វៀតណាម កំណត់គោលដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យបានចន្លោះពី ៤៥ ទៅ ៥០ លាននាក់ នៅឆ្នាំ២០៣០
វៀតណាម៖ រដ្ឋាភិបាលវៀតណាមតាមរយៈក្រសួងទេសចរណ៍ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រថ្មីមួយ ដោយកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យបានចន្លោះពី ៤៥ ទៅ ៥០ លាននាក់(ក្នុងមួយឆ្នាំ) នៅត្រឹមឆ្នាំ២០៣០ខាងមុខ។ ផែនការនេះតម្រូវឱ្យមានកំណើនប្រចាំឆ្នាំយ៉ាងហោចណាស់ ១៦% ដែលឆ្លុះបញ្ចាំងពីការព្យាយាមពង្រីកវិសាលភាពទេសចរណ៍របស់ខ្លួន ឱ្យកាន់តែធំជាងមុននៅលើឆាកអន្តរជាតិ ។
ក្រៅពីការយកចិត្តទុកដាក់លើភ្ញៀវបរទេស វៀតណាមក៏មិនរំលងសក្ដានុពលនៃទេសចរណ៍ក្នុងស្រុកផងដែរ ដោយរំពឹងថា នឹងមានចរន្តភ្ញៀវដើរលេងក្នុងប្រទេសរហូតដល់ ១៦០ លាននាក់ក្នុងមួយឆ្នាំ។ យុទ្ធសាស្ត្រនេះ មានបំណងធ្វើយ៉ាងណាឱ្យវិស័យទេសចរណ៍ក្លាយជាសសរស្តម្ភសេដ្ឋកិច្ចដ៏រឹងមាំ ដោយរំពឹងថានឹងចូលរួមចំណែកដល់ទៅ ១៤% នៃសេដ្ឋកិច្ចជាតិសរុប (GDP) នៅចុងទសវត្សរ៍នេះ ។
កម្លាំងពលកម្ម គឺជាចំណុចដ៏សំខាន់មួយទៀតនៃផែនការនេះ ដោយវៀតណាមរំពឹងថាវិស័យទេសចរណ៍នឹងផ្ដល់ឱកាសការងារសរុបដល់ទៅ ១២ លានកន្លែង។ ក្នុងនោះមានការងារផ្ទាល់ចំនួន ៤ លានកន្លែង ដែលនឹងជួយកាត់បន្ថយអត្រាអ្នកអត់ការងារធ្វើ និងបង្កើនចំណូលដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ទេសចរណ៍សំខាន់ៗនៅទូទាំងប្រទេស ។
សមិទ្ធផលកាលពីឆ្នាំមុន គឺជាគ្រឹះដ៏សំខាន់ ដែលវៀតណាមទទួលបានភ្ញៀវទេសចរ ២១,២ លាននាក់ ដែលធ្វើឱ្យប្រទេសនេះក្លាយជាគោលដៅទេសចរណ៍លំដាប់ទី៣ ក្នុងតំបន់អាស៊ីអាគ្នេយ៍។ កំណើនដ៏ឆាប់រហ័សនេះ បានជួយឱ្យវៀតណាមដេញតាមពីក្រោយប្រទេសនាំមុខគេ ដូចជា ម៉ាឡេស៊ី និងថៃ យ៉ាងប្រកៀកប្រកិត ដែលបង្ហាញពីភាពជោគជ័យនៃគោលនយោបាយបើកចំហ និងការផ្សព្វផ្សាយតំបន់ទេសចរណ៍របស់ខ្លួន ។
សម្រាប់ឆ្នាំ២០២៦នេះ វៀតណាមបានកំណត់គោលដៅបឋមចំនួន ២៥ លាននាក់ ដែលជាការបោះជំហានដំបូងឆ្ពោះទៅរកគោលដៅធំនៅឆ្នាំ២០៣០។ តាមរយៈការកំណត់ផែនការច្បាស់លាស់ និងការផ្ដោតទាំងភ្ញៀវក្នុងស្រុក និងក្រៅស្រុក វៀតណាមកំពុងបង្ហាញឱ្យឃើញពីមហិច្ឆតាចង់ក្លាយជាមហាអំណាចទេសចរណ៍មួយនៅក្នុងតំបន់ និងពិភពលោក ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ eVnExpress on MSN | រូបភាព៖ VN Express/ Vietnam News Agency