ព័ត៌មានអន្តរជាតិ

ភរិយាប្រធានាធិបតីអាម៉េរិក លោកស្រី ម៉េឡានី ត្រាំ ចេញមុខបដិសេធរាល់ការចោទប្រកាន់ដែលថា លោកស្រីមានទំនាក់ទំនងជិតស្និទ្ធជាមួយជនល្មើសមានរឿងអាស្រូវផ្លូវភេទដ៏ល្បីខ្ទរខ្ទារ

image


សហរដ្ឋអាម៉េរិក៖ ភរិយាប្រធានាធិបតីអាម៉េរិក លោកស្រី ម៉េឡានី ត្រាំ (Melania Trump) បានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈយ៉ាងម៉ឺងម៉ាត់ ដើម្បីបដិសេធរាល់ការចោទប្រកាន់ដែលថា លោកស្រីមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ចេហ្វ្រ៊ី អ៊ែបស្តាញ (Jeffrey Epstein) ដែលជាជនល្មើសមានរឿងអាស្រូវផ្លូវភេទដ៏ល្បីខ្ទរខ្ទារ។ លោកស្រីបញ្ជាក់ថា ការផ្សារភ្ជាប់រូបលោកស្រីទៅនឹងរឿងអាស្រូវនេះ គឺជាយុទ្ធនាការភូតភរដែលរៀបចំឡើងដោយមនុស្សគ្មានសីលធម៌ និងមានបំណងបង្ខូចកិត្តិយសគ្រួសារលោកស្រី ។


ពាក់ព័ន្ធនឹងភស្តុតាងសារអេឡិចត្រូនិកអ៊ីម៊ែលដែលបានបែកធ្លាយ កាលពីពេលថ្មីៗនេះ លោកស្រី Melania បានបកស្រាយថា វាគ្រាន់តែជាការឆ្លើយតបធម្មតាប៉ុណ្ណោះ។ លោកស្រីមិនបដិសេធថាធ្លាប់ជួបលោក អ៊ែបស្តាញ (Epstein) និងបក្សពួក នៅក្នុងកម្មវិធីជប់លៀងនោះទេ ដោយសារតែពួកគេធ្លាប់រស់នៅក្នុងមជ្ឈដ្ឋានសង្គមខ្ពង់ខ្ពស់ដូចគ្នានៅក្នុងទីក្រុងញូវយ៉ក ប៉ុន្តែលោកស្រីអះអាងថា លោកស្រីមិនដែលមានទំនាក់ទំនងអាជីវកម្ម ឬភាពស្និទ្ធស្នាលណាមួយលើសពីនេះឡើយ ។


លោកស្រី Melania Trump បានបញ្ជាក់យ៉ាងដាច់អហង្ការថា លោកស្រីមិនដែលពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់របស់លោក អ៊ែបស្ដាញ (Epstein) ដូចជាការជិះយន្តហោះឯកជន ឬទៅលេងកោះដែលជាកន្លែងបង្កាំងជនរងគ្រោះនោះទេ។ លើសពីនេះ លោកស្រី ជំរុញឱ្យសភារៀបចំសវនាការជាសាធារណៈ ដើម្បីឱ្យជនរងគ្រោះពិតប្រាកដអាចស្បថចូលខ្លួនផ្ដល់សក្ខីកម្ម ដែលលោកស្រីជឿជាក់ថា នេះគឺជាមធ្យោបាយតែមួយគត់ ដើម្បីបង្ហាញការពិតឱ្យពិភពលោកបានឃើញ ។


សកម្មភាពចេញមុខបកស្រាយរឿងរ៉ាវដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងក្នុងកាលៈទេសៈដែលនយោបាយអាម៉េរិកកំពុងមានភាពតានតឹង ជាពិសេសបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានសម្រេចដកតំណែងរដ្ឋអាជ្ញាធំដែលទទួលបន្ទុកសំណុំរឿងនេះ។ ការបកស្រាយរបស់លោកស្រី Melania ត្រូវគេមើលឃើញថា ជាការប៉ុនប៉ងសម្អាតឈ្មោះរបស់ខ្លួន និងការពាររដ្ឋបាលរបស់ស្វាមីពីការវាយប្រហារនយោបាយដែលទាក់ទងនឹងឯកសារនៃសំណុំរឿងលោក អ៊ែបស្ដាញ (Epstein) ដែលទើបតែបញ្ចេញដោយក្រសួងយុត្តិធម៌ ៕


ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ (Mandel Ngan/AFP/Getty Images)/ Getty/ U.S. Justice Department