ព័ត៌មានអន្តរជាតិ

IMF ផ្ញើសារថា ពិភពលោកត្រូវត្រៀមខ្លួនសម្រាប់គ្រាលំបាកជុំវិញការធ្លាក់ចុះកំណើនសេដ្ឋកិច្ច ក្រោយវិបត្តិនៅមជ្ឈិមបូព៌ា

image


សហរដ្ឋអាម៉េរិក៖ អគ្គនាយិកាគ្រប់គ្រងនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី គ្រីស្តាលីណា ចចជីវ៉ា (Kristalina Georgieva) បានព្រមានថា សង្គ្រាមនៅមជ្ឈិមបូព៌ា កំពុងធ្វើឱ្យទំនិញឡើងថ្លៃ និងដាក់សម្ពាធលើកំណើនសេដ្ឋកិច្ចពិភពលោក។ លោកស្រីបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោន កាលពីពេលថ្មីៗនេះថា ពិភពលោកត្រូវត្រៀមខ្លួនសម្រាប់គ្រាលំបាក ខណៈកំណើនសេដ្ឋកិច្ចត្រូវគេរំពឹងថា នឹងធ្លាក់ចុះពី ៣,៤% កាលពីឆ្នាំមុន មកនៅត្រឹម ៣,១% ក្នុងឆ្នាំ២០២៦ ដោយនឹងជះឥទ្ធិពលអាក្រក់ដល់ជីវភាពរស់នៅរបស់ប្រជាជនទូទៅ ។

មូលហេតុចម្បងនៃវិបត្តិនេះ គឺការផ្ដាច់ចរន្តដឹកជញ្ជូនតាមច្រកសមុទ្រ ហ័រមូស (Hormuz) ដែលជាសរសៃឈាមសេដ្ឋកិច្ចសម្រាប់ពាណិជ្ជកម្មថាមពលពិភពលោក។ នៅពេលដែលនាវាដឹកប្រេង និងទំនិញមិនអាចឆ្លងកាត់បាន វានឹងធ្វើឱ្យថ្លៃដឹកជញ្ជូនហក់ឡើងខ្ពស់ ហើយច្រវាក់ផលិតកម្មនានា នឹងត្រូវជួបភាពរអាក់រអួលក្នុងរយៈពេលយូរ ទោះបីជាសង្គ្រាមបញ្ចប់ក៏ដោយ ។

វិបត្តិសេដ្ឋកិច្ចលើកនេះ ត្រូវគេចាត់ទុកថាមានសភាពស្មុគស្មាញជាងសម័យកូវីដ១៩ ដោយសារតែវាជាផលប៉ះពាល់ត្រួតគ្នា ដែលរុញច្រានបំណុលសាធារណៈពិភពលោកឱ្យហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។ ប្រទេសជាច្រើនកំពុងធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់ ដោយសារតែត្រូវចំណាយថវិកាជាតិភាគច្រើនទៅលើការសងបំណុល ច្រើនជាងការវិនិយោគលើសុខុមាលភាពប្រជាជន ។

វិស័យកសិកម្ម និងសន្តិសុខស្បៀងក៏នឹងរងផលប៉ះពាល់ខ្លាំងផងដែរ ដោយសារតែការកើនឡើងតម្លៃជីកសិកម្ម និងការដឹកជញ្ជូន។ ស្ថានភាពនេះ នឹងធ្វើឱ្យបណ្ដាប្រទេសដែលមានចំណូលទាប ជាពិសេសនៅតំបន់អាហ្វ្រិក និងអាស៊ី កាន់តែងាយរងគ្រោះ និងប្រឈមនឹងកង្វះខាតស្បៀងអាហារ ប្រសិនបើគ្មានវិធានការជួយសង្គ្រោះទាន់ពេលវេលា ។
ក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ IMF បានត្រៀមខ្លួនបញ្ចេញកញ្ចប់ថវិកាជំនួយរាប់ពាន់លានដុល្លារ ដើម្បីជួយសង្គ្រោះប្រទេសជាសមាជិកដែលកំពុងជួបវិបត្តិ។ ទោះជាយ៉ាងណាក៏ដោយ លោកស្រីប្រធាន IMF បានបញ្ជាក់ថា ផ្លូវឆ្ពោះទៅរកការស្តារសេដ្ឋកិច្ចឡើងវិញនឹងមានភាពលំបាក និងវែងឆ្ងាយ ដែលទាមទារឱ្យមានការសហការគ្នាយ៉ាងស្អិតរមួតពីសហគមន៍អន្តរជាតិ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY