ព័ត៌មានជាតិ

ប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ចូលរួមជូនពរថ្នាក់ដឹកនាំ និងពលរដ្ឋខេត្តព្រៃវែង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់

image

ព្រៃវែង៖ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រៃវែង បានទទួលស្វាគមន៍ចំពោះ គណៈប្រតិភូខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានអញ្ជើញមកជូនពរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តព្រៃវែង ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ។

លោក សួន សុម៉ាលីន អភិបាលខេត្តខេត្តព្រៃវែង និងថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រៃវែង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រតិភូខេត្តតៃនិញ ដែលតែងតែផ្តល់តម្លៃ និងរក្សានូវប្រពៃណីនៃការសួរសុខទុក្ខគ្នាទៅវិញទៅមកក្នុងឱកាសបុណ្យប្រពៃណីជាតិ។ នេះគឺជាសក្ខីភាពមួយដែលបង្ហាញពីចំណងមិត្តភាពរឹងមាំ "ក្នុងនាមជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង"។

លោក សួន សុម៉ាលីន មានប្រសាសន៍ វាយតម្លៃខ្ពស់លើលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខសណ្តាប់ធ្នាប់តាមព្រំដែន ការបង្កលក្ខណៈងាយស្រួលដល់ការដោះដូរពាណិជ្ជកម្ម និងការទប់ស្កាត់បទល្មើសឆ្លងដែននានា ដើម្បីផលប្រយោជន៍ប្រជាជននៃខេត្តទាំងពីរ។

ប្រធានប្រតិភូខេត្តតៃនិញ បានពាំនាំនូវមនោសញ្ចេតនាសាមគ្គីភាព និងជូនពរជ័យយ៉ាងស្មោះស្ម័គ្រពីសំណាក់ថ្នាក់ដឹកនាំ និងប្រជាជនខេត្តតៃនិញ ជូនចំពោះថ្នាក់ដឹកនាំខេត្តព្រៃវែង។ លោក បានកោតសរសើរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់ខេត្តព្រៃវែង ជាពិសេសកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងខេត្តទាំងពីរ ដែលមានព្រំប្រទល់ជាប់គ្នា៕

អត្ថបទ៖ តែ ផានិត