ព័ត៌មានជាតិ

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញចូលរួមដង្ហែព្រះពុទ្ធប្បដិមា និងស្រង់ព្រះ នៅថ្ងៃវារៈឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដើម្បីរំលឹកដឹងគុណដល់ព្រះសម្មាសម្ពុទ្ធ និងសុំសិរីសួស្តីជូនជាតិមាតុភូមិ

image


ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍នគរសង្រ្កាន្ត នៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃវារៈឡើងស័ក (ថ្ងៃទី៣) នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បានអញ្ជើញចូលរួមដង្ហែព្រះពុទ្ធប្បដិមា និងធ្វើពិធីស្រង់ព្រះ ពីវត្តឧណ្ណាលោម ទៅគង់លើបុស្បុក ក្នុងបរិវេណរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ។


ក្នុងឱកាសនោះ មានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
តាមរយៈសំណេរនៅលើបណ្តាញសង្គមហ្វេសប៊ុក លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាមានសេចក្តីសោមនស្ស និងជ្រះថ្លាជាទីបំផុត ដែលបានចូលរួមជាមួយព្រះថេរានុថេរៈ ភិក្ខុសង្ឃ ដូនជី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងក្បួនដង្ហែព្រះពុទ្ធបដិមាពីវត្តឧណ្ណាលោម ឆ្ពោះទៅកាន់វត្តភ្នំ ដើម្បីធ្វើប្រទក្សិណ និងប្រារព្ធកិច្ចស្រង់ព្រះ នាថ្ងៃទី៣ ថ្ងៃវារៈឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ»។


លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា៖ «នាឱកាសពិធីចូលឆ្នាំ ប្រជាពលរដ្ឋខ្មែរ តែងប្រារព្ធពិធីដង្ហែ និងស្រង់ព្រះពុទ្ធបដិមា ដើម្បីរំលឹកដឹងគុណដល់ព្រះសម្មាសម្ពុទ្ធ និងសុំសិរីសួស្តីជូនជាតិមាតុភូមិ។ ក្រុមគ្រួសារខ្មែរក៏និយមរៀបចំពិធីស្រង់ទឹកជូនអ្នកមានគុណ និងចាស់ព្រឹទ្ធាចារ្យ ដើម្បីបង្ហាញនូវកតញ្ញូធម៌ សុំខមាទោស និងទទួលពរជ័យសិរីមង្គលត្រជាក់ត្រជុំក្នុងឱកាសឆ្នាំថ្មី»។


លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា កិច្ចពិធីនេះ មិនត្រឹមតែជាការគោរពប្រតិបត្តិតាមគន្លងសាសនា និងបន្តថែរក្សាប្រពៃណីដ៏ថ្លៃថ្លារបស់ជាតិទេ តែជាឱកាសសម្រាប់ការជួបជុំក្រុមគ្រួសារ ដែលបានដកឃ្លាពីការងារមមាញឹក មកប្រារព្ធពិធីរួមគ្នាតាមទំនៀមទម្លាប់ដូនតា។


ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណដល់លោកតា លោកយាយ ពុកម៉ែ អ៊ុំពូមីង បងប្អូនទាំងអស់ដែលបានចូលរួមយ៉ាងច្រើនកុះករ ដែលបានញ៉ាំងកិច្ចពិធីនាថ្ងៃនេះ កាន់តែមានភាពអធិកអធម និងមានអត្ថន័យក្រៃលែង។
សូមជម្រាបថា ការដង្ហែព្រះពុទ្ធប្បដិមា និងពិធីស្រង់ព្រះ គឺជាពិធីសាសនាដ៏សំខាន់មួយ ដែលប្រជាជនកម្ពុជា ជាពិសេសប្រជាពុទ្ធបរិស័ទ តែងអនុវត្តជាប្រចាំក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ក្នុងពិធីនេះ ប្រជាពលរដ្ឋបានយកទឹកផ្កាភ្ញី និងទឹកអប់ មកស្រង់លើព្រះពុទ្ធបដិមា ក៏ដូចជាស្រង់លើអ្នកមានគុណ អ្នកចាស់ជរា និងអ្នកមានឋានៈខ្ពង់ខ្ពស់ ដើម្បីសុំខមាទោសចំពោះកំហុសឆ្គងកន្លងមក និងសុំសេចក្ដីសុខសាន្ត សំណាងល្អ និងភាពត្រជាក់ត្រជុំក្នុងឆ្នាំថ្មី។


ព្រឹត្តិការណ៍នគរសង្រ្កាន្ត មិនត្រឹមតែមានកម្មវិធីកម្សាន្តសប្បាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលកម្មវិធីសាសនា ដែលបង្ហាញពីការគោរពប្រពៃណី និងទំនៀមទម្លាប់ខ្មែរយ៉ាងខ្ជាប់ខ្ជួន។ ក្នុងឱកាសនេះ ប្រជាពុទ្ធបរិស័ទ លោកយាយ លោកតា និងយុវជន បានចូលរួមធ្វើបុណ្យ និងអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិយ៉ាងសប្បាយរីករាយផងដែរ៕