អនុប្រធានទី២រដ្ឋសភា ជួបសំណេះសំណាលជាមួយនិវត្តជននៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ចំនួន ២២៤នាក់ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី
ភ្នំពេញ៖ ក្នុងស្មារតីដឹងគុណ និងយកចិត្តទុកដាក់ខ្ពស់ចំពោះនិវត្តជន ជាអតីតមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា, លោក វង សូត អនុប្រធានទី២រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនិវត្តជននៃអគ្គ លេខាធិការដ្ឋានរដ្ឋសភា ចំនួន ២២៤នាក់ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខ។
ក្នុងឱកាសនោះ លោក វង សូត បានបញ្ជាក់ថា និវត្តជន គឺជាធនធានសំខាន់ ចូលរួមអភិវឌ្ឍន៏សង្គមជាតិ។ ជាមួយគ្នានោះ លោកអនុប្រធានទី២រដ្ឋសភា បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសម្តេចប្រធានរដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំរដ្ឋសភាទាំងអស់ ជូនចំពោះនិវត្តជន និងក្រុមគ្រួសារ។
លោកអនុប្រធានទី២រដ្ឋសភា បានលើក ឡើងថា ជារៀងរាល់ឆ្នាំ រដ្ឋសភាតែងតែរៀបចំពិធីជួបជុំបែបនេះ មិនត្រឹមតែដើម្បីសាកសួរសុខទុក្ខគ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយរឹតចំណងមិត្តភាព សាមគ្គីភាព និងបន្តភ្ជាប់មនោសញ្ចេតនារវាងមន្ត្រីជំនាន់មុន និងមន្ត្រីបច្ចុប្បន្នផងដែរ។
ជាមួយគ្នានេះ លោក បានថ្លែងកោតសរសើរដល់លោក ឡេង ប៉េងឡុង និងមន្ត្រីពាក់ព័ន្ធទាំងអស់ រួមទាំងនិវត្តជន ដែលបានចូលរួមដឹកនាំ និងអភិវឌ្ឍការងាររបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ឲ្យទទួលបានជោគជ័យជាបន្តបន្ទាប់ ក្នុងនាមជាសេនាធិការរបស់រដ្ឋសភា តាមរយៈ ការផ្តល់សេវាទ្រទ្រង់ និងសេវាបច្ចេកទេស ដែលជួយឲ្យរដ្ឋសភាបំពេញតួនាទីរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធ ភាព ដូចជា ការងារនីតិកម្ម ការងារតានដានការអនុវត្តច្បាប់ និងតួនាទីភាពតំណាងប្រជាពលរដ្ឋ ព្រមទាំងការងារការទូតសភា។
លោកអនុប្រធានទី២រដ្ឋសភា លើកឡើងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខរបស់អតីតយុទ្ធជន និងនិវត្តជនគ្រប់ៗរូប។ គតិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការពង្រីកវិសាលភាពសមាគមអតីតយុទ្ធជនកម្ពុជា ឱ្យគ្របដណ្តប់ដល់និវត្តជនទូទៅផងដែរ បានបង្ហាញពីចក្ខុវិស័យវែងឆ្ងាយ និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះសុខុបមាលភាព និងគុណតម្លៃរបស់អ្នកដែលបានបម្រើជាតិគ្រប់ជំនាន់។
លោក វង សូត បានបញ្ជាក់ថា ក្នុងនីតិកាលទី៧ រដ្ឋសភា និងរាជរដ្ឋាភិបាល បានផ្តោតសំខាន់លើការប្រែក្លាយស្ថាប័នទៅជាស្ថាប័នឌីជីថល។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដើម្បីជំរុញកំណើនសមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្តល់អាទិភាពដល់ការអភិវឌ្ឍធន ធានមនុស្សជាចម្បង។
ក្នុងបរិបទនេះ រដ្ឋសភានីតិកាលទី៧ កំពុងបន្តជំរុញការកែទម្រង់ស្ថាប័ន ដែលផ្អែកលើអភិបាលកិច្ចល្អ និងការអភិវឌ្ឍឱ្យក្លាយជាសភាឌីជីថលដើម្បីបម្រើប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋ និងរួមចំណែករក្សាសុខសន្តិភាព ពន្លឿនការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
ពាក់ព័ន្ធនឹងស្ថានភាពសកល លោកអនុ ប្រធានទី២រដ្ឋសភា បានរំលឹកពីឥទ្ធិពល នៃសង្គ្រាមនៅមជ្ឈឹមបូព៌ា ដែលធ្វើឱ្យតម្លៃប្រេង និងឧស្ម័នកើនឡើង។ ក្នុងស្ថានភាពបែបនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរ៉ែនិងថាមពលជាសេនាធិការ បានខិតខំទប់ស្កាត់ការឡើងថ្លៃហួសកម្រិត តាមរយៈការបញ្ចុះពន្ធនាំចូល ដើម្បីសម្រាលបន្ទុកប្រជាពលរដ្ឋ ព្រមទាំងបានអំពាវនាវឱ្យមាន ការសន្សំ សំចៃថាមពល និងជៀសវាងការស្តុកទុកប្រេង ដែលអាចបង្កជាហានិ ភ័យ។
ម្យ៉ាងវិញទៀត លោក បានបញ្ជាក់យ៉ាងច្បាស់ អំពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់ជំហរប្រើប្រាស់យន្តការដោះស្រាយដោយ សន្តិវិធី និងផ្អែកលើបទដ្ឋានច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹកដីឱ្យខានតែបាន។
ក្នុងនាមអ្នកតំណាងនិវត្តជន បានសម្តែងនូវបីតិសោមនស្សរីករាយ និងថ្លែងនូវអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានរដ្ឋសភា ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវ ភាពរបស់និវត្តជន ដែលធ្វើឱ្យយើងខ្ញុំជានិវត្តជនមិនអាចបំភ្លេចបាន និងបន្តការគាំទ្រចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទាំងរដ្ឋសភា និងរាជរដ្ឋាភិបាល។
ពិធីសំណេះសំណាលនេះ មិនត្រឹមតែជាការជួបជុំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញ ពីការលើកទឹកចិត្ត និងការទទួលស្គាល់តម្លៃនៃការខិតខំលះបង់ទាំងកម្លាំង កាយចិត្តរបស់និវត្តជន ដែលបានរួមចំណែកក្នុងការកសាងស្ថាប័ននិងបម្រើប្រជាជនកម្ពុជា។
លោក វង សូត បានថ្លែងនូវអំណរ គុណចំពោះនិវត្តជនទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការបំពេញការងារកន្លងមក និងបានចូលរួម ចំណែកយ៉ាងសំខាន់ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យក្លាយជាប្រ ទេសមានចំណូលមធ្យមឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ឆ្នាំ ២០៥០៕
អត្ថបទ៖ វង សុភ័ក្ត្រ