រយ:ពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរជាតិ-អន្តរជាតិ បានមកកម្សាន្តក្នុងខេត្តរតនគិរី មានចំនួនជិត ៥ម៉ឺននាក់
រតនគិរី៖ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ត
រតនគិរី បានឱ្យដឹងថា រយ:ពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរជាតិ-អន្តរជាតិ បានមកកម្សាន្តក្នុងខេត្តរតនគិរី មានចំនួន ៤៧,៦៥៥នាក់ កើនឡើង ០.៨ % ធៀបឆ្នាំមុន។
របាយការណ៍ដដែល បានបញ្ជាក់ថា ក្នុងចំនួនភ្ញៀវទេសចរសរុបនេះ មានភ្ញៀវអន្តរជាតិ ចំនួន ៧៧០នាក់ កើនឡើង
១៣.១%។ ដោយឡែកប្រជាពលរដ្ឋក្នុងខេត្ត ដើរលេងកម្សាន្តថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានចំនួន ១០៣,៧៦១នាក់
កើនឡើង ៦.៦% ។ សរុបភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋ មានចំនួន ១៥២,១៨៦នាក់ មានការកើនឡើង ៤.៧៤ %។
លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី ក៏បានឱ្យដឹងថា រយ:ពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចំពោះសេវាកម្មស្នាក់នៅ និងសេវាកម្មម្ហូបអាហារពុំមានការតំឡើងថ្លៃគួរអោយកត់សំគាល់ឡើយ។
លោក បានឱ្យដឹងបន្ថែមថា សោភ័ណភាពទីប្រជុំជន និងទីក្រុង និងអនាម័យតាមតំបន់រមណីយដ្ឋានក្រោមការដឹកនាំរបស់លោក ញ៉ែម សំអឿន អភិបាលខេត្ត បានយកចិត្តទុកដាក់ខ្ពស់លើវិស័យទេសចរណ៍ ក្នុងការកសាង និងអភិវឌ្ឍន៍ខេត្ត ជាពិសេសនៅតំបន់ជុំវិញបឹងកន្សែង ដែលមានសម្បទាទេសចរណ៍សំខាន់ៗ រួមមាន៖សួនច្បារ សួនកម្សាន្ត ទូរទស្សន៍LED ខ្សែរ៉ត និងរូបសំណាក់គ្រួសារ សត្វអក និងសត្វដំរី ។
ម្យ៉ាងវិញទៀតរដ្ឋបាលខេត្ត បានរៀបចំឱ្យមានព្រឹត្តិការណ៍សង្ក្រាន្តរតនគិរី និងការប្រគុំតន្ត្រី ជាពិសេសបានរៀបចំភ្លើងបំភ្លឺទីសាធារណៈ តាមបណ្តាអង្គភាពរបស់រដ្ឋ និងវិស័យឯកជន ដើម្បីលើកស្ទួយសោភ័ណភាពទីក្រុង ក្នុងការផ្តល់សេវាកម្មជូនប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកទស្សនាខេត្តរតនគិរី។
ចំពោះសុវត្ថិភាពភ្ញៀវទេសចរ តាមតំបន់រមណីយដ្ឋានមានការគ្រប់គ្រងបរិស្ថាន សណ្តាប់ធ្នាប់ បានល្អប្រសើ ដោយមានរៀបចំណតរថយន្ត និងម៉ូតូ មានរបៀបរៀបរយល្អ។
លោក ប្រធានមន្ទីររូបនេះ បានបញ្ជាក់បន្ថែមថា រយ:ពេល ៣ថ្ងៃនេះ ប្រជាពលរដ្ឋក្នុងខេត្តរតនគិរី មានភាពសប្បាយរីករាយ និងសាទរចំពោះរដ្ឋបាលខេត្តរតនគិរី ដែលបានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរតនគិរី ហើយប្រជាពលរដ្ឋភាគច្រើនក្នុងខេត្ត មានការជប់លៀងនៅតាមគេហដ្ឋាន ទីកន្លែងកំសាន្ត និងច្រៀងខារ៉ាអូខេកម្សាន្តជាលក្ខណៈគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ តាមតំបន់រមណីយដ្ឋានទេសចរណ៍នានាក្នុងខេត្ត មានការគ្រប់គ្រងបរិស្ថាន សណ្តាប់ធ្នាប់ បានល្អប្រសើរ ក្រោយពីបានការណែនាំរបស់ក្រុមកាងារមន្ទីរទេសចរណ៍ខេត្ត៕
អត្ថបទ៖ ប៉េស សារី