ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល-លីបង់ ព្រមព្រៀងឈប់បាញ់គ្នារយៈពេល ១០ ថ្ងៃ ក្រោមការសម្របសម្រួលដោយសហរដ្ឋអាម៉េរិក

image


អ៊ីស្រាអ៊ែល-លីបង់៖ កិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល ១០ ថ្ងៃ រវាងអ៊ីស្រាអ៊ែល និងលីបង់ ដែលសម្របសម្រួលដោយសហរដ្ឋអាម៉េរិក បានចាប់ផ្តើមអនុវត្តជាផ្លូវការហើយ បន្ទាប់ពីមានការវាយប្រហារគ្នាយ៉ាងខ្លាំងក្លារហូតដល់នាទីចុងក្រោយ (ត្រូវនឹងម៉ោងប្រមាណជា ៤ ព្រឹក ថ្ងៃសុក្រ ទី១៧ ខែមេសានៅកម្ពុជា)។ កិច្ចព្រមព្រៀងនេះ ត្រូវគេមើលឃើញថា ជាជំហានដំបូងក្នុងការកាត់បន្ថយភាពតានតឹងដែលកំពុងឆេះកំដៅនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ។

មេដឹកនាំនៃប្រទេសទាំងពីរ រួមទាំងប្រធានាធិបតី ដូណាល់ ត្រាំ ដែរនោះ បានបង្ហាញក្តីសង្ឃឹម និងការស្វាគមន៍ចំពោះបទឈប់បាញ់នេះ ដោយចាត់ទុកថាវាជាឱកាសដ៏កម្រមួយក្នុងការស្វែងរកសន្តិភាព។ ទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ ក៏បានផ្ញើសារព្រមានដល់ក្រុមហេសបូឡាហ៍ នឹងធ្វើខ្លួនឱ្យល្អ ដោយគោរពតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ ដើម្បីបញ្ចៀសការផ្ទុះអាវុធឡើងវិញ ។

ចំណុចសំខាន់មួយនៃកិច្ចព្រមព្រៀងនេះ គឺការអនុញ្ញាតឱ្យកងទ័ពអ៊ីស្រាអ៊ែល បន្តឈរជើងក្នុងតំបន់សន្តិសុខជម្រៅ ១០ គីឡូម៉ែត្រ ក្នុងទឹកដីលីបង់ភាគខាងត្បូង។ លក្ខខណ្ឌនេះ ត្រូវបានដាក់ចេញដើម្បីធានាសុវត្ថិភាពដល់តំបន់ព្រំដែនរបស់អ៊ីស្រាអ៊ែល ប៉ុន្តែវាក៏អាចជាចំណុចរសើបមួយដែលធ្វើឱ្យបទឈប់បាញ់នេះជួបហានិភ័យផងដែរ ។

មុនពេលមានកិច្ចព្រមព្រៀងនេះ ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់ (NNA) រាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារតែការវាយប្រហារជាបន្តបន្ទាប់ពីសំណាក់យោធាអ៊ីស្រាអ៊ែល បានកើនឡើងដល់ ២,១៩៦ នាក់ និងមានមនុស្សចំនួន ៧,១៨៥ នាក់ ផ្សេងទៀតរងរបួស នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន អាល់ ចាហ្សេរ៉ា (Al Jazeera) ។

អ្នកឆ្លើយឆ្លងព័ត៌មានផ្នែកសន្តិសុខរបស់ BBC វាយតម្លៃថា បទឈប់បាញ់រយៈពេលខ្លីនេះមានលក្ខណៈផុយស្រួយបំផុត និងមិនទាន់មានភាពប្រាកដប្រជាថាអាចនាំទៅរកសន្តិភាពយូរអង្វែងបាននៅឡើយទេ។ វាគ្រាន់តែជាការផ្ដល់ពេលវេលាសម្រាកបណ្ដោះអាសន្នសម្រាប់ភាគីជម្លោះ និងប្រជាជនដែលរងគ្រោះ ខណៈដែលស្ថានភាពភូមិសាស្ត្រនយោបាយក្នុងតំបន់នៅតែមានភាពស្មុគស្មាញខ្ពស់ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ BBC | រូបភាព៖ The New Arab