ព័ត៌មានអន្តរជាតិ

អគ្គិភ័យយ៉ាងសន្ធោសន្ធៅឆេះចំណតឡាន BYD នាទីក្រុងសិនជិន ខណៈក្រុមហ៊ុនអះអាងថា មិនបណ្ដាលមកពីបច្ចេកទេសរថយន្តនោះទេ

image


ចិន៖ ក្រុមហ៊ុនផលិតឡានអគ្គិសនីលំដាប់ពិភពលោក BYD បានជួបប្រទះនូវហេតុការណ៍អគ្គិភ័យឆាបឆេះយ៉ាងខ្លាំងនៅក្នុងចំណតឡាននៃសួនឧស្សាហកម្មរបស់ខ្លួន នាទីក្រុងសិនជិន កាលពីព្រឹកថ្ងៃទី១៤ ខែមេសា។ ទោះបីជាអណ្ដាតភ្លើងមើលទៅគួរឱ្យភ័យខ្លាច និងមានផ្សែងខ្មៅងងឹតក៏ដោយ ប៉ុន្តែក្រុមហ៊ុនបញ្ជាក់ថា មិនមានអ្នកណាម្នាក់រងរបួសក្នុងហេតុការណ៍នេះឡើយ ខណៈទីកន្លែងកើតហេតុ គឺជាកន្លែងទុកសម្រាប់តែឡានសាកល្បង និងឡានចាស់ៗដែលត្រូវបោះចោលប៉ុណ្ណោះ ។

បន្ទាប់ពីការស៊ើបអង្កេតភ្លាមៗ អាជ្ញាធរ និងក្រុមហ៊ុនបានបដិសេធរាល់ការសង្ស័យដែលថាអគ្គិភ័យនេះបង្កឡើងដោយបញ្ហាអាគុយឡាន។ មូលហេតុពិតប្រាកដត្រូវគេរកឃើញថា មកពីការធ្វេសប្រហែសក្នុងប្រតិបត្តិការសាងសង់នៅក្បែរនោះ ដែលបង្កជាភ្លើងឆេះរាលដាល។ ការបកស្រាយនេះ ធ្វើឡើងដើម្បីផ្ដល់ទំនុកចិត្តដល់សាធារណជនថា ឡានអគ្គិសនីដែលកំពុងប្រើប្រាស់លើទីផ្សារមិនមានបញ្ហាបច្ចេកទេស ឬកំហុសក្នុងការផលិតដែលនាំឱ្យឆេះដោយខ្លួនឯងនោះទេ ។

ទោះបីជាគេចាត់ទុកថា ករណីចុងក្រោយនេះ គឺជាគ្រោះថ្នាក់ចៃដន្យក៏ដោយ ប៉ុន្តែវាក៏បានរំឭកឡើងវិញនូវប្រវត្តិនៃការឆេះមួយចំនួនរបស់ BYD កាលពីពេលមុនៗ។ នាពេលកន្លងមក ធ្លាប់មានរបាយការណ៍អំពីឡានអគ្គិសនីរបស់ក្រុមហ៊ុននេះ ឆេះពេលកំពុងសាកថ្ម ឬមានបញ្ហាខ្សែភ្លើងឡើងកម្ដៅ។ ហេតុការណ៍ទាំងនេះ តែងតែស្ថិតនៅក្រោមការតាមដានយ៉ាងដិតដល់ពីសំណាក់អ្នកជំនាញ និងអ្នកប្រើប្រាស់ ដោយសារតែឡានអគ្គិសនីមានលក្ខណៈឆេះយូរ និងពិបាកពន្លត់ជាងឡានធម្មតា ។

ជាវិធានការការពារ សុវត្ថិភាព ក្រុមហ៊ុន BYD ក៏ធ្លាប់បានប្រមូលឡានរាប់ម៉ឺនគ្រឿងត្រឡប់ចូលរោងចក្រវិញជាបន្តបន្ទាប់ ដើម្បីកែសម្រួលប្រព័ន្ធបញ្ជា និងគ្រឿងបន្លាស់មួយចំនួនដែលប្រឈមនឹងហានិភ័យ។ នេះបង្ហាញពីការទទួលខុសត្រូវរបស់ក្រុមហ៊ុនក្នុងការធានាសុវត្ថិភាពដល់អតិថិជន ទោះបីជាត្រូវប្រឈមមុខនឹងបញ្ហាផ្នែកបច្ចេកទេសក្នុងវិស័យឡានអគ្គិសនីដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនេះក៏ដោយ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Mint via Reuters | រូបភាព៖ Screenshot from Reuters's video.