ព័ត៌មានជាតិ

ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅភ្នំពេញ រយៈពេល ៤ថ្ងៃ ទាក់ទាញភ្ញៀវជាង ៥,៧លាននាក់

image


ភ្នំពេញ៖ ក្នុងរយៈពេល ៤ថ្ងៃ នៃការរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋមកពីគ្រប់ទិសទី ចូលរួមអបអរសាទរ និងកម្សាន្តយ៉ាងច្រើនកុះករ សរុបប្រមាណជាង ៥,៧លាននាក់។


លោកស្រី ដោ សម្ផស្ស នាយិការរង និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងរយៈពេល ៣ថ្ងៃដំបូង នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅទូទាំងរាជធានី មានភ្ញៀវជាតិ និងអន្តរជាតិ រួមទាំងប្រជាពលរដ្ឋមកពីគ្រប់ទិសទីមកកម្សាន្តសរុបជាង ៤,៣លាននាក់ ដោយបរិយាកាសពោរពេញដោយភាពសប្បាយរីករាយ សាមគ្គីភាព និងសុខសុវត្ថិភាព។


យោងតាមរបាយការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សម្រាប់ថ្ងៃទី១ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត មានប្រជាពលរដ្ឋ មកពីគ្រប់ទិសទី បានមកដើរលេងកម្សាន្ត មានចំនួន៩៨ម៉ឺននាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ចំនួន ៧.០៦៨នាក់ នៅថ្ងៃទី២ មានប្រជាពលរដ្ឋ មកពីគ្រប់ទិសទី បានមកដើរលេងកម្សាន្ត ១,៥៦លាននាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ចំនួន ១៧.៩៤០នាក់, សម្រាប់ថ្ងៃទី៣ មានចំនួន ១,៨២លាននាក់ និងថ្ងៃទី ៤ មានប្រជាពលរដ្ឋ មកពីគ្រប់ទិសទី បានមកដើរលេងកម្សាន្ត ១,៣៧លាននាក់ និងភ្ញៀវទេសចរបរទេស មានចំនួន ៩.៧៩១នាក់។


ទាក់ទិននឹងស្ថានភាពសន្តិសុខ លោកស្រីអ្នកនាំពាក្យ បានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ប្រព្រឹត្តទៅយ៉ាងរលូន ដោយប្រជាពលរដ្ឋអាចកម្សាន្តបានយ៉ាងសប្បាយរីករាយ ក្រោមបរិយាកាសសន្តិភាព និងសុវត្ថិភាពខ្ពស់ មិនមានហេតុការណ៍ធ្ងន់ធ្ងរណាមួយកើតឡើងឡើយ។


គួរបញ្ជាក់ថា ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ឆ្នាំ២០២៦ ត្រូវបានរៀបចំរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា នៅរាជធានីភ្នំពេញ ដោយសហការរវាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងរដ្ឋបាលរាជធានីភ្នំពេញ៕