សេដ្ឋកិច្ច

ពាណិជ្ជកម្មកម្ពុជា-សិង្ហបុរី កើនជិត ២០០% ក្នុងត្រីមាសទី១ ខណៈរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បំពេញទស្សនកិច្ចពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនៅសិង្ហបុរី

image

ភ្នំពេញ៖ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសិង្ហបុរី ក្នុងរយៈពេល ៣ខែដំបូង ឆ្នាំ២០២៦ សម្រេចបានទំហំទឹកប្រាក់ប្រមាណ ៥៥៥លានដុល្លារអាម៉េរិក កើនឡើងដល់ ១៩១,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ទិន្នន័យដដែលបង្ហាញថា ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៦ កម្ពុជា បាននាំចូលពីសិង្ហបុរី មានតម្លៃរហូតដល់ ៥៣៧លានដុល្លារអាម៉េរិក កើនឡើង ២០៥,៩% ខណៈការនាំចេញពីកម្ពុជា ទៅសិង្ហបុរី មានត្រឹមតែ ១៨លានដុល្លារអាម៉េរិក កើនឡើង ២៤,២% ប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ការនាំចូលភាគច្រើន ជាប្រេងឥន្ធនៈ។

បច្ចុប្បន្ន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា កំពុងបំពេញទស្សនកិច្ចនៅប្រទេសសិង្ហបុរី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែម។ ជាក់ស្តែង នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកស្រី Grace Fu រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងចីរភាព និងជារដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងពាណិជ្ជកម្ម នៃសាធារណរដ្ឋសិង្ហបុរី បានចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការស្តីពីសន្តិសុខស្បៀង។

អនុស្សរណៈនេះបង្ហាញពីការប្តេជ្ញាចិត្តរួម ក្នុងការធានាស្ថិរភាព តម្លាភាព និងប្រសិទ្ធភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ស្បៀង ដែលនឹងបើកផ្លូវឱ្យការនាំចេញអង្ករកម្ពុជាទៅទីផ្សារសិង្ហបុរីមានការកើនឡើង។ ព្រមទាំងគាំទ្រយុទ្ធសាស្ត្ររក្សាស្ថិរភាពប្រភពស្បៀងអាហាររបស់សិង្ហបុរី និងបង្កើតឱកាសថ្មីៗ ប្រកបដោយចីរភាពសម្រាប់វិស័យកសិកម្មកម្ពុជា។

តាមរយៈកិច្ចព្រមព្រៀងនេះ គេរំពឹងថា នឹងជួយបង្កើនការនាំចេញរបស់កម្ពុជា ទៅសិង្ហបុរី និងបន្ថយគម្លាតឳនភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ៕