លោកត្រាំ បង្ហាញសុទិដ្ឋិនិយមថា សង្គ្រាមនៅអ៊ីរ៉ង់ នឹងត្រូវបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខ
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហាញសុទិដ្ឋិនិយមថា សង្គ្រាមនៅអ៊ីរ៉ង់ នឹងត្រូវបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខ ខណៈដែលលោកវាយតម្លៃថា ប្រតិបត្តិការយោធាកំពុងដំណើរការទៅមុខយ៉ាងល្អប្រសើរ។ ជាមួយគ្នានេះ លោកក៏បានសរសើរដល់ប្រព័ន្ធការពារ និងសមត្ថភាពរបស់កងទ័ពអាម៉េរិក ក្នុងការទប់ទល់នឹងការវាយប្រហារដោយរ៉ុក្កែតពីភាគីម្ខាងទៀត ។
ទោះបីជាមានការលើកឡើងពីភាពវិជ្ជមាននៃសង្គ្រាមក៏ដោយ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងតាមផ្លូវការទូតហាក់នៅតែជួបភាពលំបាក បន្ទាប់ពីកិច្ចចរចាសន្តិភាពនៅប្រទេសប៉ាគីស្ថាន កាលពីសប្តាហ៍មុន បានបញ្ចប់ទៅដោយគ្មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយរវាងអាម៉េរិក និងអ៊ីរ៉ង់ ។
បច្ចុប្បន្ន សេតវិមាន កំពុងព្យាយាមរៀបចំឱ្យមានការចរចាជុំថ្មីមួយទៀត ដើម្បីស្វែងរកដំណោះស្រាយសន្តិភាព។
ទោះជាយ៉ាងណាក៏ដោយ គម្រោងនៃជំនួបលើកទីពីរនេះ នៅមិនទាន់មានភាពប្រាកដប្រជាឡើយ ដោយសារតែភាគីពាក់ព័ន្ធមិនទាន់បានព្រមព្រៀងគ្នាលើកាលបរិច្ឆេទ និងទីតាំងសម្រាប់ពិភាក្សានៅឡើយ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ BBC | រូបភាព៖ (Graeme Sloan | Bloomberg | Getty Images)/ ( Atta Kenare—AFP/Getty Images)/ (Meghdad Madadi/Tasnim News—AFP/Getty Images)