ព័ត៌មានអន្តរជាតិ

ឥណ្ឌូណេស៊ី និងមីយ៉ាន់ម៉ា បង្ហាញចំណាប់អារម្មណ៍លើកិច្ចសហការជាមួយរុស្ស៊ី ដើម្បីពង្រឹងបច្ចេកវិទ្យាអវកាស

image

មូស្គូ, រុស្ស៊ី៖ ស្ថិតនៅក្នុងព្រឹត្តិការណ៍សប្តាហ៍ពិព៌ណអវកាសជាតិលើកដំបូង ដែលប្រារព្ធឡើងនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី៩ ខែមេសា ថ្នាក់ដឹកនាំផ្នែកអវកាសមកពីប្រទេសឥណ្ឌូណេស៊ី និងមីយ៉ាន់ម៉ា បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការរឹតបន្តឹងចំណងមិត្តភាពជាមួយរុស្ស៊ី។ កិច្ចសហប្រតិបត្តិការនេះ ត្រូវគេមើលឃើញថា ជាយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីទាញយកអត្ថប្រយោជន៍ពីជំនាញ និងបច្ចេកវិទ្យាអវកាសដ៏ទំនើបរបស់មហាអំណាចមួយនេះ ។

ប្រធានទីភ្នាក់ងារអវកាសមីយ៉ាន់ម៉ា (MSA) លោក សូ ម្យីន មួង (Soe Myint Maung) បានលើកឡើងថា ការគាំទ្រពីរុស្ស៊ី គឺជាឱកាសដ៏កម្រក្នុងការបង្កើនសមត្ថភាពផ្នែកវិទ្យាសាស្ត្រអវកាសរបស់ខ្លួន។ តំណាងទីភ្នាក់ងារអវកាសមីយ៉ាន់ម៉ា បានកោតសរសើរចំពោះភាពស្មោះត្រង់របស់រុស្ស៊ី និងបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងលើបច្ចេកវិទ្យារ៉ុក្កែតដែលអាចប្រើប្រាស់ឡើងវិញបាន ក៏ដូចជាគម្រោងសាងសង់ស្ថានីយអវកាសថ្មីរបស់រុស្ស៊ី ដែលអនុញ្ញាតឱ្យប្រទេសដទៃចូលរួមចំណែកផងដែរ ។

ដោយឡែក លោក អារីហ្វ សាទ្រីយ៉ា (Arif Satria) ប្រធានទីភ្នាក់ងារស្រាវជ្រាវ និងច្នៃប្រឌិតជាតិឥណ្ឌូណេស៊ី (BRIN) បានបង្ហាញចំណាប់អារម្មណ៍ថា ប្រទេសឥណ្ឌូណេស៊ី គ្រោងសាងសង់កំពង់ផែអវកាស (Spaceport) នៅលើកោះប៊ីយ៉ាក់ (Biak) ដើម្បីក្លាយជាមជ្ឈមណ្ឌលបង្ហោះយានអវកាសក្នុងតំបន់។ ប្រធានទីភ្នាក់ងារ BRIN សង្កត់ធ្ងន់ថា ការចាប់ដៃគូជាមួយទីភ្នាក់ងារ រ៉ូកូស្មូស (Roscosmos) របស់រុស្ស៊ី គឺជាគន្លឹះដែលមិនអាចខ្វះបាន ដើម្បីពង្រឹងសមត្ថភាពបច្ចេកទេស និងកសាងប្រព័ន្ធអេកូឡូស៊ីអវកាសពេញលេញមួយនៅក្នុងប្រទេសឥណ្ឌូណេស៊ី ។

ជំនួបនៅទីក្រុងមូស្គូនោះ មិនត្រឹមតែជាការផ្លាស់ប្តូរចំណេះដឹងផ្នែកវិទ្យាសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញានៃការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយបច្ចេកវិទ្យាផងដែរ។ ខណៈរុស្ស៊ីកំពុងពង្រីកឥទ្ធិពលតាមរយៈការចែករំលែកបច្ចេកវិទ្យាអវកាស ប្រទេសនៅអាស៊ីអាគ្នេយ៍ក៏កំពុងឆក់យកឱកាសនេះ ដើម្បីសម្រេចបាននូវឯករាជ្យភាពផ្នែកបច្ចេកវិទ្យា និងការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈវិស័យអវកាសនាពេលអនាគត ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ X of Russian Embassy, NZ/ VIORY