ព័ត៌មានអន្តរជាតិ

វិស័យបច្ចេកវិទ្យាជីវសាស្ត្ររបស់ចិន កំពុងរើបឡើងវិញយ៉ាងខ្លាំង តាមរយៈកិច្ចព្រមព្រៀងអាជីវកម្មខ្នាតធំ

image


ចិន៖ វិស័យបច្ចេកវិទ្យាជីវសាស្ត្ររបស់ប្រទេសចិន កំពុងបង្ហាញសញ្ញានៃការរើបឡើងវិញយ៉ាងខ្លាំងក្លា តាមរយៈការកើនឡើងនៃកិច្ចព្រមព្រៀងអាជីវកម្មខ្នាតធំ។ អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះ គឺការចូលរួមពីមូលនិធិវិនិយោគរដ្ឋលំដាប់ពិភពលោកពីប្រទេសសិង្ហបុរី និងអារ៉ាប់រួម ដែលបានសហការជាមួយវិនិយោគិនរដ្ឋរបស់ចិន ដើម្បីគាំទ្រដល់ការអភិវឌ្ឍឱសថជំនាន់ថ្មី ។


ក្រុមហ៊ុន អេវេីរ៉េស​ ម៉េឌីស៉ីន​ (Everest Medicines) ដែលជាក្រុមហ៊ុនឈានមុខគេមួយនៅស៊ាងហៃ បានសម្រេចកិច្ចព្រមព្រៀងតម្លៃ ២៥០ លានដុល្លារ ដើម្បីទិញយកក្រុមហ៊ុនហាសស្ដិន បាយអូហ្វាម៉ាស៊ូទីខល (Hasten Biopharmaceuticals) ពីសិង្ហបុរី។ ការទិញយកនេះ មិនត្រឹមតែផ្ដល់ឱ្យពួកគេនូវសិទ្ធិលើការព្យាបាលជំងឺរ៉ាំរ៉ៃចំនួន ១៤ ប្រភេទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានក្រុមការងារជំនាញជាង ១០០ នាក់ ដែលនឹងជួយជម្រុញការលក់ឱសថរបស់ក្រុមហ៊ុនឱ្យរីកសាយភាយពាសពេញតំបន់អាស៊ីប៉ាស៊ីហ្វិក ។


យោងតាមទិន្នន័យផ្លូវការ ការលក់សិទ្ធិប្រើប្រាស់ឱសថឆ្លងដែនដោយក្រុមហ៊ុនផលិតឱសថចិន បានឈានដល់កម្រិតកំណត់ត្រាថ្មីមួយប្រមាណ ៦០ ពាន់លានដុល្លារ ក្នុងរយៈពេលត្រឹមតែ ៣ ខែដើមឆ្នាំនេះ។ នេះសបញ្ជាក់ឱ្យឃើញថា ក្រុមហ៊ុនឱសថពហុជាតិសាសន៍កាន់តែមានទំនុកចិត្ត និងតម្រូវការខ្ពស់លើបច្ចេកវិទ្យាវេជ្ជសាស្ត្រដែលរកឃើញដោយអ្នកវិទ្យាសាស្ត្រចិន ។
ក្នុងចំណោមក្រុមហ៊ុនដែលកំពុងលេចធ្លោ ក្រុមហ៊ុន ស៊ីណេរ៉ុន បាយអូ (Syneron Bio)
បានក្លាយជាចំណុចទាក់ទាញខ្លាំង ដោយសារតែការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងការឌីហ្សាញម៉ូលេគុលឱសថ។ ក្រុមហ៊ុននេះ ទើបតែប្រមូលទុនបាន ១៥០ លានដុល្លារ ដែលមានការចូលរួមពីវិនិយោគិនធំៗ ដូចជា ថេម៉ាសិក (Temasek) របស់សិង្ហបុរី និង អាស្ត្រាហ្សេនីកា​ (AstraZeneca) ដើម្បីពន្លឿនការផលិតឱសថព្យាបាលជំងឺមហារីកជាដើម ។


ភាពជោគជ័យរបស់ ស៊ីរ៉េណុន​ (Syneron) បង្ហាញពីនិន្នាការថ្មីដែលបច្ចេកវិទ្យា AI ត្រូវបានយកមកបញ្ចូលក្នុងវេជ្ជសាស្ត្រ ដើម្បីដោះស្រាយបញ្ហាដែលឱសថបុរាណមិនអាចធ្វើបាន ។
ទន្ទឹមនឹងនេះ វឌ្ឍនភាពនៃការព្យាបាលដោយកោសិកាក៏មិនអាចមើលរំលងបានដែរ។ ក្រុមហ៊ុន ស៊ែលស្មាត​ បាយអូហ្វាម៉ាស៊ូទីខល​ (XellSmart Biopharmaceutical) បានទទួលទុនបន្ថែមប្រមាណ ៦៩ លានដុល្លារ ដើម្បីបន្តការសាកល្បងព្យាបាលជំងឺប្រព័ន្ធប្រសាទ។ ថ្នាំដែលពួកគេកំពុងអភិវឌ្ឍ កំពុងស្ថិតក្នុងដំណាក់កាលសាកល្បងចាក់ចំនួន ៤ ដង ដើម្បីពិនិត្យមើលប្រសិទ្ធភាពលើជំងឺញ័រដៃជើង និងរបួសឆ្អឹងខ្នងធ្ងន់ធ្ងរ ។


ភាពរស់រវើកនៃកិច្ចព្រមព្រៀងក្នុងវិស័យបច្ចេកវិទ្យាជីវសាស្ត្រនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីភាពខ្លាំងនៃបច្ចេកវិទ្យាចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការរួមបញ្ចូលគ្នានៃទុនវិនិយោគពីអាស៊ី និងមជ្ឈិមបូព៌ា។ និន្នាការនេះ នឹងជួយជំរុញឱ្យចិនក្លាយជាមជ្ឈមណ្ឌលផលិតឱសថដ៏សំខាន់មួយសម្រាប់ពិភពលោក ពិសេសក្នុងគ្រាដែលតម្រូវការសេវាសុខភាពទំនើបកំពុងកើនឡើងខ្លាំង ៕


ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ South China Morning Post | រូបភាព៖ Shutterstock/ South China Morning Post