សូមប្រយ័ត្ន! ភ្លៀង លាយឡំខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាតផ្ទះ៣៥ខ្នង និងរបួសមនុស្ស៦នាក់ នៅខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្តាលឲ្យផ្ទះរបស់ប្រជាពលរដ្ឋ ៣៥ខ្នង នៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ដួលរលំខូចខាតទាំងស្រុង និងមួយចំនួនប៉ើងរបើកដំបូល។ ករណីគ្រោះធម្មជាតិនេះ ក៏បណ្តាលឲ្យមនុស្ស ៦នាក់ រងរបួសផងដែរ នៅវេលាម៉ោង ១១:៣០នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦។
យោងតាមការឱ្យដឹងពីមន្ត្រីអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា មានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់បានបោកបក់យ៉ាងខ្លាំងមកប៉ះចំផ្ទះរបស់ប្រជាពលរដ្ឋ ៣ភូមិ ក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ក្នុងនោះភូមិពាមខ្នង បណ្តាលឲ្យផ្ទះ៦ខ្នងដួលរលំខូចខាតទាំងស្រុង និង១៥ខ្នងប៉ើងរបើកដំបូល។ ចំណែកភូមិថ្នល់ឈើទាលប៉ើងរបើកដំបូល១៣ខ្នង និងភូមិស្លត ប៉ើងរបើកដំបូល១ខ្នង។
នៅក្នុងហេតុការណ៍គ្រោះធម្មជាតិនេះ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន ៣៥ខ្នង បានដួលរលំខូចខាតទាំងស្រុង ប៉ើងរបើកដំបូល និងមនុស្សចំនួន៦នាក់ បានរងរបួស ត្រូវបានក្រុមគ្រួសារ និងមន្ត្រីអាជ្ញាធរមូលដ្ឋានបញ្ជូនមកព្យាបាលនៅមណ្ឌលសុខភាពផ្លូវទូក និងមណ្ឌលសុខភាពកំពង់ហៅ ស្រុកកំពង់លែង៕