ពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ នៅបន្តដើរលេងកម្សាន្តរមណីយដ្ឋានទេសចរណ៍កំពីងពួយ ទោះបីជាពិធីបុណ្យចូលឆ្នាំត្រូវបានបិទបញ្ចប់ក៏ដោយ
បាត់ដំបង៖ បើទោះបីជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ត្រូវបានបិទបញ្ចប់ទៅហើយក៏ដោយ តែភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋមកពីគ្រប់ទិសទី នៅតែបន្តការដើរលេងកម្សាន្តនៅរមណីយដ្ឋានទេសចរណ៍កំពីងពួយ ដែលមានទីតាំងស្ថិតក្នុងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ប្រកបដោយភាពសប្បាយរីករាយនៅឡើយ។
តាមការសាកសួរព័ត៌មានពីអ្នកផ្តល់សេវាលក់ម្ហូបអាហារនៅតំបន់រមណីដ្ឋានកំពីងពួយ បានបញ្ជាក់ថា តាំងពីវេលាថ្ងៃត្រង់ រហូតដល់ពេលព្រលប់ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ នេះ មានអ្នកទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋមកពីគ្រប់ទិសទី បានមកលេងកម្សាន្តនៅទីនេះយ៉ាងច្រើនកុះករ បើទោះបីជាថ្ងៃនេះបានឆ្លងផុតពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរក៏ដោយ ក៏ភ្ញៀវទេសចរ និងប្រជាពលរដ្ឋបានមកលេងកម្សាន្តយ៉ាងសប្បាយរីករាយដូចថ្ងៃបុណ្យចូលឆ្នាំដែរ។
ពួកគាត់បានឱ្យដឹងដែរថា ការដែលអ្នកទេសចរមកលេងរមណីយដ្ឋានកំពីងពួយ បានច្រើនបែបនេះ បានធ្វើឱ្យអ្នកលក់ម្ហូបអាហារ មានការលក់ដាច់ច្រើន អាចបង្កើននូវប្រាក់ចំណូលក្នុងគ្រួសារ និងបង្កើននូវជីវភាពរស់នៅបានមួយផ្នែកផងដែរ។ ពួកគាត់ បានឱ្យដឹងថា ម្ហូបសំខាន់ៗនៅទីនេះមានច្រើនមុខសម្រាប់លក់ជូន ដូចជាមាន់ដុត ត្រី សាច់គោ សាច់ជ្រូក សម្រាប់ឆារ ស្ងោរ តាមតម្រូវការចង់បានរបស់ភ្ញៀវ។
ដោយឡែក លោក ជា សំបូរ មកពីស្រុកបវេល បានឱ្យដឹងថា លោកបាននាំក្រុមគ្រួសារជិត២០នាក់ មកលេងតំបន់រមណីយដ្ឋានកំពីងពួយនេះ ដើម្បីបានងូតទឹកលេងនៅមុខទ្វារទឹក ដែលត្រូវបានមន្ត្រីជំនាញបើកបង្ហើបទ្វារទឹក ដើម្បីឱ្យពួកគាត់ និងប្រជាពលរដ្ឋ ក៏ដូចជាអ្នកទេសចរផ្សេងទៀតបានងូតទឹកលេងយ៉ាងសប្បាយរីករាយ។
ចំពោះលោក ឈឿម សេរីរ៉ាវ័ន្ត មកពីក្រុងបាត់ដំបង បានរៀបរាប់ដែរថា ការដែលលោក បាននាំក្រុមគ្រួសារមកដល់រមណីយដ្ឋានកំពីងពួយនាពេលនេះ គោលបំណងសំខាន់គឺចង់ងូតទឹកលេង ក្រៅពីនេះចង់គយគន់ទេសភាពលើផ្ទៃអាងកំពីងពួយ ដែលមានភាពស្រស់ស្អាត ជាពិសេសពេលព្រះអាទិត្យរៀបអស្តង្គត នៅទិសខាងលិចនៃអាងកំពីងពួយ ដែលមានភាពស្រស់ស្អាតផងដែរ ដោយសារតែព្រះអាទិត្យរៀបលិចនៅគងលើកំពូលភ្នំ ចោលពន្លឺក្រហមស្រទន់ រួមជាមួយនឹងខ្យល់បក់យ៉ាងត្រជាក់ស្រួលនារដូវប្រាំងនេះ រឹតតែធ្វើឱ្យបរិយាកាសនៃការគយគន់មើលថ្ងៃលិច និងមើលផ្ទៃទឹកក្នុងអាងកំពីងពួយ កាន់តែស្អាត ពិសេសធ្វើឱ្យការពិសាអាហារពេលល្ងាច កាន់តែឆ្ងាញ់ថែមទៀតផងដែរ។
យ៉ាងណាក៏លោក បានបង្ហាញនូវអារម្មណ៍របស់ខ្លួនថា មិនចង់ឱ្យឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើងកន្លងហួសដោយលឿនបែបនេះទេ គឺចង់ឱ្យនៅយូរជាងនេះទៀត តែមិនអាចទាញពេលវេលាឱ្យដើរថយក្រោយបាននោះដែរ ហើយលោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចភ្ញៀវទេសចរជាតិ អន្តរជាតិ សូមកុំភ្លេចមកលេងកម្សាន្តនៅរមណីយដ្ឋានកំពីងពួយ ឱ្យបានច្រើនថែមទៀត ជាពិសេសថ្ងៃឈប់សម្រាកសៅរ៍ អាទិត្យជាដើម ដើម្បីលើកកម្ពស់វិស័យទេសចរណ៍របស់ជាតិឱ្យកាន់តែមានការរីកចម្រើនថែមទៀត។
សូមបញ្ជាក់ថា កំពីងពួយគឺជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិប្រវត្តិសាស្ត្រមួយដ៏សំខាន់របស់ខេត្តបាត់ដំបង ដែលមានទីតាំងស្ថិតក្នុងឃុំតាគ្រាម ស្រុកបាណន់។ រមណីយដ្ឋានកំពីងពួយ ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំ មានភ្ញៀវទេសចរទៅលេងច្រើនគួរឱ្យកត់សម្គាល់ ខណៈកាលពីឆ្នាំមុនបញ្ហាផ្លូវមិនទាន់ធ្វើរួចរាល់ ទឹកក៏មិនសូវបានស្អាតល្អ ការរៀបចំសណ្តាប់ធ្នាប់ក៏មិនទាន់បានល្អដែរ តែសម្រាប់ឆ្នាំនេះ ក្រោមការចង្អុលបង្ហាញពីឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានរៀបចំជាគណៈកម្មការចំពោះកិច្ចបានល្អ ទាំងអនាម័យបរិស្ថាន និងសន្តិសុខសណ្តាប់ធ្នាប់បានល្អប្រសើរ ទើបធ្វើឱ្យភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋមកពីគ្រប់ទិសទី បានទៅលេងច្រើនជាពិសេសក្នុងពិធីបុណ្យចូលឆ្នាំកន្លងមកថ្មីៗនេះ៕
អត្ថបទ៖ គួយ គឹមស៊ន