ព័ត៌មានអន្តរជាតិ

ក្រុមការងារ RT ស្ថិតក្នុងចំណោមជនរងគ្រោះនៃការវាយប្រហាររបស់អ៊ីស្រាអ៊ែលលើលីបង់ ក្រោយមានបទឈប់បាញ់រវាងអាម៉េរិក និង អ៊ីរ៉ង់

image


លីបង់៖ កងទ័ពអ៊ីស្រាអ៊ែល បានបង្កើនការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លាទៅលើទីក្រុងបេរូត និងតំបន់ភាគខាងត្បូង ទោះបីជាមានបទឈប់បាញ់រវាងអាម៉េរិក និងអ៊ីរ៉ង់រួចហើយក៏ដោយ។ គេមើលឃើញថា ការវាយប្រហារនេះ ជាការរំលោភបំពានលើស្មារតីនៃកិច្ចព្រមព្រៀង ដែលប្រទេសអ្នកសម្របសម្រួលអះអាងថា ត្រូវគ្របដណ្ដប់ទូទាំងតំបន់ រួមទាំងលីបង់ផងដែរ ។


ការទម្លាក់គ្រាប់បែក បានបង្កឱ្យមានការខូចខាតយ៉ាងដំណំដល់អគារលំនៅដ្ឋាន និងវិហារសាសនា ក្នុងតំបន់ដែលមានប្រជាជនរស់នៅយ៉ាងច្រើនកុះករ ដោយបណ្ដាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើន។ សូម្បីតែក្រុមអ្នកសារព័ត៌មានអន្តរជាតិ RT ក៏ស្ទើរតែបាត់បង់ជីវិតក្នុងហេតុការណ៍នេះដែរ ។


ទោះបីជាមានសម្ពាធពីអន្តរជាតិ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសយ៉ាងច្បាស់ថា ប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមហេសបូឡាហ៍ នឹងមិនបញ្ឈប់ឡើយ។ លោកចាត់ទុកថា ការចរចាជាមួយអ៊ីរ៉ង់ គឺជាសមរភូមិផ្សេងគ្នាជាមួយលីបង់។ សកម្មភាពនេះ ក៏នាំឱ្យមានការខឹងសម្បារយ៉ាងខ្លាំងពីអ៊ីរ៉ង់ ដែលធ្វើឱ្យបទឈប់បាញ់កាន់តែផុយស្រួយ។

ទោះជាយ៉ាងណាក្ដី កាលពីយប់ថ្ងៃព្រហស្បតិ៍ លោកណេតាន់យ៉ាហ៊ូ និយាយថា អ៊ីស្រាអ៊ែលនឹងចាប់ផ្ដើមចរចាដោយផ្ទាល់ជាមួយលីបង់ ដោយផ្ដោតលើការរំសាយអាវុធក្រុមហេសបូឡាហ៍ ។


ដោយឡែក ក្រុមហេសបូឡាហ៍ ហាក់ដូចជាកំពុងរក្សាភាពស្ងៀមស្ងាត់ និងគោរពតាមបទឈប់បាញ់ជាបណ្ដោះអាសន្ន ដើម្បីពិនិត្យមើលស្ថានការណ៍។ ក្រុមនេះ បានណែនាំប្រជាជនដែលភៀសខ្លួនកុំទាន់ត្រឡប់មកផ្ទះវិញ ព្រោះសន្តិសុខមិនទាន់មានការធានានៅឡើយ។ ភាពមិនស៊ីច្រវាក់គ្នាលើបទឈប់បាញ់នេះ កំពុងធ្វើឱ្យតំបន់ទាំងមូលប្រឈមនឹងការផ្ទុះឡើងវិញនូវសង្គ្រាមធំសារជាថ្មីគ្រប់វិនាទី ៕


ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ RT | រូបភាព៖ Screenshot from RT's video.