សង្គម

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ កម្ពុជា នឹងទទួលបានអត្ថប្រយោជន៍ដ៏មហាសាល៨ចំណុច ពីគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ

image

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ បានមានប្រសាសន៍ថា តាមរយៈការដាក់ចេញនូវចក្ខុវិស័យយ៉ាងច្បាស់លាស់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងថាមវន្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កម្ពុជានឹងទទួលបាននូវអត្ថប្រយោជន៍ដ៏មហាសាល ពីគម្រោងប្រវត្តិសាស្រ្តនេះ៖
១)ពង្រឹងនូវឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាលើការដឹកជញ្ជូនតាមផ្លូវទឹក
២)លើកកម្ពស់ប្រសិទ្ធភាពខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង់ តាមរយៈការកាត់បន្ថយថ្លៃដើម ចម្ងាយ និងពេលវេលានៃការដឹកជញ្ជូន និងងាយស្រួលតភ្ជាប់ជាមួយពហុមធ្យោបាយដឹកជញ្ជូនផ្សេងទៀត ៣)កាត់បន្ថយការបំភាយឧស្ម័នពុលក្នុងបរិស្ថាន
៤)ជួយរក្សាលំនឹងចីរភាពបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី
៥)បង្កើតឱ្យមានបណ្តាញនិងប្រព័ន្ធផ្លូវទឹកតភ្ជាប់ជាច្រើន ដែលបង្កើតបានជាជម្រកថ្មីៗសម្រាប់ពពួកវារីសត្វ-រុក្ខជាតិ និងមច្ឆាជាតិគ្រប់ប្រភេទ (ពិសេសផ្តល់ទិន្នផលត្រីជាមធ្យមប្រមាណ ១០០០តោន ក្នុងមួយឆ្នាំ) ដែលផ្តល់លទ្ធភាពដល់ប្រជាពលរដ្ឋ រស់នៅអមសងខាងព្រែកអាចបង្កើតមុខរបរថ្មីៗ និងអាស្រ័យផលជាប្រចាំ
៦)ជួយកាត់បន្ថយផលប៉ះពាល់ពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា សម្រាប់ខេត្តភាគខាងកើត និងភាគនិរតីរបស់កម្ពុជា
៧)ផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋប្រមាណ ៧ ៦៨៨នាក់ សម្រាប់ចូលរួមដំណើរការសាងសាង់ព្រែកជីកនេះ និងអាចបង្កើតការងារជាងរាប់សិបម៉ឺននាក់ នៅក្រោយពេលសាងសង់រួច និង ៨)ផ្តល់អត្រាផលចំណេញសេដ្ឋកិច្ចខ្ពស់ (EIRR) ពី ២០% ទៅ ៣១% ខ្ពស់ជាងអត្រាមធ្យម ១២% ដែលត្រូវបានកំណត់ ដោយស្ថាប័នជាតិ និងអន្តរជាតិ។

លោក ស៊ុន ចាន់ថុល បានបន្ថែមថា បន្ទាប់ពីគម្រោងបានដំណើរការ នឹងបង្កើតឱកាសការងារថ្មីៗបន្ថែមទៀត ក្នុងការគ្រប់គ្រង ប្រតិបត្តិការ ថែទាំ និងអភិវឌ្ឍន៍សកម្មភាពពាក់ព័ន្ធនឹងការដឹកជញ្ជូន និងពាណិជ្ជកម្មតាមផ្លូវទឹក ដែលនឹងជួយលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជននៅតាមតំបន់ជុំវិញ ដោយបង្កើនប្រាក់ចំណូល និងជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ដូចជា អាជីវកម្មតូច និងមធ្យម ផ្សារ សេវាកម្មស្នាក់នៅ និងអាហារដ្ឋាន ហើយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជុំវិញព្រែកជីក ក៏អាចជួយធ្វើឱ្យតំបន់នេះ មានភាពទាក់ទាញសម្រាប់វិនិយោគ និងទេសចរណ៍ បង្កើនការតភ្ជាប់រវាងតំបន់ និងជំរុញការរីកចម្រើនសេដ្ឋកិច្ចជាតិ ឱ្យមានចីរភាពផងដែរ។
គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ មានប្រវែងសរុប ១៧២,៦ គ.ម គ្រោងនឹងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៨ ដោយមានតម្រូវការទុនវិនិយោគប្រមាណ ១,១៧ ពាន់លានដុល្លារអាម៉េរិក ក្នុងនោះសហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុក បានបោះទុនវិនិយោគសរុបចំនួន ៥១% និងក្រុមហ៊ុន វិនិយោគរបស់ប្រទេសចិន ចំនួន ៤៩%៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ អេង សុគុណ, លឹម មុនី