មានភ្ញៀវជាតិ និងអន្តរជាតិ ជាង១លាន ៥សែននាក់ បានដើរលេងនៅថ្ងៃទី៥នៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ
ភ្នំពេញ៖ នៅថ្ងៃទី៥នៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នាឱកាសបុណ្យចូលឆ្នាំថ្មី នៅរាជធានីភ្នំពេញ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ មានភ្ញៀវជាតិ និងអន្តរជាតិរួមទាំងប្រជាពលរដ្ឋមកពីគ្រប់ទិសទីចូលរួមអបអរសាទរ ជាង១លាន ៥សែននាក់ ទោះបីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានបញ្ចាប់ទៅ២ថ្ងៃហើយក៏ដោយ។ នេះតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយិការរងនិងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។
លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា នៅថ្ងៃទី៥នៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត »នៅរាជធានីភ្នំពេញមានភ្ញៀវជាតិ និងអន្តរជាតិចូលរួមអបអរសាទរ ចំនួន១៥៥៧២៥០នាក់ ក្នុងនោះមានប្រជាពលរដ្ឋដើរលេងកម្សាន្ត ចំនួន១៥៥១១៥០នាក់ និងទេសចរបរទេសចំនួន ៦១០០នាក់ (ដោយគិតត្រឹមម៉ោង១៩និង០០នាទី)។
គួរបញ្ជាក់ថា សម្រាប់ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីនេះ មានប្រជាពលរដ្ឋមកពីគ្រប់ទិសទី បានមកដើរលេងកម្សាន្ត មានចំនួន ៩៨៣,០៨០នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ចំនួន៧,០៦៨នាក់។ នៅថ្ងៃទី២ មានបងប្អូនប្រជាពលរដ្ឋ មកដើរលេងកម្សាន្ត ១,៥៦៥,៣៦៧នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ចំនួន១៧,៩៤០នាក់។ ថ្ងៃទី៣ មានចំនួន១,៨២៧,៩៩០នាក់ និងនៅថ្ងៃទី៤ មានចំនួន១៣៨៤៥១១នាក់ ក្នុងនោះប្រជាពលរដ្ឋមកដើរលេងកម្សាន្តចំនួ ១៣៧៤៧២០នាក់ និងទេសចរបរទេស ៩៧៩១នាក់។
ពាក់ព័ន្ធនឹងសុខសុវត្ថិភាព ក្នុងអំឡុងពេលអបអរសាទរឆ្នាំថ្មីនេះ មានភាពល្អប្រសើរ ប្រជាពលរដ្ឋដើរលេងកម្សាន្តដោយភាពសប្បាយរីករាយ ក្រោមម្លប់សន្តិភាព និងប្រកបដោយសុខសុវត្ថិភាព ពោលគឺ ពុំមានហេតុការណាមួយ បង្កជាគ្រោះថ្នាក់ធំដុំឡើយ។
សូមបញ្ជាក់ថា ឆ្នាំនេះព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ត្រូវបានរៀបចំឡើងរយៈពេល៦ថ្ងៃនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងរដ្ឋបាលរាជធានីភ្នំពេញ ដែលគិតមកដល់ពេលនេះ បានឈានដល់ថ្ងៃទី៦ ហើយគឺជាថ្ងៃចុងក្រោយ។ ប្រជាពលរដ្ឋអាចបន្តមកលេងកម្សាន្តឱ្យបានច្រើនកុះករបន្ថែមទៀតនៅថ្ងៃបញ្ចប់នេះ៕