ដោយប្រមូលផ្តុំអ្នកតាំងពិព័រណ៍ និងអ្នកទិញអន្តរជាតិរាប់ម៉ឺននាក់។


ពិព័រណ៍ប្រចាំឆ្នាំនេះ ប្រារព្ធឡើងនាសាលសន្និបាត និងពិព័រណ៌នាំចូល និងនាំចេញចិន លើទលានទំហំប្រហែលជាង ១លាន ៥សែនម៉ែត្រការ៉េ និងមានអ្នកតាំងពិព័រណ៍ជាង ៣២,000 នាក់។ អ្នករៀបចំកម្មវិធីនិយាយថា ព្រឹត្តិការណ៍នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ប្រទេសចិនក្នុងការពង្រីកទំនាក់ទំនងពាណិជ្ជកម្មសកល និងបង្ហាញពីនវានុវត្តន៍ឧស្សាហកម្ម។


ពិព័រណ៍នេះ ត្រូវបានបែងចែកជាបីដំណាក់កាល ដែលក្នុងនោះ ដំណាក់កាលទី១នេះ ផ្តោតលើវិស័យសំខាន់ៗ ដូចជាពាណិជ្ជកម្ម កសិកម្ម គ្រឿងចក្រ យានយន្ត ផលិតកម្មឧស្សាហកម្ម ភ្លើងបំភ្លឺ និងផលិតផលអគ្គិសនី។
ពិព័រណ៌នេះ ជាវេទិការផ្តល់ឱកាសឱ្យអ្នកទិញ ជួបដោយផ្ទាល់ជាមួយអ្នកផ្គត់ផ្គង់លើវិស័យឧស្សាហកម្មជាច្រើន។


ចំណុចសំខាន់មួយនៃពិព័រណ៍លើកទី១៣៩ គឺការសង្កត់ធ្ងន់លើបច្ចេកវិទ្យាថ្មីៗ និងការអភិវឌ្ឍប្រកបដោយចីរភាព។ អ្នកចូលរួមតាំងពិព័រណ៍ បង្ហាញពីការរីកចម្រើនក្នុងវិស័យបច្ចេកវិទ្យាចល័តឆ្លាតវៃ ដំណោះស្រាយថាមពលកកើតឡើងវិញ ស្វ័យប្រវត្តិកម្មឧស្សាហកម្ម និងទំនិញប្រើប្រាស់ដែលមានគុណភាពខ្ពស់។


អ្នកសង្កេតការណ៍ឧស្សាហកម្ម កត់សម្គាល់ថា វិស័យទាំងនេះឆ្លុះបញ្ចាំងពីនិន្នាការសកលកាន់តែទូលំទូលាយ ជាពិសេសការផ្លាស់ប្តូរឆ្ពោះទៅរកផលិតកម្មបៃតង និងការផ្លាស់ប្តូរឌីជីថល។


សូមបញ្ជាក់ថា ពិព័រណ៍ Canton បានចាប់ផ្តើមជាលើកដំបូងនៅឆ្នាំ១៩៥៧ រៀបចំដោយក្រសួងពាណិជ្ជកម្មចិន និងរដ្ឋបាលខេត្ត Guangdong និងសហការរៀបចំដោយមជ្ឈមណ្ឌលចិនសម្រាប់ពាណិជ្ជកម្មបរទេស។ វាត្រូវបានរៀបចំឡើងពីរដងក្នុងមួយឆ្នាំនៅទីក្រុងក្វាងចូវ ហើយត្រូវបានចាត់ទុកយ៉ាងទូលំទូលាយថា ជាបារ៉ូម៉ែត្រនៃការអនុវត្តពាណិជ្ជកម្មបរទេសរបស់ប្រទេសចិន។
ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ពិព័រណ៍នេះ បានភ្ជាប់អាជីវកម្មមកពីប្រទេស និងតំបន់ជាង ២២០ ដោយសម្រួលដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានតម្លៃជាង ១.៥ពាន់ពាន់លានដុល្លារ។ កាលពីពិព័រណ៍លើកទី១៣៨ បានទាក់ទាញអ្នកទិញនៅបរទេសជាង ៣០០,០០ នាក់។


ខណៈពេលដែលពាណិជ្ជកម្មពិភពលោកបន្តវិវត្តន៍ក្នុងចំណោមភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច ពិព័រណ៍ Canton លើកទី ១៣៩ ត្រូវបានគេរំពឹងថា នឹងបម្រើជាវេទិកាសំខាន់សម្រាប់ការផ្គូផ្គងអាជីវកម្ម ការផ្លាស់ប្តូរនវានុវត្តន៍ និងការពង្រឹងភាពជាដៃគូសេដ្ឋកិច្ចនៅទូទាំងពិភពលោក។


ដំណើរទស្សនកិច្ចពាណិជ្ជកម្មរបស់ប្រតិភូសភាពាណិជ្ជកម្មនៅទីក្រុងក្វាងចូវនេះ ជាការឆ្លុះបញ្ចាំងពីទស្សនវិស័យរបស់សភាពាណិជ្ជកម្មកម្ពុជា ក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា គិត ម៉េង ជាប្រធាន ដែលតែងតែណែនាំ និងចង្អុលបង្ហាញ ឱ្យធ្វើការយ៉ាងសកម្មជាមួយដៃគូ និងអង្គភាពអន្ដរជាតិនានា ដើម្បីពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទៅកាន់ប្រទេសនានាទាំងក្នុងតំបន់ និងអន្តរជាតិ៕