ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ កាន់ទុក្ខសិស្សស្រី ១៧០នាក់ និងត្រៀមប្ដឹងអាម៉េរិកទៅតុលាការអន្តរជាតិ ជុំវិញសោកនាដកម្មនៅទីក្រុង Minab

image


អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់ បានរៀបចំពិធីកាន់ទុក្ខថ្នាក់ជាតិដ៏ធំមួយ ដើម្បីរំឭកដល់វិញ្ញាណក្ខន្ធសិស្សស្រីជិត ១៧០ នាក់ ដែលបានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម នៅក្នុងការវាយប្រហារតាមអាកាសកាលពី ៤០ ថ្ងៃមុន នៅទីក្រុងមីណាប (Minab)។

ពិធីនេះ មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល អ្នកមុខអ្នកការ និងប្រជាពលរដ្ឋទូទៅ ដើម្បីសម្តែងនូវសាមគ្គីភាព និងការឈឺចាប់រួមគ្នាចំពោះការបាត់បង់ធនធានកុមារីដ៏មានតម្លៃរបស់ជាតិ ។


មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ បានថ្កោលទោសយ៉ាងខ្លាំងទៅលើសហរដ្ឋអាម៉េរិក និងអ៊ីស្រាអ៊ែល ដោយចាត់ទុកសកម្មភាពវាយប្រហារលើសាលារៀន និងតំបន់ស្នាក់នៅរបស់ជនស៊ីវិលថាជា «ឧក្រិដ្ឋកម្មសង្គ្រាម»។ រដ្ឋាភិបាលអ៊ីរ៉ង់ បានប្ដេជ្ញាចិត្តថានឹងនាំរឿងក្ដីនេះទៅកាន់ស្ថាប័នច្បាប់អន្តរជាតិនានា ដើម្បីទាមទារយុត្តិធម៌ និងចុះបញ្ជីព្រឹត្តិការណ៍នេះ ជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដូចទៅនឹងអ្វីដែលធ្លាប់កើតឡើងនៅក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា និងប្រទេសវៀតណាមកាលពីអតីតកាល ។


តាមរយៈរបាយការណ៍ពីកន្លែងកើតហេតុ អ្នករៀបចំកម្មវិធីបានអះអាងថា គោលដៅដែលត្រូវបានកម្ទេចរួមមាន សាលារៀន មណ្ឌលសុខភាព និងអគារស្នាក់នៅរបស់ប្រជាពលរដ្ឋសាមញ្ញ ដែលសបញ្ជាក់ថា ការវាយប្រហារនេះ មិនមែនជាការភាន់ច្រឡំផ្នែកយោធាឡើយ ប៉ុន្តែគឺជាការកំណត់គោលដៅដោយចេតនា។

សកម្មភាពនេះ ត្រូវបានគេមើលឃើញថាមានលក្ខណៈស្រដៀងគ្នាទៅនឹងអ្វីដែលកំពុងកើតឡើងនៅក្នុងតំបន់ហ្គាហ្សា ដែលបណ្ដាលឱ្យកុមារ និងស្ត្រីស្លូតត្រង់ជាច្រើន ត្រូវស្លាប់បាត់បង់ជីវិត ។


ទោះបីជាស្ថិតក្នុងក្ដីសោកសង្រេងយ៉ាងណាក៏ដោយ ប្រជាជនអ៊ីរ៉ង់ ដែលបានចូលរួមក្នុងពិធីនេះ បានបង្ហាញនូវស្មារតីរឹងមាំ និងការមិនចុះចាញ់ចំពោះការបំភិតបំភ័យរបស់សត្រូវ។ ពួកគេជឿជាក់ថា ការប្រើប្រាស់ហិង្សាលើកុមារ មិនអាចជួយឱ្យសត្រូវសម្រេចគោលដៅនយោបាយបានឡើយ ប៉ុន្តែផ្ទុយទៅវិញ វាកាន់តែធ្វើឱ្យប្រជាជាតិអ៊ីរ៉ង់រួបរួមគ្នាខ្លាំងជាងមុន ដើម្បីការពារអធិបតេយ្យភាពជាតិ និងទាមទារឱ្យមានការទទួលខុសត្រូវចំពោះរាល់ការខូចខាតដែលបានកើតឡើង ៕


ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ RT | រូបភាព៖​ Screenshot from RT's video.