ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង អះអាងថា ខ្លួនមិនខ្វល់ខ្វាយចំពោះការសម្រេចចិត្តរបស់អាម៉េរិក ក្នុងការបញ្ឈប់នូវរាល់ការលើកលែងទណ្ឌកម្មលើប្រេងរុស្ស៊ីនោះទេ

image


រុស្ស៊ី៖ អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី ប៉េស្កូវ (Dmitri Peskov) កាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញនូវជំហរមិនតក់ស្លុត ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាម៉េរិកក្នុងការបញ្ឈប់នូវរាល់ការលើកលែងទណ្ឌកម្មលើការទិញប្រេងពីរុស្ស៊ី។ អ្នកនាំពាក្យរុស្ស៊ី ចាត់ទុកទណ្ឌកម្មទាំងនេះ ថាជាអំពើខុសច្បាប់ ប៉ុន្តែលោកបញ្ជាក់ថា រុស្ស៊ីមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការរស់នៅ និងដំណើរការសេដ្ឋកិច្ចក្រោមសម្ពាធអន្តរជាតិបានយ៉ាងរលូន ។

ពាក់ព័ន្ធនឹងបញ្ហានយោបាយផ្ទៃក្នុង អាជ្ញាធររុស្ស៊ី បានតាមដានយ៉ាងដិតដល់នូវរលកនៃការរិះគន់តាមបណ្តាញសង្គម ជុំវិញការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ និងការរឹតត្បិតសេរីភាពឌីជីថល។ ទោះបីជាមានការមិនពេញចិត្តពីសាធារណជន ប៉ុន្តែរដ្ឋាភិបាល អះអាងថា ខ្លួនកំពុងចាត់វិធានការដោះស្រាយយ៉ាងហ្មត់ចត់លើរាល់បញ្ហាដែលបានលើកឡើង ។

ចំពោះទំនាក់ទំនងជាមួយប្រទេសជិតខាង រុស្ស៊ីបានប្រកាសពីការបញ្ចប់ជម្លោះការទូតជាមួយអាស៊ែបៃហ្សង់ ពាក់ព័ន្ធនឹងករណីធ្លាក់យន្តហោះដ៏សោកនាដកម្មកាលពីចុងឆ្នាំមុន។ ទោះជាយ៉ាងណាក្ដី ជោគវាសនារបស់ពលរដ្ឋរុស្ស៊ីដែលកំពុងជាប់ឃុំនៅក្រៅប្រទេស នៅតែជាអាទិភាពចម្បងដែលក្រសួងការបរទេសត្រូវដោះស្រាយបន្តតាមផ្លូវច្បាប់ ។

ក្នុងកិច្ចប្រជុំយុទ្ធសាស្ត្រសេដ្ឋកិច្ច ប្រធានាធិបតីរុស្ស៊ី លោកពុទីន បានបើកផ្លូវឱ្យមានការជជែកដេញដោលយ៉ាងក្តៅគគុក ដើម្បីស្វែងរកដំណោះស្រាយជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។ វិមានក្រឹមឡាំងសង្កត់ធ្ងន់ថា ទោះបីជាមានមតិខុសគ្នាខ្លះរវាងមន្ត្រីជំនាញ ប៉ុន្តែគោលដៅរួម គឺជាការកាត់បន្ថយផលប៉ះពាល់ពីខាងក្រៅ និងការរក្សានិរន្តរភាពសេដ្ឋកិច្ចជាតិឱ្យបានរឹងមាំ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ (Nikolay Doychinov/AFP via Getty Images)