ព័ត៌មានជាតិ

តុលាការខេត្តព្រះវិហារសម្រេចឃុំខ្លួនជនសង្ស័យ ៣នាក់ ដែលលួចកាប់ព្រៃខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិ ក្នុងខេត្តព្រះវិហារ

image

ព្រះវិហារ៖ ក្រសួងបរិស្ថានបានចាត់ឱ្យមន្ត្រីជំនាញក្រសួងបរិស្ថាន និងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថាន ខេត្តព្រះវិហារ ចុះត្រួតពិនិត្យស្រាវជ្រាវ និងធ្វើការបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅតំបន់អូរស្កាច (តំបន់៩៤) នៃដែនជម្រកសត្វព្រៃឆែប-ព្រះរការ ស្ថិតក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ចាប់ជនសង្ស័យប្រព្រឹត្តបទល្មើសកាប់ឈើចំនួន ៣នាក់ រួមមាន ឈ្មោះ នុត ជា ឈ្មោះ ខុន សាស និងឈ្មោះ សាន វី។ ពួកគេត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ។ សាលាដំបូងខេត្តព្រះវិហារ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនទាំង៣ខាងលើ ដាក់ពន្ធនាគារខេត្តព្រះវិហារ។

សូមបញ្ជាក់ថា ក្រុមមន្ត្រីបរិស្ថានបាននិងកំពុងបន្តចាត់វិធានការច្បាប់តឹងរ៉ឹង ចុះស្រាវជ្រាវ ទប់ស្កាត់ និងរកជនប្រព្រឹត្តបទល្មើសពាក់ព័ន្ធបទល្មើសធនធានធម្មជាតិថែមទៀត៕