លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ សូមក្រាបបង្គំទូលថ្វាយព្រះពរព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា
ភ្នំពេញ៖ ក្នុងនាមសមាគមសិល្បករខ្មែរ ព្រមទាំងក្នុងនាមទូលព្រះបង្គំខ្ញុំម្ចាស់ផ្ទាល់ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង និងអ្នកឧកញ៉ា គិត ម៉េង ព្រមទាំងក្រុមគ្រួសារ ទូលព្រះបង្គំខ្ញុំម្ចាស់ សូមសម្តែងនូវក្តីបារម្ភឥតឧបមា ក្រោយពីទទួលព័ត៌មានថា ព្រះរោគមហារីកក្រពេញប្រូស្តាត (prostate cancer) របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គទទួលការព្យាបាលដោយ ការវះកាត់តាមវេជ្ជបញ្ជា នៅសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦នេះ។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាប្រជានុរាស្ត្ររបស់ព្រះអង្គ សូមឧទ្ទិសបុណ្យកុសលទាំងឡាយ និងកម្លាំងចិត្ត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ឱ្យឆ្លងកាត់ការវះកាត់ដោយជោគជ័យ ព្រមទាំង មានទំនុកចិត្តយ៉ាងមុតមាំថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដាន ត្រួតពិនិត្យ និងព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យឯក ទេស និងជំនាញៗ នៃសាធារណរដ្ឋប្រជាមានិតចិន ព្រះអង្គនឹងបានជាសះស្បើយពីព្រះរោគជាក់ជាពុំខាន។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីអតីតព្រះមហាវីរក្សត្រ ព្រះមហាក្សត្រ និងព្រះមហាក្សត្រិយានីគ្រប់ ព្រះអង្គ ជាទីគោរពសក្ការៈ សូមព្រះរាជមេត្តាអភិបាលថែរក្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ឱ្យបានជាសះស្បើយពី ព្រះរោគ ព្រមទាំងមានព្រះរាជសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ដើម្បីយាងនិវត្តន៍ បន្តគង់ប្រថាប់ក្នុងព្រះបរមរាជសម្បត្តិ ជា ម្លប់ដ៏ត្រជាក់ត្រជំរបស់មាតុភូមិកម្ពុជា និងប្រជានុរាស្ត្រខ្មែរគ្រប់រូប ជាដរាបតទៅ។
សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះរាជមេត្តាប្រោសទទួលនូវអភិវន្ទនកិច្ច ភក្តីភាព និងការគោរពដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំទាំងអស់គ្នា៕