លោកបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញបើកសង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅស្រុកអូរាំងឳ ដែលមានរយៈពេល ៤ថ្ងៃ នៅបរិវេណនៃទីតាំងទន្លេស្ងួត
ត្បូងឃ្មុំ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញបើកមហាសង្ក្រាន្តអូររាំងឳ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅរមណីយដ្ឋានទន្លេស្ងួត ស្ថិតនៅក្នុងឃុំព្រះធាតុ ស្រុកអូរាំងឳ។
ថ្លែងក្នុងពីធីនោះ លោកបណ្ឌិតរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពិធីបើកសង្ក្រាន្តអូរាំងឳនេះ ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋក្នុងស្រុកអូរាំងឳ និងខេត្តត្បូងឃ្មុំទាំងមូល ជាពិសេសយុវវ័យ បាននាំគ្នាចូលរួមសប្បាយនៅបរិវេននៃទីតាំងទន្លេស្ងួត ដែលនេះគឺជាជោគជ័យមួយទៀត បន្ទាប់ពីឆ្នាំ២០២៥កន្លងមក ដែលស្រុកអូរាំងឳ បានរៀបចំព្រឹត្តការណ៍សង្ក្រាន្តធំៗបែបនេះកន្លងមកដែរ ។
លោកបណ្ឌិតរដ្ឋមន្ត្រី ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ប្រជាពលរដ្ឋនៅស្រុកអូរាំងឳ ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងនេះ ។
នាឱកាស់នោះដែរ លោកបណ្ឌិត បានណែនាំឲ្យក្រុមការងារ បន្តគាំទ្រការអភិវឌ្ឍមូលដ្ឋាន សំដៅឆ្លើយតបគោលនយោបាយរបស់រាជរដ្ឋាភិបាល ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីបន្តពង្រឹងការងារបម្រើប្រជាពលរដ្ឋ បង្កើនសេដ្ឋកិច្ចប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឱ្យបានល្អប្រសើរថែមទៀត ជាពិសេសក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ។
ក្នុងពិធីនោះដែរ លោកបណ្ឌិត អ៊ាង សុផល្លែត បានអញ្ជើញចូលទស្សនាស្តង់ពិព័រផលិតផលខ្មែរ ដែលធ្វើឡើងដោយស្នាដៃខ្មែរ និងសុទ្ធសឹងតែជាផលិតផលផលិតដោយប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំផងដែរ ។ បន្ទាប់ពីទស្សនាតាមស្តង់នីមួយៗ លោកបណ្ឌិត និងភរិយា រួមជាមួយក្រុមការងា ក៏បានអញ្ជើញចូលរួមលេងកម្សាន្តនូវល្បែងប្រជាប្រិយខ្មែរ រាំលេងកម្សាន្ត ដើម្បីបង្កើនភាពស្នឹតស្នាលជាមួយប្រជាពលរដ្ឋ ដែលជាស្មារតីថែរក្សាវប្បធម៌ប្រពៃណីជាតិខ្មែរកុំឱ្យបាត់បង់។
សូមបញ្ជាក់ថា សង្ក្រាន្តអូរាំងឳ ប្រព្រឹត្តទៅមានរយៈពេល ៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ក្នុងនោះមានរៀបចំនូវការតាំងពិព័រផលិតផលភូមិមួយផលិតផលមួយ និងការរៀបចំពិធីកម្សាន្តសប្បាយតាមបែបប្រពៃណីខ្មែរជាច្រើនដូចជា ល្បែងប្រជាប្រិយខ្មែរ ការសម្តែងសិល្បៈ ការប្រគុំតន្ត្រីខ្នាតយក្យ និងផ្ទាំងទស្សនីយភាពកម្សាន្តសប្បាយ ដែលធ្វើឱ្យអ្នកស្រុកអូរាំងឳចូលរួមទស្សនាកម្សាន្តសង្ក្រាន្តឆ្នាំនេះ មិនខកបំណងឡើយ៕
អត្ថបទ៖ សុខ ផន