លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានរៀបចំពិធីអបអរសាទរពិធីរំឭកគុណគ្រូ សិល្បកររៀមច្បង និងពិសារអាហារសាមគ្គី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
ភ្នំពេញ៖ នារសៀលថ្ងៃទី៩ ខែមេសា ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំពិធីអបអរសាទរពិធីរំឭកគុណគ្រូ សិល្បកររៀមច្បង និងពិសារអាហារសាមគ្គី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។
ខណៈកំពុងស្ថិតនៅក្នុងពេលវេលានៃការជួបជុំជាមួយសិល្បកររាមច្បង, លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង មានអារម្មណ៍ហាក់ដូចជាកំពុងឈរនៅមុខប្រវត្តិសាស្ត្ររស់, បានមើលឃើញយ៉ាងច្បាស់ពីដំណើរនៃការកសាង និងតម្កល់ដួងព្រលឹងជាតិឱ្យរស់រាន និងមានជីវិតរស់រវើក។ នៅពេលបានសន្ទនាជាមួយសិល្បកររាមច្បង, លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង មានអារម្មណ៍ថា បានបើកចិត្តទៅរកពិភពថ្មីមួយ ដែលពោរពេញទៅដោយបទពិសោធន៍ និងប្រាជ្ញា, ជំរុញឲ្យនាងខ្ញុំយល់ពីតម្លៃសិល្បៈ និងសារៈសំខាន់នៃការការពារអត្តសញ្ញាណជាតិឱ្យកាន់តែស៊ីជម្រៅ។
ថ្ងៃនេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលមានឱកាសជាថ្មីម្តងទៀត បានជួបជជែកសំណេះសំណាល និងគោរពថ្លែងអំណរគុណដោយផ្ទាល់ ជាមួយពុកម៉ែ, ចាស់ព្រឹទ្ធាចារ្យ, លោកគ្រូអ្នកគ្រូ សិល្បករសិល្បការិនីរៀមច្បងប្រមាណជាង ១០០នាក់ ដែលជាអ្នកមានគុណបំណាច់ដ៏ធំធេងក្នុងការងារសិល្បៈ វប្បធម៌ ចំពោះប្រទេសជាតិ មាតុភូមិកម្ពុជាយើង។
ក្នុងឱកាសដ៏មានអត្ថន័យនេះ តាងនាមសមាគមសិល្បករខ្មែរ និងរូបលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ផ្ទាល់សូមបង្ហាញនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះពុកម៉ែ សិល្បកររៀមច្បងទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលាជាច្រើននៅក្នុងឆាកជីវិត, ក្នុងបុព្វហេតុ អភិរក្ស ថែរក្សា និងអភិវឌ្ឍ វិស័យសិល្បៈវប្បធម៌ខ្មែរ ឲ្យនៅរស់រានមានជីវិតរហូតមកដល់សព្វថ្ងៃ។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង មានប្រសាសន៍ថា ជាការពិត «អត្តសញ្ញាណជាតិគង់វង្សបាន គឺអាស្រ័យលើការបូជាយ៉ាងធំធេងរបស់បុព្វបុរសបន្តជំនាន់» ដូច្នេះ សិល្បកររៀមច្បង គឺជាគ្រឹះដ៏រឹងមាំដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់រវាងអតីតកាល បច្ចុប្បន្ន និងអនាគត និងជាគំរូដ៏ល្អសម្រាប់សិល្បករជំនាន់ក្រោយ។ បើគ្មានការលះបង់យ៉ាងធំធេងរបស់រាមច្បងគ្រប់រូបទេ អត្តសញ្ញាណជាតិរបស់យើងអាចនឹងទន់ខ្សោយ ឬបាត់បង់បន្តិចម្តងៗ។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង មានប្រសាសន៍បន្ថែមថា ស្នាដៃ និងបទពិសោធន៍ដ៏មានតម្លៃរបស់ពុកម៉ែ សិល្បកររៀមច្បងទាំងអស់ គឺជាមរតកដ៏អស្ចារ្យ ដែលយើងត្រូវតែថែរក្សាបន្តឲ្យបានគង់វង្សយូរអង្វែងជានិច្ចនិរន្តន៍ ហើយតម្លៃដែលមិនអាចវាស់បាននេះ គួរតែត្រូវទទួលបានការគោរព យកចិត្តទុកដាក់ និងគាំទ្រយ៉ាងខ្ពង់ខ្ពស់បំផុតពីជំនាន់មួយទៅជំនាន់មួយ។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បញ្ជាក់ថា មនុស្សជំនាន់មុនជាអ្នកបង្កើតសមិទ្ធផល, អ្នកជំនាន់ក្រោយជាអ្នកទទួលអំរែក អភិរក្ស ថែរក្សា និងអភិវឌ្ឍបន្ត។ ការគិតគូរពីសុខទុក្ខសិល្បកររាមច្បង គឺជាការងារអទិភាពមួយក្នុងចំណោមការងារអាទិភាពចម្បងៗជាច្រើនផ្សេងទៀតរបស់សមាគមសិល្បករខ្មែរ នៅក្នុងអាណត្តិទី៦នេះ ព្រោះពួកយើងបានដឹងយ៉ាងប្រាកដថា ការកសាងគ្រឹះសិល្បៈ វប្បធម៌ ឬអត្តសញ្ញាណជាតិមួយមានភាពរឹងមាំ គង់វង្សទៅបាន គឺផ្តើមចេញពីមរតកដ៏ថ្លៃថ្លារបស់លោកគ្រូ អ្នកគ្រូ សិល្បកររាមច្បង នេះហើយ។ ថ្វីត្បិតថា នៅនៅពេលនេះ យើងមិនទាន់មានលទ្ធភាពអាចជួយបានច្រើនទៅតាមបំណងដែលចង់បាន ប៉ុន្តែយ៉ាងណាយើងទាំងអស់គ្នានឹងព្យាយាមត្រួសត្រាយបន្ថែមទៀតនៅពេលខាងមុខ។
ផ្តើមចេញពីការនឹកគិតដល់គុណូបការៈនេះហើយ ទើបជាក់ស្តែងនៅថ្ងៃនេះ ពួកយើងទាំងអស់គ្នាបាននិងកំពុងរៀបចំកម្មវិធី រំឭកគុណគ្រូ សិល្បកររៀមច្បង នេះឡើង ដោយបានរៀបចំនូវថវិកាមួយចំនួន មកគោរពជូនអ្នកមានគុណូបការៈទាំងអស់គ្នា ដើម្បីបង្ហាញពីទឹកចិត្ត សេចក្តីគោរព និងការដឹងគុណ។ ទោះបីអំណោយទាំងនេះ មិនអាចប្រៀបធៀបនឹងការលះបង់ដ៏ធំធេងរបស់ពុកម៉ែបានក្តី ប៉ុន្តែវាជាសញ្ញាបញ្ជាក់ពីការយកចិត្តទុកដាក់ និងការចងចាំជានិច្ចពីអ្នកជំនាន់ក្រោយ។ ពិសេស ចង់ពញ្ញាក់អារម្មណ៍បងប្អូនប្រជាជាតិកម្ពុជាទាំងអស់ថា ការយកចិត្តទុកដាក់ចំពោះបុព្វបុរស សិល្បកររាមច្បងនេះ មិនមែនជាកាតព្វកិច្ចដាច់ដោយឡែករបស់ថ្នាក់ដឹកនាំ ឬស្ថាប័នកំពូលរបស់ជាតិទេ តែនេះ គឺជាកាតព្វកិច្ចរួម ដោយផ្តើមចេញពីយើងម្នាក់ៗ។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង សូមរំឭកពីពំនោលមួយថា វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន។ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នៅតែផ្តល់តម្លៃយ៉ាងជ្រាលជ្រៅ និងគាំទ្រគ្រប់កាលៈទេសៈចំពោះពាក្យស្លោកនេះ ដែលមានន័យសង្កត់ធ្ងន់លើតម្លៃនៃការថែរក្សាកេរ្តិ៍មរតកដូនតា។ នេះ ជាស្មារតីក្រើនរំលឹក និងជម្រុញឱ្យកូនខ្មែរ មានមោទនភាពក្នុងការថែរក្សាអត្តសញ្ញាណជាតិ ជាពិសេសចំពោះមរតកមនុស្សរស់នេះតែម្តង ដែលយើងគ្រប់គ្នាត្រូវគោរពដឹងគុណ និងតបគុណ។
ខណៈពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ពុទ្ធស័ករាជ២៥៧០ កំពុងខិតជិតមកដល់ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង សូមគោរពជូនពរដល់លោកគ្រូអ្នកគ្រូ សិល្បករសិល្បការិនីរៀមច្បងទាំងអស់ សូមឲ្យមានសុខភាពល្អ អាយុយឺនយូរ សេចក្តីសុខសាន្ត និងសំណាងល្អគ្រប់ប្រការ ក្នុងឆ្នាំថ្មីនេះ។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង សូមបន្តប្តេជ្ញាចិត្តថា នឹងបន្តគាំទ្រលើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិ និងយកចិត្តទុកដាក់ គិតគូរឱ្យកាន់តែខ្លាំងឡើងបន្ថែមទៀត ចំពោះសុខទុក្ខរបស់លោកគ្រូអ្នកគ្រូ សិល្បកររៀមច្បងទាំងអស់គ្នា ហើយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង សន្យាថា នឹងរៀបចំឱ្យមានពិធីជួបជុំបែបនេះឱ្យកាន់តែញឹកញាប់ជាងនេះ យ៉ាងហោចណាស់ ២ ឬ ៣ដងក្នុងមួយឆ្នាំ៕
អត្ថបទ៖ចេង ឆហួត និងរូបភាព៖កែវ ភិរុណ, កែវ សារិទ្ធ, វង្ស ឧត្តម, អ៊ឹម ម៉ារ៉ាឌី