លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ជួយថវិកា ១០លានរៀលដល់តារាសម្តែងលោក ខុង ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍
ភ្នំពេញ៖ បន្ទាប់ពីទទួលបានដំណឹងតារាសម្តែង និងជាអ្នកដឹកនាំរឿងលោក សារ៉ែន ហៅ ខុង ជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់ ដែលបណ្តាលឱ្យកូនស្រីរបស់លោកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯលោក ខុង កំពុងរងរបួសធ្ងន់បាក់ជើង និងផុងលលាក្បាលមានឈាមកកក្នុងខួរក្បាល ដែលត្រូវការការវះកាត់បន្ទាន់នោះ, លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានប្រកាសឧបត្ថម្ភថវិកាចំនួន ១០លានរៀល ដើម្បីជួយសម្រួលដល់ការធ្វើបុណ្យកូនស្រី និងការព្យាបាលលោក សារ៉ែន ហៅ ខុង។
គួរបញ្ជាក់ផងដែរថា ថវិកាចំនួន ១០លានរៀលនេះ ៣លានរៀលជាថវិការបស់សមាគមសិល្បករខ្មែរ រីឯថវិកាចំនួន ៧លានរៀលទៀត ជាថវិកាផ្ទាល់ខ្លួនរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង។ ដោយឡែកប្រសិនបើ ការព្យាបាលលោក ខុង ត្រូវការឈាមច្រើននោះ សមាគមសិល្បករខ្មែរ ក៏មានមូលនិធិឈាមរបស់សមាគមអាចជួយដល់លោក ខុង ក្នុងការព្យាបាលផងដែរ។
ទន្ទឹមនឹងគ្នានោះ តាងនាមសមាគមសិល្បករខ្មែរ ក៏សូមចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់ដ៏ធំធេងរបស់គ្រួសារលោក សារ៉ែន ហៅ ខុង ផងដែរ៕