ព័ត៌មានអន្តរជាតិ

មន្ត្រីយោធាជាន់ខ្ពស់អាម៉េរិក បញ្ជាក់ថា អាម៉េរិកបិទខ្ទប់តែតំបន់ឆ្នេរអ៊ីរ៉ង់ប៉ុណ្ណោះ មិនមែនបិទច្រកសមុទ្រហ័រមូសទាំងស្រុងនោះទេ

image


សហរដ្ឋអាម៉េរិក៖ កងទ័ពសហរដ្ឋអាម៉េរិក បានចាប់ផ្ដើមអនុវត្តវិធានការបិទខ្ទប់ផ្លូវទឹកយ៉ាងតឹងរ៉ឹងប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ចាប់តាំងពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ មក។ ប្រតិបត្តិការនេះផ្តោតសំខាន់ទៅលើការទប់ស្កាត់រាល់នាវាដឹកជញ្ជូនទាំងអស់ ដែលព្យាយាមចេញចូលកំពង់ផែ និងតំបន់ឆ្នេររបស់អ៊ីរ៉ង់ ដើម្បីកាត់ផ្ដាច់ការដោះដូរពាណិជ្ជកម្ម និងការគាំទ្រផ្នែកសម្ភារៈសឹក ។

មេបញ្ជាការកងកម្លាំងចម្រុះអាម៉េរិក លោក ដេន ឃែន (Dan Caine) សង្កត់ធ្ងន់ថា នេះមិនមែនជាការបិទទាំងស្រុងចំពោះច្រកសមុទ្រ ហ័រមូស (Hormuz) ដែលជាផ្លូវនាវាចរណ៍អន្តរជាតិឡើយ ប៉ុន្តែវាគឺជាការឡោមព័ទ្ធឆ្នេរសមុទ្រអ៊ីរ៉ង់តែប៉ុណ្ណោះ។ ក្នុងនោះ កងទ័ពអាម៉េរិកកំពុងតាមដានយ៉ាងសកម្មចំពោះ «នាវាងងឹត» ដែលរកស៊ីដឹកប្រេងខុសច្បាប់ ដើម្បីគេចពីទណ្ឌកម្មអន្តរជាតិផងដែរ ។

ក្នុងកិច្ចប្រតិបត្តិការនេះ អាម៉េរិកបានប្រើប្រាស់កម្លាំងទ័ពសរុបជាងមួយម៉ឺននាក់ រួមជាមួយនាវាចម្បាំង និងយន្តហោះស៊ើបការណ៍ទំនើបៗ ដើម្បីតាមដានរាល់ចលនារបស់នាវាគោលដៅក្នុងពេលជាក់ស្តែង (live)។ នាវាដែលបំពាននឹងត្រូវទទួលការព្រមានយ៉ាងខ្លាំងក្លា ហើយអាចនឹងត្រូវកងទ័ពឡើងត្រួតពិនិត្យ ឬប្រើប្រាស់អាវុធ ប្រសិនបើមិនព្រមអនុវត្តតាមបញ្ជា ។

ជាលទ្ធផលក្នុងរយៈពេលប៉ុន្មានថ្ងៃដំបូង នាវាចំនួន ១៣ គ្រឿងបានយល់ព្រមបង្វែរក្បាលត្រឡប់ក្រោយវិញតាមការព្រមាន ដែលបង្ហាញពីប្រសិទ្ធភាពនៃសម្ពាធយោធារបស់អាម៉េរិក។ ទោះជាយ៉ាងណាក៏ដោយ អាមេរិកនៅតែបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមខ្លួនប្រើប្រាស់វិធានការខ្លាំងជាងនេះ ប្រសិនបើស្ថានការណ៍ប្រែប្រួល ឬមានការតបតណាមួយពីភាគីអ៊ីរ៉ង់ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Marine Traffic