ព័ត៌មានអន្តរជាតិ

តើអ្នកណាជាសត្រូវពិតប្រាកដរបស់អាម៉េរិក? អ៊ីរ៉ង់អះអាងថា ខ្លួនមិនមែនជាសត្រូវរបស់ប្រជាជនអាម៉េរិកឡើយ

image

អ៊ីរ៉ង់៖ នៅក្នុងវីដេអូវិភាគ និងឯកសាររបស់សារព័ត៌មាន RT បានរៀបរាប់ថា មន្ត្រីអាម៉េរិកតែងតែប្រើពាក្យធ្ងន់ៗដូចជា «របបជ្រុលនិយម» ឬ «ប្រជាជាតិដែលពោរពេញដោយការស្អប់ខ្ពើម» ដើម្បីសម្គាល់លើប្រទេសអ៊ីរ៉ង់ ចាប់តាំងពីសង្គ្រាមបានចាប់ផ្ដើម។ ប៉ុន្តែ ទីក្រុងតេហ៍រ៉ង់បានតបតវិញថា ប្រជាជនអាម៉េរិកមិនមែនជាសត្រូវរបស់ពួកគេឡើយ ។

រដ្ឋាភិបាលវ៉ាស៊ីនតោន តែងតែព្យាយាមលើកឡើងថា អ៊ីរ៉ង់ដឹកនាំដោយអ្នកកាន់សាសនាជ្រុលនិយមដែលចង់បំផ្លាញពិភពលោក។ ប៉ុន្តែ ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េសេស្កៀន (Masoud Pezeshkian) បានផ្ញើសារដោយផ្ទាល់ទៅកាន់ប្រជាជនអាម៉េរិកថា អ៊ីរ៉ង់គ្រាន់តែការពារខ្លួនពីការវាយប្រហាររបស់អាម៉េរិក និងអ៊ីស្រាអ៊ែលប៉ុណ្ណោះ។ លោកសង្កត់ធ្ងន់ថា អ៊ីរ៉ង់ចេះបែងចែកច្បាស់ណាស់រវាង «រដ្ឋាភិបាល» និង «ប្រជាជន»។ ការផ្ដាច់ខ្លួនចេញពីសត្រូវ គឺជាគោលការណ៍វប្បធម៌ដ៏ជ្រាលជ្រៅរបស់អ៊ីរ៉ង់ មិនមែនជាល្បិចកលនយោបាយឡើយ ។

បើតាមការវិភាគ ប្រវត្តិសាស្ត្របានបង្ហាញថា ក្រុមដែលបង្កការវាយប្រហារភេរវកម្មធំៗនៅលើដីអាម៉េរិក និងអឺរ៉ុប ដូចជាព្រឹត្តិការណ៍ថ្ងៃទី១១ ខែកញ្ញា (9/11) ឬការវាយប្រហារនៅទីក្រុងប៉ារីស ឆ្នាំ២០១៥ មិនមែនជាស្នាដៃរបស់អ៊ីរ៉ង់ឡើយ។ ផ្ទុយទៅវិញ សកម្មភាពទាំងនោះគឺជាស្នាដៃរបស់ក្រុម អាយស៊ីស (ISIS) និងក្រុមអាល់កៃដា (Al-Qaeda) ដែលជាក្រុមជ្រុលនិយមនិកាយស៊ុននី។ សូម្បីតែអតីតប្រធានាធិបតី ចច ដាប់ប៊លយូ ប៊ូស (George W. Bush) ក៏ធ្លាប់បញ្ជាក់ថា សត្រូវគឺក្រុម អាល់កៃដា (Al-Qaeda) ដែរ។

វាផ្ទុយគ្នាស្រឡះពីអាម៉េរិកដែលចោទអ៊ីរ៉ង់ថាជាអ្នកកាន់សាសនាជ្រុលនិយមមិនអាចគ្រប់គ្រងបាន ប៉ុន្តែបែរជាហ៊ានធ្វើឃាតមេដឹកនាំសាសនាខ្ពស់បំផុត គឺលោក អាយ៉ាតូឡាហ៍ អាលីខាមីនី (Ayatollah Ali Khamenei) ទៅវិញ។ បើអ៊ីរ៉ង់ឆ្កួតវង្វេងនឹងសាសនាដូចការចោទប្រកាន់មែន នោះពិភពលោកប្រហែលជាត្រូវវិនាសដោយការវាយបកតបវិញបាត់ទៅហើយ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ RT | រូបភាព៖​ Screenshot from RT's video.