ព័ត៌មានអន្តរជាតិ

អាម៉េរិក ប្ដេជ្ញាបិទខ្ទប់ផ្លូវទឹកអ៊ីរ៉ង់ឱ្យបានយូរបំផុត និងដាស់តឿនអ៊ីរ៉ង់ឱ្យជ្រើសរើសជម្រើសឆ្លាតវៃ

image


សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការពារជាតិអាម៉េរិកលោក ផេត ហេកសេត (Pete Hegseth) កាលពីថ្ងៃព្រហស្បតិ៍ បានផ្ញើសារព្រមានទៅកាន់រដ្ឋាភិបាលអ៊ីរ៉ង់ ដោយដាស់តឿនឱ្យ «ជ្រើសរើសនូវជម្រើសឆ្លាតវៃ» ឬពិចារណាឡើងវិញអំពីសកម្មភាពរបស់ខ្លួន ដោយអាម៉េរិកប្តេជ្ញាចិត្តបន្តបិទខ្ទប់ផ្លូវទឹកប្រឆាំងនឹងអ៊ីរ៉ង់ក្នុងរយៈពេលវែងបំផុតតាមដែលអាចធ្វើទៅបាន រហូតទាល់តែសម្រេចបាននូវគោលដៅសន្តិសុខដែលខ្លួនចង់បាន ។

លោក ហេកសេត (Hegseth) បានបដិសេធចំពោះការអះអាងរបស់អ៊ីរ៉ង់ ដែលថាអ៊ីរ៉ង់ខ្លួនឯងជាអ្នកគ្រប់គ្រងច្រកសមុទ្រ ហ័រមូស (Hormuz)។ លោកវាយតម្លៃថា សកម្មភាពគំរាមកំហែងរបស់អ៊ីរ៉ង់ទៅលើនាវាដឹកទំនិញអន្តរជាតិ មិនមែនជាការប្រើអំណាចគ្រប់គ្រងដែនទឹកតាមច្បាប់ឡើយ ប៉ុន្តែវាគឺជាសកម្មភាពភេរវកម្ម និងអំពើចោរសមុទ្រដែលមិនអាចទទួលយកបាន ។

សហរដ្ឋអាម៉េរិក បានទុកជម្រើសពីរឱ្យអ៊ីរ៉ង់ គឺការជ្រើសរើសផ្លូវការទូតដើម្បីនាំមកនូវភាពរុងរឿងដល់ប្រជាជនខ្លួន ឬបន្តប្រឈមមុខនឹងការបិទខ្ទប់សេដ្ឋកិច្ច និងសម្ពាធយោធាពីអន្តរជាតិ។ សារទាំងនេះ គឺជាការដាក់សម្ពាធឱ្យរបបថ្មីរបស់អ៊ីរ៉ង់ ធ្វើការសម្រេចចិត្តឱ្យបានម៉ត់ចត់បំផុត ចំពោះអនាគតប្រទេសជាតិ ។

ភាពតានតឹងនេះ បានកើតឡើងចំពេលដែលកិច្ចព្រមព្រៀងបទឈប់បាញ់បណ្តោះអាសន្នជិតដល់ថ្ងៃផុតកំណត់ ខណៈការចរចាស្វែងរកសន្តិភាពមិនទាន់មានលទ្ធផលផ្លែផ្កាឡើយ។ ការបិទខ្ទប់កំពង់ផែ បានក្លាយជាយុទ្ធសាស្ត្រស្នូលរបស់អាម៉េរិក ក្នុងការបង្ខំឱ្យអ៊ីរ៉ង់ចូលតុចរចា និងស្វែងរកដំណោះស្រាយនយោបាយជាជាងការប្រើប្រាស់កម្លាំងបាយ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY​ | រូបភាព៖ VIORY/ Marine Traffic