ព័ត៌មានជាតិ

លោក គួច ចំរើន ចុះត្រួតពិនិត្យកងកម្លាំងទាំងបីប្រភេទក្នុងខេត្តកណ្តាល នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងបានណែនាំឱ្យយកចិត្តទុកដាក់លើការងារសន្តិសុខ

image

កណ្តាល៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានកោតសរសើរដល់កម្លាំងទាំងបីប្រភេទក្នុងខេត្តកណ្តាល ដែលបានខិតខំបំពេញនូវតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ ក្នុងការបង្ការ ការពារ និងទប់ស្កាត់រាល់បទល្មើសនានាដែលកើតមាននៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ដើម្បីធានានូវសន្តិសុខ សុវត្ថិភាព ស្ថេរភាព និងរបៀបរៀបរយនៅទូទាំងខេត្តកណ្ដាលនាពេលកន្លងមក។


ការកោតសរសើរបែបនេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាល និងត្រួតពិនិត្យកងកម្លាំងទាំងបី ប្រភេទក្នុងខេត្តកណ្តាល នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦។


លោក គួច ចំរើន បន្តថា “នៅពេលដែលប្រជាពលរដ្ឋធ្វើការ យើងទាំងអស់គ្នាជាកងកម្លាំង ក៏ធ្វើការដែរ តែនៅពេលមានថ្ងៃឈប់សម្រាក ឬពិធីបុណ្យធំៗ ប្រជាពលរដ្ឋឈប់សម្រាក យើងទាំងអស់គ្នាជាកងកម្លាំង កាន់តែធ្វើការលើសទ្វេដង ពិសេសនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល មានផ្លូវឆ្លងកាត់ដោយតភ្ជាប់ពីរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្តនានា ដែលជាចរន្តនៃការចាកចេញរបស់ប្រជាពលរដ្ឋយើង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពួកគាត់អញ្ជើញទៅស្រុកកំណើតយ៉ាងច្រើនកុះករ។”


លោកអភិបាលខេត្ត បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវត្រៀមខ្លួនក្នុងការសម្រួលនូវលំហូរចរាចរណ៍របស់ប្រជាពលរដ្ឋ ក្នុងឱកាសដែលពួកគាត់អញ្ជើញទៅស្រុកកំណើត និងការត្រលប់មកពីស្រុកកំណើតវិញ ប្រកបដោយសុវត្ថិភាព ព្រមទាំងសម្រួលបញ្ជៀសនូវការកក់ស្ទះចរាចរណ៍ផងដែរ៕


អត្ថបទ៖ ឈុន សុភ័ក្រ