ព័ត៌មានអន្តរជាតិ

សហគមន៍ជ្វីហ្វនៅអ៊ីរ៉ង់ ថ្កោលទោសអ៊ីស្រាអ៊ែលថាប្រើប្រាស់សាសនាជ្វីហ្វ ដើម្បីបិទបាំងមហិច្ឆតាសង្គ្រាម

image


អ៊ីរ៉ង់៖ នៅក្នុងការវាយប្រហារតាមអាកាសរួមគ្នារវាងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអ៊ែល លើទីក្រុងតេហ៍រ៉ង់ នាពេលថ្មីៗនេះ នាំឱ្យទីសក្ការបូជាសាសនាជាច្រើនបានក្លាយជាគោលដៅរងគ្រោះ ដែលក្នុងនោះរួមមានទាំងវិហារអ៊ីស្លាម និងវិហារយូដាដ៏ចំណាស់មួយឈ្មោះ រ៉ាហ្វីនីយ៉ា (Rafinia)។ ការបំផ្លិចបំផ្លាញនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល និងការសោកស្ដាយយ៉ាងខ្លាំង មិនត្រឹមតែក្នុងចំណោមសាសនិកជ្វីហ្វប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រជាជាតិអ៊ីរ៉ង់ទាំងមូល ដោយសារតែវិហារនេះមានតម្លៃទាំងផ្នែកជំនឿ និងប្រវត្តិសាស្ត្រ ។


តំណាងសហគមន៍ជ្វីហ្វនៅក្នុងសភាអ៊ីរ៉ង់ បានលើកឡើងថា ការវាយប្រហារនេះគឺជាទង្វើចេតនា ដើម្បីសងសឹកចំពោះសហគមន៍ជ្វីហ្វនៅក្នុងប្រទេសអ៊ីរ៉ង់ ដែលបានចេញមុខគាំទ្ររដ្ឋាភិបាល និងមិនយល់ស្របតាមគោលនយោបាយរបស់អ៊ីស្រាអ៊ែល។ តំណាងសហគមន៍ជ្វីហ្វរូបនេះ សង្កត់ធ្ងន់ថា របបមនោគមវិជ្ជាជាតិនិយមជ្វីហ្វ កំពុងប្រើប្រាស់សាសនាជ្វីហ្វ ដើម្បីបិទបាំងមហិច្ឆតានយោបាយរបស់ខ្លួន ហើយសកម្មភាពវាយប្រហារលើវិហារសាសនានៅពេលនេះ គឺជាសក្ខីភាពបង្ហាញថាពួកគេមិនបានគោរពដល់តម្លៃសាសនាពិតប្រាកដឡើយ ។


មេដឹកនាំសហគមន៍ជ្វីហ្វ បានបង្ហាញភស្តុតាងនៃការខូចខាតយ៉ាងធ្ងន់ធ្ងរដល់គ្រឿងសក្ការបូជា រួមទាំងគម្ពីរតូរ៉ា (Torah) សរសេរដោយដៃ ដែលជាបេតិកភណ្ឌដ៏វិសុទ្ធបំផុត។ លោកបានហៅសកម្មភាពរបស់អាម៉េរិក និងអ៊ីស្រាអ៊ែលថាជាការភូតភរ និងជាការបំពានយ៉ាងធ្ងន់ធ្ងរលើសេរីភាពជំនឿ ។


សេចក្ដីរាយការណ៍នេះ បានបង្ហាញពីស្ថានភាពនៃការរស់នៅជាមួយគ្នាដោយសន្តិវិធីរវាងជនជាតិភាគតិចជ្វីហ្វ និងជនជាតិមូស្លីមនៅក្នុងប្រទេសអ៊ីរ៉ង់ ទោះបីជាមានភាពតានតឹងផ្នែកនយោបាយអន្តរជាតិក៏ដោយ។ ការរួមគ្នារវាងសាសនិកផ្សេងគ្នាដើម្បីថ្កោលទោសការវាយប្រហារនេះ បានក្លាយជាសារមួយផ្ញើទៅកាន់ពិភពលោកថា ការបំផ្លិចបំផ្លាញទីតាំងសក្ការបូជា នឹងមានតែធ្វើឱ្យប្រជាជនកាន់តែមានសាមគ្គីភាព និងរឹងមាំជាងមុនក្នុងការប្រឆាំងនឹងការប្រើប្រាស់កម្លាំងយោធា ៕


ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ RT | រូបភាព៖ Screenshot from RT's video.