កាន់តែទំនើប! ចិនរចនាមនុស្សយន្តដែលអាចជំនួសមនុស្សក្នុងការងារបច្ចេកទេសលើខ្សែបណ្ដាញអគ្គិសនី ដើម្បីកាត់បន្ថយគ្រោះថ្នាក់
ចិន៖ ក្រុមហ៊ុនអគ្គិសនី គ័ងទុង ផៅវ័រ គ្រីដ (Guangdong Power Grid) របស់ចិន កាលពីពេលថ្មីៗនេះ បានសម្រេចជោគជ័យក្នុងការអភិវឌ្ឍរ៉ូបូត(មនុស្សយន្ត) ជំនាន់ថ្មី ដែលមានសមត្ថភាពធ្វើការងារជំនួសមនុស្សក្នុងឧស្សាហកម្មថាមពល។ ការធ្វើតេស្តផ្តោតលើការធ្វើឱ្យរ៉ូបូតមានចលនារលូន និងច្បាស់លាស់បំផុត ដោយប្រើបច្ចេកវិទ្យាចាប់យកចលនាពីខ្លួនមនុស្សផ្ទាល់ និងការបញ្ជាពីចម្ងាយដ៏ទំនើប ។
ភាពលេចធ្លោនៃបច្ចេកវិទ្យានេះ គឺការប្រើប្រាស់ស្រោមដៃឆ្លាតវៃដើម្បីបង្រៀនរ៉ូបូតឱ្យចេះប្រើប្រាស់កម្លាំងដៃក្នុងកម្រិតសមស្រប សម្រាប់ការចាប់កាន់គ្រឿងបំណែកតូចៗ។ បន្ថែមពីនេះ រ៉ូបូតដែលមានរូបរាងផ្សេងៗត្រូវបានដាក់ឱ្យសាកល្បងនៅលើភូមិសាស្ត្រលំបាកៗ ដូចជា ផ្លូវក្រួស និងវាលស្មៅ ដើម្បីពង្រឹងសមត្ថភាពបត់បែន និងដោះស្រាយបញ្ហាដែលកើតឡើងនៅនឹងកន្លែងផ្ទាល់ ឬនៅចំណុចគោលដៅជាក់ស្តែងឱ្យកាន់តែមានប្រសិទ្ធភាព ។
ក្នុងការងារបច្ចេកទេសលើខ្សែបណ្តាញអគ្គិសនី រ៉ូបូតដៃពីរអាចធ្វើការងារដែលត្រូវការភាពផ្ចិតផ្ចង់ខ្ពស់បានយ៉ាងល្អ ដែលជួយឱ្យបុគ្គលិកអាចបញ្ជាការងារគ្រោះថ្នាក់ពីលើដី ឬពីចម្ងាយបានដោយសុវត្ថិភាព។ បច្ចេកវិទ្យានេះ ត្រូវគេប្រៀបធៀបថាមានភាពសុក្រឹតខ្ពស់ មិនចាញ់ការងារប្រើដៃដោយមនុស្សផ្ទាល់នោះឡើយ ឬសូម្បីតែការងារដែលស្មុគស្មាញបំផុត ។
បច្ចុប្បន្ន រ៉ូបូត និងឧបករណ៍ឆ្លាតវៃរាប់រយគ្រឿងបានក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជួយសម្រាលការងារដែលមានហានិភ័យខ្ពស់ក្នុងតំបន់តង់ស្យុងខ្លាំង។ ការប្រើប្រាស់ «បុគ្គលិកឌីជីថល» ទាំងនេះ មិនត្រឹមតែបង្កើនសុវត្ថិភាពដល់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យការថែទាំប្រព័ន្ធអគ្គិសនីនៅតំបន់ដាច់ស្រយាលមានភាពងាយស្រួល និងឆាប់រហ័សជាងមុនមួយកម្រិតទៀត ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.