សង្គម

សម្តេចបវរធិបតីនាយករដ្ឋមន្រ្តី ៖ រាជរដ្ឋាភិបាលសូមប្រកាសប្តេជ្ញាចិត្តថា បូរណភាពទឹកដី និងប្រជាជនកម្ពុជា គឺជាអាទិភាពចម្បងបំផុត

image


សម្តេចបវរធិបតីនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា "រាជរដ្ឋាភិបាលសូមប្រកាសប្តេជ្ញាចិត្តថា បូរណភាពទឹកដី និងប្រជាជនកម្ពុជា គឺជាអាទិភាពចម្បងបំផុត ក្នុងការយកចិត្តទុកដាក់ខ្ពស់ ទាំងបច្ចុប្បន្ន និងអនាគត និង សូមបញ្ជាក់សាជាថ្មីម្តងទៀតថា កម្ពុជានៅតែរក្សាសិទ្ធិយ៉ាងពេញលេញ ក្នុងការការពារខ្លួនតាមគ្រប់មធ្យោបាយ ស្របតាមច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។ការបញ្ជាក់បែបនេះ តាមរយៈសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០។

ជាមួយគ្នានេះ សម្តេចបវរធិបតីនាយករដ្ឋមន្រ្តី បានកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះស្មារតីស្នេហាជាតិមាតុភូមិ និងសាមគ្គីភាពជាតិជាធ្លុងមួយ របស់បងប្អូនជនរួមជាតិគ្រប់រូប និងគ្រប់ទិសទី ទាំងក្នុង និង ក្រៅប្រទេស ក្នុងការការពារអធិបតេយ្យជាតិ, បូរណភាពទឹកដី និងសន្តិភាពដែលមានតម្លៃមិនអាច កាត់ថ្លៃបាន ហើយត្រូវចារទុកក្នុងប្រវត្តិសាស្ត្រសម្រាប់ប្រជាជាតិខ្មែរ។

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា "ក្នុងកាលៈទេសៈដូចបច្ចុប្បន្ន និងសម្រាប់ប្រទេសតូចដូចកម្ពុជា គឺមានតែស្មារតីស្នេហាជាតិ និងសាមគ្គីឯកភាពជាតិនេះទេ ដែលជាខែលការពារប្រទេស ជាតិយើងដ៏រឹងមាំបំផុត ហើយការបន្តរួបរួមគ្នាជាធ្លុងមួយ ប្រកបដោយភាពអត់ធ្មត់, មានវិន័យ និងទំនុកចិត្ត គឺជាកម្លាំងតស៊ូដ៏ខ្លាំងក្លា និងធ្វើឱ្យប្រទេសជាតិយើងអាចក្រោកឈរឡើងកាន់តែខ្ពស់។

សម្តេចបវរធិបតី អំពាវនាវដល់ខ្មែរគ្រប់រូប បន្តរួមគ្នាជាស្មារតីជាតិតែមួយ, រួបរួមសាមគ្គីគ្នា ជម្នះរាល់បញ្ហា និង ស្នើគ្រប់ក្រសួងស្ថាប័ន និងគ្រប់វិស័យទាំងអស់ បន្តខិតខំដើរទៅមុខ, ពោលគឺ កាន់តែលំបាក កាន់តែខិតខំ, ដើម្បីធ្វើឱ្យនាវាកម្ពុជាបន្តដំណើរឆ្ពោះទៅមុខជានិច្ច៕