ព័ត៌មានជាតិ

សត្វផ្សោតមួយក្បាលបានងាប់រយៈពេលជិតមួយខែបានអណ្តែតមកលើផ្ទៃសមុទ្រខេត្តកំពត

image


កំពត៖ ប្រជានេសាទបានអូសសពសត្វផ្សោតស្អុយរលួយមួយក្បាលមករក្សាទុកនៅដែនសហគមន៍ត្រពាំងសង្កែ ដើម្បីផ្តល់ឱកាសឱ្យមន្ត្រីជំនាញធ្វើកោសលវិច័យ បន្ទាប់ពីប្រទះឃើញអណ្តែតលើផ្ទៃសមុទ្រខេត្តកំពត។ មន្ត្រីជំនាញអះអាងថាសត្វផ្សោតនេះអាចស្លាប់នៅសមុទ្រក្រៅ រយៈពេលជិតមួយខែមកហើយទើបរសាត់អណ្តែតចូលដែនទឹកខេត្តកំពត។


លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានប្រាប់ឱ្យដឹងថា កាលពីរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ប្រជានេសាទបានប្រទះឃើញសាកសពសត្វផ្សោតមួយក្បាល បានអណ្តែតលើផ្ទៃសមុទ្រ ស្ថិតនៅផ្នែកខាងកើតកោះការ៉ាង ហើយក៏នាំគ្នាអូសយកមករក្សាទុកក្នុងដែនសហគមន៍ត្រពាំងសង្កែរង់ចាំមន្ត្រីជំនាញចុះពិនិត្យមើល។ តាមរយៈមន្ត្រីបណ្តាញសង្គ្រោះថនិកសត្វសមុទ្រកម្ពុជា (CMMBSN) ដែលបានធ្វើកោសលវិច័យនៅព្រឹកថ្ងៃទី៩ ខែមេសា បានបញ្ជាក់ថា សាកសពជាសត្វផ្សោតនេះ គឺជាសត្វផ្សោតញីវ័យជំទង់ប្រភេទក្បាលត្រឡោក ដែលមានបណ្តោយ ១,៩០ម៉ែត្រ ទម្ងន់ប្រហែល ១០០គីឡូក្រាម។


ផ្សោតនោះអាចស្លាប់នៅសមុទ្រក្រៅ ចន្លោះពី១៥ថ្ងៃទៅ៣០ថ្ងៃមកហើយ ទើបអណ្តែតចូលដែនសមុទ្រខេត្តកំពត ដោយសភាពស្បែករលួយស្ទើរទាំងស្រុង និងមានសភាពហើមខ្លាំង ព្រោះប៉ុន្មានថ្ងៃនេះនៅសមុទ្រក្រៅមានខ្យល់បោកបក់ខ្លាំង។ លោកនាយខណ្ឌបានបញ្ជាក់ថា មិនមានភស្តុតាង ឬស្លាកស្នាមណាដែលសង្ស័យថាសត្វផ្សោតនេះទទួលរងនូវការចាប់ដោយចៃដន្យនោះទេ៕