ADB ព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើង ៤,៥% ក្នុងឆ្នាំ២០២៦ តែក្នុងករណីដែលស្ថានភាពនៅមជ្ឈិមបូព៌ាធូរស្រាលឆាប់រហ័ស
ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងកើនឡើង ៤,៥% ក្នុងឆ្នាំ២០២៦ ប្រសិនបើការរំខានដល់ទីផ្សារទំនិញសកល ដែលបង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ា មិនត្រូវបានអូសបន្លាយយូរ។ នេះបើយោងតាមបាយការណ៍សេដ្ឋកិច្ចពិសេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានចេញផ្សាយនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។
ក្នុងសេណារីយោរបស់ ADB បានគូសបញ្ជាក់ថា ករណីដែលស្ថានភាពនៅមជ្ឈិមបូព៌ាធូរស្រាលឆាប់រហ័ស កំណើន ត្រូវបានគាំទ្រដោយដំណើរការវិស័យកម្មន្តសាលដែលមានភាពធន់។ ជាមួយគ្នានេះ ADB ក៏បានព្យាករផងដែរថា សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើងថែមទៀតដល់ ៥,០% នៅឆ្នាំ២០២៧ ដោយសារស្ថានភាពនៅក្រៅប្រទេសមានភាពប្រសើរឡើង ហើយកំណែទម្រង់ក្នុងស្រុកបន្តលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច។
នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB លោកស្រី Yasmin Siddiqi បានមានប្រសាសន៍ថា កម្ពុជាបន្តបង្ហាញភាពធន់នឹងសម្ពាធពីខាងក្រៅ។ វិស័យកម្មន្តសាលនៅតែរឹងមាំ ហើយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលកំពុងបន្តដើម្បីជំរុញវិស័យទេសចរណ៍នឹងជួយរក្សាសន្ទុះសេដ្ឋកិច្ច ទោះបីជាមានបញ្ហាប្រឈមជាសកលក៏ដោយ។
របាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ខែមេសា ឆ្នាំ២០២៦ ព្យាករថា វិស័យកម្មន្តសាល នឹងនៅតែជាក្បាលម៉ាស៊ីនកំណើនសំខាន់របស់សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២៦ ខណៈដែលទិន្នផលឧស្សាហកម្មត្រូវបានរំពឹងថា នឹងកើនឡើង ៧,៣% ដោយសារការបញ្ជាទិញសម្លៀកបំពាក់ច្រើនគួរសម និងកំណើននៃការរួមចំណែកពីវិស័យកម្មន្តសាលក្រៅពីវាយនភ័ណ្ឌ ដែលរួមមានគ្រឿងបង្ខំអគ្គិសនី សំបកកង់ និងគ្រឿងសង្ហារឹម។ កំណើនមធ្យមនៃវិស័យកសិកម្មត្រូវបានរំពឹងថា នឹងបន្តទទួលបាន ០,៩% ដែលគាំទ្រដោយតម្រូវការនាំចេញអង្ករ និងគ្រាប់ស្វាយចន្ទី។ គំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល ដែលលើកកម្ពស់ផលិតកម្មប្រកប ដោយនិរន្តរភាព និងធ្វើសមាហរណកម្មពលករចំណាកស្រុកដែលវិលត្រឡប់មក ក្នុងវិស័យនេះវិញ នឹងជួយពង្រឹងកំណើនក្នុងវិស័យនេះថែមទៀត។
កំណើនវិស័យសេវាកម្មត្រូវបានព្យាករថា នឹងធ្លាក់ចុះពី ៣,៤% ក្នុងឆ្នាំ២០២៥ មកនៅត្រឹមការវិនិយោគផ្ទាល់ពី ២,៣% ក្នុងឆ្នាំ២០២៦ ដោយសារផលប៉ះពាល់នៃការបិទព្រំដែនជាមួយប្រទេសថៃ។ ការវិនិយោគផ្ទាល់ពីបរទេសនៅតែមានភាពរឹងមាំក្នុងឆ្នាំ២០២៥ ជាមួយនឹងការវិនិយោគលើទ្រព្យសកម្មថេរ ដែលបានអនុម័ត កើនឡើង ៤៥% ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិន និងការបន្តធ្វើពិពិធកម្មផ្នែកផលិតកម្មដែល មានតម្លៃបន្ថែមតែខ្ពស់។
អតិផរណាត្រូវបានព្យាករថា នឹងកើនឡើងដល់ ២,៨% ជាមធ្យមនៅឆ្នាំ២០២៦ ប្រសិនបើការកើនឡើងនៃថ្លៃទំនិញសកលដោយសារជម្លោះនៅមជ្ឈិមបូព៌ា មិនអូសបន្លាយដល់រាប់ខែ។ ការប៉ះទង្គិចតម្លៃប្រេងឥន្ធនៈដែលអូសបន្លាយពេលយូរអាចបង្កើនថ្លៃដើមនាំចូល និងជះឥទ្ធិពលអវិជ្ជមានដល់វិស័យកសិកម្ម ផលិតកម្ម និងទេសចរណ៍។ ឱនភាពសារពើពន្ធត្រូវបានព្យាករថា នឹងកើនឡើងបន្ថែមទៀតនៅឆ្នាំ២០២៦ ដោយសារការកើនឡើងនៃការចំណាយ រួមទាំងការគាំទ្រដល់គ្រួសារងាយរងគ្រោះ ខណៈដែលកំណើនប្រាក់ចំណូលធ្លាក់ចុះដោយសារកំណើនសេដ្ឋកិច្ចថយ។
ការសម្រេចបាននូវគោលដៅរបស់កម្ពុជា ក្នុងការក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ទាមទារឱ្យមានការបង្កើនផលិតភាពប្រកបដោយនិរន្តរភាព ដែលគាំទ្រដោយការវិនិយោគលើមូលធនមនុស្ស។ គម្លាតជំនាញនៅតែជាបញ្ហាសំខាន់ ដោយនិយោជកតែងតែលើកឡើងពីបញ្ហាប្រឈម ក្នុងការស្វែងរកកម្មករដែលមានសមត្ថភាព។ ការកែទម្រង់របស់រាជរដ្ឋាភិបាល ដូចជាការធ្វើឱ្យមានការចូលរួមពីវិស័យឯកជននៅក្នុងស្ថាប័នបណ្តុះបណ្តាលសាធារណៈ នឹងជួយឱ្យការបណ្តុះបណ្តាលស្របតាមតម្រូវការទីផ្សារ និងពង្រឹងកម្លាំងពលកម្ម។
លោកស្រី Siddiqi បានបន្ថែមថា ការអភិវឌ្ឍកម្លាំងពលកម្មប្រកបដោយផលិតភាព គឺចាំបាច់សម្រាប់ការទាក់ទាញការវិនិយោគចម្រុះប្រកបដោយគុណភាព ហើយកិច្ចសហការរវាងវិស័យសាធារណៈ និងឯកជនក្នុងការអភិវឌ្ឍជំនាញគឺមានសារៈសំខាន់ណាស់ ក្នុងការសម្រេចបាននូវកំណើនរយៈពេលវែងរបស់កម្ពុជា។
ADB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគី ឈានមុខគេមួយ ដែលគាំទ្រកំណើនប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាព នៅទូទាំងអាស៊ីនិងប៉ាស៊ីហ្វិក។ ដោយធ្វើការជាមួយសមាជិក និងដៃគូរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាប្រឈមស្មុគស្មាញរួមគ្នា ADB ប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្លាស់ប្តូរជីវិត កសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងការពារភពផែនដីរបស់យើង។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ADB ត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន ៦៩ ក្នុងចំណោម ៥០ ស្ថិតក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕
អត្ថបទ៖ ចេង ឆហួត រូបភាព៖ អេង សុគុណ