ព័ត៌មានអន្តរជាតិ

សភាអាម៉េរិក ជំរុញសភាតៃវ៉ាន់ឱ្យយល់ព្រមអនុម័តកញ្ចប់ថវិកាការពារជាតិពិសេស ក្រោយជាប់គាំងច្រើនខែ

image


សហរដ្ឋអាម៉េរិក៖ សមាជិកព្រឹទ្ធសភាសហរដ្ឋអាម៉េរិក លោក ជីម​ ប៊េង​ (Jim Banks) បានធ្វើដំណើរទៅកាន់ទីក្រុងតៃប៉ិ ដើម្បីជួបពិភាក្សាផ្ទាល់ជាមួយប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងតេ។ គោលបំណងធំនៃជំនួបនេះ គឺដើម្បីជំរុញឱ្យសភាតៃវ៉ាន់យល់ព្រមអនុម័តកញ្ចប់ថវិកាការពារជាតិពិសេស ដែលបានជាប់គាំងអស់រយៈពេលជាច្រើនខែមកហើយ ។


កញ្ចប់ថវិកាដែលលោកប្រធានាធិបតី ឡៃ ឈីងតេ បានស្នើឡើងនោះ មានទឹកប្រាក់រហូតដល់ ៤០ ពាន់លានដុល្លារអាម៉េរិក។ ថវិកាដ៏មហាសាលនេះ បានរៀបចំឡើងក្នុងគោលដៅពង្រឹងសមត្ថភាពយោធារបស់កោះតៃវ៉ាន់ ដើម្បីត្រៀមលក្ខណៈទប់ទល់នឹងការដាក់សម្ពាធ និងការគំរាមកំហែងផ្នែកយោធាកាន់តែខ្លាំងពីសំណាក់ប្រទេសចិន។


ទោះជាយ៉ាងណាក៏ដោយ ផែនការចំណាយនេះកំពុងជួបឧបសគ្គធំនៅក្នុងសភា ដែលបច្ចុប្បន្នគ្រប់គ្រងដោយគណបក្សប្រឆាំងគួមីនតាំង ហៅកាត់ថា KMT។ បក្សប្រឆាំងបានបង្ហាញការស្ទាក់ស្ទើរ និងកំពុងតស៊ូមតិដើម្បីកាត់បន្ថយការចំណាយទាំងនោះ ដោយពួកគេយល់ថា ការប្រើប្រាស់ថវិកាជាតិត្រូវតែមានភាពហ្មត់ចត់ និងមានតម្លាភាពបំផុត។


លោក ជីម​ ប៊ែង​ (Jim Banks) បានសង្កត់ធ្ងន់ថា ការអនុម័តកញ្ចប់ថវិកានេះមិនមែនត្រឹមតែជារឿងលុយកាក់នោះទេ ប៉ុន្តែវាគឺជា «សារនយោបាយ» ដ៏រឹងមាំមួយផ្ញើទៅកាន់ទីក្រុងប៉េកាំង។ លោកយល់ថា បើតៃវ៉ាន់បង្ហាញភាពទន់ជ្រាយក្នុងវិស័យការពារជាតិ នោះវានឹងក្លាយជាឱកាសសម្រាប់ចិនក្នុងការបង្កើនការរំលោភបំពានបន្ថែមទៀត។


ក្នុងជំនួបនោះ លោក Banks ក៏បានកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់លោក ឡៃ ឈីងតេ ដោយបានប្រៀបធៀបស្មារតីពង្រឹងកងទ័ពរបស់លោក ទៅនឹងគោលនយោបាយរបស់លោក ដូណាល់ ត្រាំ។ អាម៉េរិកចង់ឃើញតៃវ៉ាន់អនុវត្តយុទ្ធសាស្ត្រ «សន្តិភាពតាមរយៈភាពរឹងមាំ» ពោលគឺត្រូវមានអាវុធទំនើបនៅក្នុងដៃ ទើបអាចចរចាសន្តិភាពបាន។


អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺស្របពេលដែលអាម៉េរិកកំពុងជំរុញឱ្យតៃវ៉ាន់ត្រៀមខ្លួនធ្វើសង្គ្រាម មេដឹកនាំបក្សប្រឆាំងតៃវ៉ាន់ លោកស្រី ឆឹង​ លីវ៉ុន​ (Cheng Li-wun) បែរជាកំពុងបំពេញទស្សនកិច្ចនៅចិនដីគោកទៅវិញ។ បក្សប្រឆាំងជឿជាក់ថា ការចរចាដោយសន្តិវិធីជាមួយទីក្រុងប៉េកាំង គឺជារឿងសំខាន់មិនអាចខ្វះបាន ស្របពេលជាមួយនឹងការការពារជាតិ។


វិវាទផ្ទៃក្នុងរវាងបក្សកាន់អំណាច និងបក្សប្រឆាំងតៃវ៉ាន់ ជុំវិញកញ្ចប់ថវិកាយោធានេះ កំពុងក្លាយជាកង្វល់ដ៏ធំសម្រាប់សហរដ្ឋអាម៉េរិក។ អាម៉េរិកបារម្ភថា ការពន្យារពេលណាមួយនឹងធ្វើឱ្យខ្សែការពាររបស់តៃវ៉ាន់មានចន្លោះប្រហោង ដែលអាចផ្ដល់ផលវិបាកដល់សន្តិសុខក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល ៕


ប្រែសម្រួល៖​ ឡេង​ លាងហេង
ប្រភព៖​ Reuters​ via CNA | រូបភាព៖​ (Anna Moneymaker/Getty Images via AFP)/ (Reuters/Tyrone Siu)/ (Reuters/Ann Wang)