សង្គម

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ពិធីបើកការដ្ឋានសាងសង់ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ ប្រវែងជាង១៥១គីឡូម៉ែត្រ

image

តាកែវ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ នៅស្រុកបុរីជលសារ ខេត្តតាកែវ។
បើតាមប្រសាសន៍លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ មានប្រវែងសរុប ១៧២,៦ គ.ម ត្រូវបានរាជរដ្ឋាភិបាលសម្រេចធ្វើការបែងចែកជា ២កំណាត់ ដើម្បីជំរុញការសាងសង់ និងធ្វើប្រតិបត្តិការ តាមយន្តការភាពជាដៃគូររវាងរដ្ឋ និងឯកជន ដែលរួមមាន៖
ផ្លូវទឹកកំណាត់ទី១៖ មានប្រវែង ២១គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ដល់ព្រែកពោធិ៍នៃទន្លេបាសាក់ បានប្រកាសបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ហើយបច្ចុប្បន្នផ្លូវទឹកកំណាត់ទី១នេះ សម្រេចបានវឌ្ឍនភាពការងារសំខាន់ៗដូចជា បានបញ្ចប់ការកំណត់និយាមកា និងធ្វើការផ្ទៀងផ្ទាត់ផែនទីគម្រោង និងបោះបង្គោលព្រំដីចំនួន ១៥៥ ដោយទទួលបានការឯកភាពរួចរាល់ ពីសម្តេចធិបតីនាយករដ្ឋមន្រ្តី។ ផ្លូវទឹកកំណាត់ទី១នេះ កំពុងស្ថិតក្នុងនីតិវិធី នៃការដោះស្រាយផលប៉ះពាល់ ក្នុងនោះ ក្រុមការងារជំនាញ បានបញ្ចប់ការពិនិត្យព្រំដី និងវាស់ទំហំដីរួចរាល់ ដោយគ្រោងចំណាយថវិកាដោះស្រាយប្រមាណ ៧០,៨៥លានដុល្លារអាម៉េរិក។
ផ្លូវទឹកកំណាត់ទី២៖ ដែលកំពុងរៀបចំពិធីបើកការដ្ឋាននៅថ្ងៃនេះ មានប្រវែងសរុប ១៥១,៦គីឡូម៉ែត្រ ចាប់ពីព្រែកពោធិ៍នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ឆ្លងកាត់ភូមិសាស្រ្ត ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ប្រវែង ៣៣គ.ម ខេត្តតាកែវ ប្រវែង ៥៣គ.ម ខេត្តកំពត ប្រវែង ៤៨,៧គ.ម និងខេត្តកែប ប្រវែង ១៦,៩គ.ម។ គម្រោងនេះ មានជម្រៅទឹកប្រមាណ ៤,៧ម៉ែត្រ (ជាកម្រិតនៃជម្រៅទឹក ដែលស្ថិតនៅក្រោមនីវ៉ូ នៃកម្រិតកម្ពស់ទឹកដែលទាបបំផុត ក្នុងរយៈពេល ៤០ឆ្នាំ ចាប់ពីឆ្នាំ១៩៨៥ ដល់ឆ្នាំ២០២៤ នៃតំបន់ទន្លេមេគង្គ និងសមុទ្រ) ទទឹងផ្លូវទឹក ៦០ម៉ែត្រ កាំកំណោង
អប្បបរមា ៥៨០ម៉ែត្រ និងមានគន្លងនាវាចរណ៍ចំនួន ២គន្លង ដែលអាចអនុញ្ញាតឱ្យប្រភេទនាវាមានទម្ងន់ផ្ទុក រហូតដល់ ៣០០០DWT (ស្តង់ដារចិន) ធ្វើនាវាចរណ៍និងចៀសគ្នា បានដោយសុវត្ថិភាព។ គម្រោងនេះ នឹងត្រូវសាងសង់នៅលើតម្រាយផ្លូវទឹកធម្មជាតិ ដែលមានស្រាប់ ប្រវែង ៣៨,៦គ.ម, និងផ្លូវទឹកជីកថ្មី ប្រវែង ១១៣គ.ម ក្នុងនោះផ្លូវទឹកជីកតម្រង់កុំឱ្យកោងពេក ប្រវែង ៥,៥គ.ម និងការសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន ២កន្លែង ដែលស្ថិតនៅខេត្តតាកែវ និងខេត្តកែប ដែលធានាបាននូវប្រសិទ្ធភាព ក្នុងការទប់ស្កាត់ការជ្រៀតចូល នៃទឹកប្រៃទៅក្នុងបណ្តាញផ្លូវទឹកសាប ប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងការសាងសង់ស្ពានចំនួន ៦កន្លែង ទីតាំងបោះយុថ្កាចំនួន ៥កន្លែង បំពង់បន្ទេរ (ស៊ីហ្វុង) ចំនួន ២៩កន្លែង ទ្វារទឹកចំនួន ៦៩កន្លែង ការបំពាក់សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗបន្ថែមទៀត។
គម្រោងនេះ គ្រោងនឹងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៨ ដោយមានតម្រូវការទុនវិនិយោគប្រមាណ ១,១៧ ពាន់លានដុល្លារអាម៉េរិក ក្នុងនោះសហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុក បានបោះទុនវិនិយោគសរុបចំនួន ៥១% និងក្រុមហ៊ុន វិនិយោគរបស់ប្រទេសចិន ចំនួន ៤៩%។
លោក ស៊ុន ចាន់ថុល បញ្ជាក់ថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ នឹងជួយកាត់បន្ថយរយៈពេល និងចម្ងាយនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ដែលត្រូវឆ្លងកាត់តាមកំពង់ផែកៃមែបរបស់វៀតណាមប្រមាណ ៦៩គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តភ្នំពេញ ទៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងប្រមាណ ១៣៥គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តភ្នំពេញទៅកំពង់ផែខេត្តកំពត។ គម្រោងនេះនឹងផ្តល់ផលចំណេញលើតម្លៃដឹកជញ្ជូនប្រមាណ ១៧០ដុល្លារអាមេរិក សម្រាប់ទំនិញប្រភេទកុងតឺន័រ ២០ហ្វីត (ស្មើនឹង ១TEUs) និងចំណេញប្រមាណ ២២៣ដុល្លារអាមេរិក សម្រាប់ទំនិញប្រភេទកុងតឺន័រ ៤០ហ្វីត (ស្មើនឹង ២TEUs) ដែលតម្លៃនេះ គឺទាបជាងតម្លៃដឹកជញ្ជូន នាពេលបច្ចុប្បន្នប្រមាណ១៦%។ បើគិតពីបរិមាណទំនិញដែលត្រូវដឹកជញ្ជូនសរុបប្រចាំឆ្នាំ តាមរយៈកំពង់ផែស្វយ័តភ្នំពេញឆ្ពោះទៅកំពង់ផែសមុទ្រ គម្រោងនេះនឹងផ្តល់ផលចំណេញប្រចាំឆ្នាំប្រមាណពី ៨៨លានដុល្លារអាមេរិកនៅឆ្នាំ២០២៥ រហូតដល់
៥៧០លានដុល្លារអាមេរិកនៅឆ្នាំ២០៧០។
តាមការវិភាគដោយប្រើប្រាស់ម៉ូដែលសេដ្ឋកិច្ចបានបង្ហាញថា៖ គម្រោងនេះនឹងផ្តល់អត្រាផលចំណេញសេដ្ឋកិច្ចត្រឡប់មកវិញ (Economic Internal Rate of Return – EIRR) គឺក្នុងកម្រិតចន្លោះពី ២០% ទៅ ៣១% ជាកម្រិតមួយខ្ពស់លើសពីអត្រាមធ្យម(ត្រឹម១២%ប៉ុណ្ណោះ) កំណត់ ដោយស្ថាប័នជាតិ និងអន្តរជាតិ ដែលអាចចាត់ថ្នាក់ជាគម្រោងមួយផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ចជាតិដ៏មហិមាសម្រាប់កម្ពុជា៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ អេង សុគុណ, លឹម មុនី