ការនាំចេញរបស់កម្ពុជា ទៅសហរដ្ឋអាម៉េរិក ក្នុងត្រីមាសទី ១ឆ្នាំ២០២៦ កើនឡើងជិត ៤០%
ភ្នំពេញ៖ ការនាំចេញរបស់កម្ពុជា ទៅសហរដ្ឋអាម៉េរិក ក្នុងត្រីមាសទី ១ឆ្នាំ២០២៦ មានតម្លៃទឹកប្រាក់ ៣.៣៥៨លានដុល្លារ កើនឡើង ៣៨,៤% ខណៈដែលការនាំចូលរបស់កម្ពុជា ពីសហរដ្ឋអាម៉េរិក មានតម្លៃ ១២៦លានដុល្លារ កើនឡើង ៦៧,៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
សហរដ្ឋអាម៉េរិក គឺជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា នាពេលបច្ចុប្បន្ន។ ការនាំចេញសំខាន់ៗរបស់កម្ពុជាទៅកាន់សហរដ្ឋអាម៉េរិក រួមមាន សម្លៀកបំពាក់ ស្បែកជើង កាបូបធ្វើដំណើរ ឧបករណ៍ទេសចរណ៍ ផលិតផលកសិកម្ម គ្រឿងបន្លាស់អគ្គិសនី និងទំនិញទាក់ទងនឹងការកម្សាន្ត។ ផ្ទុយទៅវិញ ការនាំចូលសំខាន់ៗរបស់កម្ពុជា ពីសហរដ្ឋអាម៉េរិកភាគច្រើន មានដូចជា រថយន្ត គ្រឿងចក្រ គ្រឿងអេឡិចត្រូនិច ឱសថ និងឧបករណ៍វេជ្ជសាស្ត្រ។
កាលពីខែកុម្ភៈ កន្លងទៅនេះ តុលាការកំពូលសហរដ្ឋអាម៉េរិក បានចេញសេចក្តីលុបចោលពន្ធបដិការរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានប្រកាសដាក់លើបណ្តាប្រទេសនា នា កាលពីមេសាឆ្នាំមុន ក្នុងនោះរួមទាំងប្រទេសកម្ពុជា ផងដែរ ទោះបីជាប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មហើយក៏ដោយក្តី។
ទោះជាយ៉ាងណា ភា្លមៗ ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក៏បានប្រកាសដាក់ពន្ធថ្មីជាសកលក្នុងអត្រា ១០ទៅ ១៥% ដោយប្រើប្រាស់មាត្រា ១២២ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ ប៉ុន្តែច្បាប់នេះមានកម្រិត ដោយអនុញ្ញាតឲ្យអនុវត្តបានត្រឹមតែ ១៥០ថ្ងៃប៉ុណ្ណោះ មុននឹងត្រូវការការយល់ព្រមពីសភា។
សូមរំលឹកផងដែរថា កាលពីខែមីនា កន្លងទៅថ្មីៗនេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយ លោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា បានដឹកនាំកិច្ចសន្ទនាលើកទី៤ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-អាម៉េរិក ក្នុងគោលបំណងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ឱកាសដល់វិនិយោគិនអាម៉េរិក ដែលកំពុងវិនិយោគនៅកម្ពុជាបានលើកឡើងពីបញ្ហាប្រឈមនានា ធានាដល់ការតាមដាន និងស្វែងរកដំណោះស្រាយសមស្រប សំដៅពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, ពាណិជ្ជកម្ម, និងការវិនិយោគ ដើម្បីកសាងជំនឿទុកចិត្តពីសំណាក់សហគមន៍ធុរកិច្ចអាម៉េរិក ព្រមទាំងជំរុញការវិនិយោគបន្ថែមទៀតមកកម្ពុជា។
ក្នុងជំនួបនោះលោកឧបនាយករដ្ឋមន្រ្ដី ក៏បានធ្វើបច្ចុប្បន្នភាពថ្មីនូវព័ត៌មានពាក់ព័ន្ធមួយចំនួន មានជាអាទិ៍៖ ការអនុម័តគម្រោងវិនិយោគក្នុងឆ្នាំ២០២៥, ស្ថានភាពពាណិជ្ជកម្មរវាងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលមានការកើនឡើងគួរជាទីកត់សម្គាល់ និងវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ កម្ពុជា-អាម៉េរិក ផងដែរ៕