ជនសង្ស័យលួចម៉ូតូម្នាក់ ត្រូវបានក្រុមអ្នកដឹកជញ្ជូនវាយឡើងទ្រោមខ្លួនរហូតដល់សន្លប់បាត់ស្មារតី
ភ្នំពេញ៖ មានករណីចាប់បានជនសង្ស័យលួចម៉ូតូរបស់អ្នកដឹកជញ្ជូន រួចវាយឡើងទ្រោមខ្លួនរហូតដល់សន្លប់បាត់ស្មារតី កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅក្រោយមន្ទីរពេទ្យបង្អែកច្បារអំពៅ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីសមាជិកអ្នកដឹកជញ្ជូនម្នាក់ ក្នុងចំណោមក្រុមអ្នកដឹកជញ្ជូន បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជាអ្នកដឹកជញ្ជូន ក្រុមហ៊ុនឯកជន E-Get មិនបានគេង២ថ្ងៃមកហើយក៏អស់កម្លាំង ឈប់ម៉ូតូរបស់ខ្លួនដេកមួយភ្លេតនៅកោះពេជ្រ។ បន្ទាប់មកជនសង្ស័យបានឃើញឱកាសល្អ ក៏ទៅលួចឆ្កឺះយកសោរម៉ូតូពីចង្កេះជនរងគ្រោះ ហើយបើកម៉ូតូចេញទៅបាត់ ដោយម៉ូតូមានម៉ាក Suzuki Nex ពណ៌ស លាយបៃតង ផ្លាកលេខ ភ្នំពេញ 1MB-8492 រួចជិះគេចខ្លួនបាត់។
បុរសដដែលបានបន្តទៀតថា បន្ទាប់ពីជនរងគ្រោះភ្ញាក់ពីគេង ក៏ដឹងថាគេលួចម៉ូតូបាត់ ទើបប្រាប់សមាជិកក្រុមអ្នកដឹកជញ្ជូនដូចគ្នាឱ្យជួយស្វែងរក ដោយសារម៉ូតូរបស់ខ្លួនមាន GPS។ បន្ទាប់ពីទទួលដំណឹងនេះ ក្រុមអ្នកដឹកជញ្ជូន បាននាំគ្នាស្វែងរកដេញតាម GPS រហូតដល់ក្រោយមន្ទីរពេទ្យបង្អែកច្បារអំពៅ ទើបឃាត់ជនសង្ស័យបានបណ្តាលឲ្យដួលម៉ូតូ ដោយជនសង្ស័យបានជិះបុកធុងទឹកអំពៅ ក៏ដួលម៉ូតូ ទើបត្រូវក្រុមអ្នកដឹកជញ្ជូន ព្រួតវាយរហូតដល់សន្លប់ ទើបរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចនាំខ្លួនជនសង្ស័យទៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ១ ដើម្បីធ្វើការសាកសួរនាំ និងអនុវត្តបន្តតាមនីតិវិធីច្បាប់៕
ដោយ៖ រដ្ឋ រង្សី