ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលលីបង់ ទាមទារសិទ្ធិស្វ័យសម្រេចលើវាសនាប្រទេសជាតិ ដោយស្នើឱ្យអន្តរជាតិបញ្ចូលខ្លួនទៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់

image


លីបង់៖ រដ្ឋាភិបាលលីបង់ តាមរយៈរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ផល ម៉ូកូស (Paul Morcos) បានបង្ហាញជំហររឹងមាំក្នុងការទាមទារសិទ្ធិស្វ័យសម្រេចលើវាសនាប្រទេសជាតិ ដោយបានស្នើឱ្យអន្តរជាតិបញ្ចូលខ្លួនទៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ដែលទើបតែសម្រេចបានថ្មីៗរវាងអាម៉េរិក និងអ៊ីរ៉ង់។ លីបង់បានប្រកាសយ៉ាងច្បាស់ថា ខ្លួនគឺជាម្ចាស់អធិបតេយ្យតែមួយគត់ដែលមានសិទ្ធិចរចា ហើយនឹងមិនអនុញ្ញាតឱ្យប្រទេសទីបី ឬក្រុមណាមួយមកធ្វើការសម្រេចចិត្តជំនួសមុខឱ្យរដ្ឋាភិបាលស្របច្បាប់ឡើយ ។

ចំពោះមុខការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីសំណាក់អ៊ីស្រាអ៊ែល ដែលបានបណ្ដាលឱ្យជនស៊ីវិលស្លាប់ និងរបួសរាប់រយនាក់ក្នុងរយៈពេលដ៏ខ្លីនោះ នាយករដ្ឋមន្ត្រីលីបង់ លោក ណាវ៉ាហ្វ សាឡាម (Nawaf Salam) បានសម្រេចចិត្តដាក់ពាក្យបណ្ដឹងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយនេះគឺជាកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីស្វែងរកយុត្តិធម៌ និងការការពារពីសហគមន៍អន្តរជាតិ ចំពោះអ្វីដែលលីបង់ចាត់ទុកថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើជីវិតមនុស្សជាតិ ។

ក្រៅពីវិធានការការទូត រដ្ឋាភិបាលក៏បានចេញបញ្ជាឱ្យកងទ័ព និងកម្លាំងសន្តិសុខជាតិ ពង្រឹងការគ្រប់គ្រងនៅទូទាំងរដ្ឋធានីបេរូតឱ្យបានដាច់ខាត។ វិធានការនេះ មានគោលបំណងធានាថា មានតែអាវុធដែលកាន់កាប់ដោយកងកម្លាំងរដ្ឋប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ ដែលនេះជាសញ្ញាមួយបង្ហាញពីការប៉ុនប៉ងកាត់បន្ថយឥទ្ធិពលរបស់ក្រុមប្រដាប់អាវុធផ្សេងៗ និងដើម្បីពង្រឹងសណ្ដាប់ធ្នាប់ក្នុងស្រុកឡើងវិញ ។

ស្ថានភាពកាន់តែមានភាពស្មុគស្មាញ នៅពេលដែលអ៊ីស្រាអ៊ែលនៅតែបន្តប្រតិបត្តិការយោធាដោយអះអាងថា បទឈប់បាញ់រវាងអាម៉េរិក និងអ៊ីរ៉ង់ មិនមានឥទ្ធិពលមកលើសមរភូមិនៅលីបង់ឡើយ។ ការវាយប្រហារដ៏សាហាវ កាលពីថ្ងៃពុធ បានក្លាយជាសម្ពាធដ៏ធំដែលបង្ខំឱ្យរដ្ឋាភិបាលលីបង់ ត្រូវតែប្រញាប់ប្រញាល់ស្វែងរកកិច្ចព្រមព្រៀងឈប់បាញ់ស្រដៀងគ្នា ដើម្បីបញ្ឈប់ការបង្ហូរឈាម និងការបំផ្លិចបំផ្លាញកាន់តែខ្លាំងនៅក្នុងប្រទេស ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ (AFP/Getty Images)/ (Bilal Hussein/AP)