ព័ត៌មានអន្តរជាតិ

តម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ បានបង្ហាញសញ្ញាធ្លាក់ចុះបន្តិចបន្តួចនៅព្រឹកថ្ងៃសុក្រនេះ ក្រោយអ៊ីស្រាអ៊ែល និងលីបង់អនុវត្តបទឈប់បាញ់

image


អាស៊ី៖ តម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ បានបង្ហាញសញ្ញាធ្លាក់ចុះបន្តិចបន្តួចនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីមានការប្រកាសដាក់ឱ្យអនុវត្តបទឈប់បាញ់គ្នារវាងអ៊ីស្រាអ៊ែល និងលីបង់។ ការថយចុះតម្លៃនេះ ឆ្លុះបញ្ចាំងពីភាពធូរស្រាលខ្លះនៃក្តីបារម្ភរបស់អ្នកវិនិយោគ ចំពោះភាពរអាក់រអួលនៃការផ្គត់ផ្គង់ថាមពលពីតំបន់មជ្ឈិមបូព៌ា ។

ទោះជាយ៉ាងណាក៏ដោយ ស្ថិរភាពនៃកិច្ចព្រមព្រៀងនេះ នៅមានភាពស្រពិចស្រពិលនៅឡើយ ដោយសារតែប្រទេសអ៊ីរ៉ង់បានចោទប្រកាន់ថា ការវាយប្រហាររបស់អ៊ីស្រាអ៊ែលទៅលើលីបង់នាពេលកន្លងមក គឺជាការបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអាម៉េរិក និងអ៊ីរ៉ង់។ ភាពតានតឹងផ្នែកនយោបាយនេះ បានធ្វើឱ្យបទឈប់បាញ់ដែលកំពុងអនុវត្តមានលក្ខណៈផុយស្រួយបំផុត ។

បើពិនិត្យលើតួលេខជាក់ស្តែង តម្លៃប្រេងឆៅសកលប្រភេទ ប្រ៊ែនថ៍ (Brent) បានធ្លាក់ចុះជិត ១% មកនៅក្រោម ១០០ ដុល្លារក្នុងមួយបារ៉ែល ខណៈការទិញ-លក់ប្រេងឆៅនៅតាមផ្សារភាគហ៊ុនធំៗនៅអាម៉េរិក ក៏មានសន្ទុះថយចុះដូចគ្នា។ ការប្រែប្រួលនេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីទីផ្សារទទួលបានព័ត៌មាននៃការផ្អាកសកម្មភាពយោធានៅតាមព្រំដែនលីបង់ ។

ដោយឡែក ទីផ្សារភាគហ៊ុនធំៗនៅក្នុងតំបន់អាស៊ី រួមមានជប៉ុន និងកូរ៉េខាងត្បូង ក៏បានបង្ហាញសញ្ញាធ្លាក់ចុះបន្តិចបន្តួចផងដែរនៅព្រឹកថ្ងៃសុក្រនេះ។ ការធ្លាក់ចុះនៃសន្ទស្សន៍ភាគហ៊ុនទាំងនេះ បង្ហាញពីការប្រុងប្រយ័ត្នខ្ពស់របស់អ្នកជួញដូរ ចំពោះភាពមិនច្បាស់លាស់នៃស្ថានការណ៍ភូមិសាស្ត្រនយោបាយ ដែលអាចប្រែប្រួលគ្រប់ពេលវេលា ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ BBC | រូបភាព៖ Getty Images/ Reuters/ REU