សង្គម

ជំនឿនៃការស្រង់ព្រះ នៅថ្ងៃឡើងស័ក ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

image


បាត់ដំបង ៖ ប្រជាពលរដ្ឋខ្មែរជាពុទ្ធមាមកជនអ្នកកាន់ពុទ្ធសាសនា តែងតែមានជំនឿទៅលើការស្រង់ព្រះ ដែលជាពិធីមួយក្នុងចំណោមពិធីជាច្រើនទៀតនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គឺពិតជាទទួលបានមកវិញនូវសេចក្តីសុខ សេចក្តីចម្រើន មានភាពត្រជាក់ត្រជុំ ដើម្បីកាច់ផ្តាច់កម្មអកុសលទាំងឡាយ ទាំងពួង ជាពិសេសការលះបង់បាបជាអកុសល ក្នុងឆ្នាំចាស់ចោលឱ្យអស់ ហើយសាងយកនូវផលបុណ្យជាកុសលថ្មី សម្រាប់ការរស់នៅប្រកបដោយភាពសុខក្សេមក្សានតទៅមុខ ។

ជាក់ស្តែង នៅថ្ងៃឡើងស័កនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នារសៀលថ្ងៃព្រហស្បត្តិ៍ ១៤រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងលោកស្រី ព្រមទាំងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ បានរៀបចំធ្វើការបូជាធូប ទាន ផ្កាភ្ញី ថ្វាយព្រះពុទ្ធរូប ដើម្បីស្រង់ព្រះប្រកបដោយសទ្ធាជ្រះថ្លា ដែលបានធ្វើឡើងនៅតំបន់សាសនា មុខអគារសារមន្ទីរប្រវត្តិសាស្រ្តខេត្តបាត់ដំបង ។

អនុប្រធានមន្ទីរធម្មការនិងសាសនាខេត្តបាត់ដំបង លោក រ៉ាត សូរ៉ា បានឱ្យដឹងថា ជាទូទៅនៅថ្ងៃទី៣នៃពិធីបុណ្យចូលឆ្នាំថ្មី គេតែងតែនាំគ្នាធ្វើពិធីស្រង់ព្រះនៅតាមទីវត្តអារាមនានាមិនដែលអាក់ខានឡើយ ដោយឡែកសម្រាប់ពេលនេះរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីស្រង់ព្រះនៅមុខអគារសារមន្ទីរប្រវត្តិសាស្រ្តខេត្តបាត់ដំបង ដោយមានរៀបចំទឹកលាយជាមួយផ្កាភ្ញី និងគ្រឿងក្រអូប ដើម្បីស្រោចស្រពដល់ព្រះបដិមា ។

លោក បានបញ្ជាក់ថា ក្រៅពីពិធីស្រង់ព្រះ គឺនៅមានពិធីផ្សេងៗទៀតនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះដែរ ដែលបានធ្វើឡើងដើម្បីរម្លឹក និងតបស្នងសងគុណដល់បុព្វការីជន មានមាតា បិតា ជីជូនជីតាជាដើម ពិសេសគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដែលបានផ្តល់ឱវាទឱ្យយើងចេះ ការតម្រែតម្រង់ផ្លូវជីវិតក្នុងការរស់នៅប្រចាំថ្ងៃឱ្យមានព្រហ្មវិហារធម៌ គុណធម៌ សីលធម៌ក្នុងខ្លួន ចេះស្រឡាញ់សន្តិភាព ទាំងផ្លូវកាយ ផ្លូវចិត្ត ដើម្បីបន្តចូលរួមអភិវឌ្ឍន៍សង្គមគ្រួសារ សង្គមជាតិ និងប្រទេសជាតិឱ្យបានត្រឹមត្រូវ និងកាន់តែរីកចម្រើនជឿនលឿនថែមទៀត ។

សូមបញ្ជាក់ថា ក្នុងថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មី ឬថ្ងៃឡើងស័កនេះដែរ ក្រៅពីការស្រង់ព្រះបដិមា នៅមានស្រង់ព្រះរស់ទៀត មាន មាតា បិតា ជីដូន ជីតា ជាដើម ដើម្បីជម្រះខមាទោសទាំងឡាយកន្លងទៅ ដែលប្រព្រឹត្តិដោយកាយ វាចារ ចិត្ត ជាចេតនាក្តី អចេតនាក្តី ធ្វើខមាទោសហើយទើបស្រង់លាងធូលីជម្រះមន្ទិល ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនកើតមានដល់ក្រុមគ្រួសារចាប់ពីពេលនេះតរៀងទៅផងដែរ៕

អត្ថបទ៖ គួយ គឹមស៊ន