ព័ត៌មានអន្តរជាតិ

កងទ័ពហ្វីលីពីនពង្រឹងសមត្ថភាពដែនអាកាស អំឡុងសមយុទ្ធរួមគ្នាជាមួយសហរដ្ឋអាម៉េរិក

image

ហ្វីលីពីន៖ កងទ័ពអាកាសហ្វីលីពីន និងអាម៉េរិក បានចាប់ផ្ដើមសមយុទ្ធយោធារួមគ្នាដ៏ធំមួយឈ្មោះ ខូប សាន់ឌ័រ ២៦-១ (Cope Thunder 26-1) នៅលើមូលដ្ឋានទ័ពអាកាស បាសា (Basa) ខេត្តប៉ាម់ប៉ាំងហ្គា (Pampanga) កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពង្រឹងសម្ព័ន្ធភាពការពារជាតិ និងសមត្ថភាពធ្វើប្រតិបត្តិការរួមគ្នាក្នុងតំបន់ ។

ក្នុងព្រឹត្តិការណ៍នេះ គេបានឃើញការហោះហើរអមគ្នាយ៉ាងអស្ចារ្យរវាងយន្តហោះចម្បាំង FA-50 របស់ហ្វីលីពីន និងយន្តហោះចម្បាំងបំបាំងកាយ អេហ្វ-២២ រ៉េបទ័រ (F-22 Raptor) របស់អាម៉េរិក ដែលជាការបង្ហាញពីឧត្តមភាពផ្លូវអាកាសនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ។

សមយុទ្ធនេះ មិនត្រឹមតែផ្ដោតលើការហ្វឹកហាត់បច្ចេកទេសហោះហើរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសារនយោបាយមួយបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ។ ជាមួយនឹងការចូលរួមពីកងកម្លាំងជិត ២,៨០០ នាក់ ប្រទេសទាំងពីរ បានបង្ហាញពីការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងសន្តិសុខនានា ខណៈបច្ចេកវិទ្យាយន្តហោះចម្បាំងជំនាន់ចុងក្រោយរបស់អាម៉េរិក ក៏ត្រូវបានយកមកបង្ហាញសមត្ថភាពក្នុងសមយុទ្ធនេះដែរ ។

យោងតាមកាលវិភាគ សមយុទ្ធយោធាដ៏សំខាន់នេះ នឹងបន្តរហូតដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៦ ហើយនេះគឺជាឱកាសដ៏សំខាន់សម្រាប់កងទ័ពអាកាសហ្វីលីពីន ក្នុងការដកស្រង់បទពិសោធន៍ពីយន្តហោះចម្បាំងល្បឿនលឿន ម៉ាច ២.២៥ (Mach 2.25) របស់អាម៉េរិក ដើម្បីពង្រឹងប្រព័ន្ធការពារអាកាសជាតិឱ្យកាន់តែរឹងមាំ និងឆ្លើយតបបានទាន់ពេលវេលាចំពោះរាល់ស្ថានភាពអាសន្នដែលអាចកើតមានឡើងក្នុងដែនសមុទ្រ និងដែនអាកាសរបស់ខ្លួន ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Daily Tribune/ Business Mirror/ Philippine Air Force