ព័ត៌មានជាតិ

អគារមជ្ឈមណ្ឌលកណ្តាល នៅមន្ទីរពេទ្យកាល់ម៉ែត សម្រេចការសាងសង់ បាន១៤ភាគរយហើយ ខណៈក្រោយដាក់ឱ្យដំណើរការនឹងជួយឱ្យកម្ពុជា សម្រេចបាននូវស្តង់ដាព្យាបាលជំងឺ ដូចមន្ទីរពេទ្យស្តង់ដាអន្តរជាតិ

image

ភ្នំពេញ៖ អគារមជ្ឈមណ្ឌលកណ្តាល កម្ពស់២៥ជាន់ នៅមន្ទីរពេទ្យកាល់ម៉ែត សម្រេចការសាងសង់ បានប្រមាណ១៤ភាគរយហើយ ពោលគឺសាងសង់ដល់ជាន់ទី១១ ខណៈអគារចំណតកម្ពស់១៣ជាន់ សម្រេចបាន៤៥ភាគរយ និងអគារវេជ្ជសាស្ត្រស៊ីក្លូត្រុង បានបញ្ចប់ការចាក់គ្រឹះសសរហើយ បន្ទាប់ពីអគារទាំង៣នេះ ត្រូវបានបើកការដ្ឋានដំណើរការសាងសង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ។

នេះបើតាមប្រសាសន៍ លោកសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានប្រាប់ឱ្យដឹងនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញដឹកនាំមន្ត្រីរាជការ បុគ្គលិក នៃមន្ទីរពេទ្យកាល់ម៉ែត ក្នុងកម្មវិធីសូត្រមន្តបង្សុកូលឧទ្ទិសកុសល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០។

លោក គង់ សន្យា បានបញ្ជាក់ថា នៅពេលដែលអគារថ្មីទាំង៣ បញ្ចប់ការសាងសង់ និងដាក់ឱ្យដំណើរការនាពេលខាងមុខ នឹងជួយបង្កើនសមត្ថភាព លទ្ធភាព និងប្រសិទ្ធភាព នៃការព្យាបាលជូនអ្នកជំងឺ ស្របតាមគោលនយោបាយក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ដែលនឹងលើកកម្ពស់ស្តង់ដាព្យាបាលអ្នកជំងឺ នៅក្នុងប្រទេសកម្ពុជា ឈានដល់កម្រិតជឿនលឿន ដូចមន្ទីរពេទ្យស្តង់ដាអន្តរជាតិ នៅក្នុងតំបន់។

លោកអគ្គនាយកមន្ទីរពេទ្យ មានប្រសាសន៍ថា "អគារទំនើបថ្មីបន្ថែមទៀតនេះ នឹងផ្តល់គុណប្រយោជន៍មានតម្លៃដ៏ឧត្តុង្គឧត្តម ចារជាប្រវត្តិសាស្ត្រនៃវិស័យសុខាភិបាលកម្ពុជា ដោយនឹងបំពាក់នូវឧបករណ៍ សម្ភារៈ និងបច្ចេកទេសវេជ្ជសាស្ត្រឈានមុខ ប្រមូលផ្តុំទៅដោយឯកទេសវេជ្ជសាស្ត្រ និងសល្យសាស្ត្រសំខាន់ៗទាំងអស់រួមទាំង ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកប្រពោធនកម្មពហុឯកទេសទំនើប និងផ្នែកបង្កកំណើត ដោយជំនួយផ្នែកវេជ្ជសាស្ត្រ ដើម្បីជួយដោះស្រាយស្ថានភាពជំងឺធ្ងន់ធ្ងរ និងស្មុគស្មាញ ជាពិសេសគ្រប់បញ្ហាសុខភាពប្រឈមចុងក្រោយ នៅព្រះរាជាណាចក្រកម្ពុជា។"

លោកបន្ថែមថា អគារមជ្ឈមណ្ឌលនេះ ក៏នឹងក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាល ធនធានមនុស្សកម្រិតឯកទេស និងស្រាវជ្រាវ ដែលជាត្រីវិស័យ ដើម្បីវិភាគ និងកំណត់គោលនយោបាយវិស័យមន្ទីរពេទ្យ សម្រាប់អនាគត កាន់តែប្រសើរជាលំដាប់។


ក្នុងពិធីដដែលនោះ លោក គង់ សន្យា បានឱ្យដឹងដែរថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ មិនខុសពីរៀងរាល់ឆ្នាំនោះទេ មន្ទីរពេទ្យថ្នាក់ជាតិនេះ តែងតែរៀបចំផែនការ ដោយត្រៀមក្រុមគ្រូពេទ្យគ្រប់ឯកទេស ក្នុងការបម្រើសេវាពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ២៤ម៉ោងលើ២៤ម៉ោង។


លោកសាស្ត្រាចារ្យ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមធ្វើដំណើរតាមដងផ្លូវ ទៅកាន់ស្រុកកំណើត ឱ្យមានការយោគយល់អធ្យាស្រ័យគ្នា ជាពិសេសក្នុងគ្រាដែលមានអាកាសធាតុក្តៅខ្លាំងនេះ សូមថែរក្សាសុខភាព ដោយត្រូវបរិភោគអាហារ ប្រកបដោយអនាម័យ និងមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការកើតមានជំងឺនានា៕


អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ លឹម មុនី