ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ រុស្ស៊ី កំពុងស្ដារវត្តមានការទូត និងសេដ្ឋកិច្ចយ៉ាងទូលំទូលាយនៅទ្វីបអាហ្វ្រិក

image

រុស្ស៊ី៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គេ ឡារ៉ូវ (Sergei Lavrov) កាលពីថ្ងៃពុធ បានបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃទំនាក់ទំនងសេដ្ឋកិច្ចរវាងរុស្ស៊ី និងទ្វីបអាហ្វ្រិក ដោយកត់សម្គាល់ថាទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងដល់ ២៧ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥។ លោកបញ្ជាក់ថា កំណើននេះ គឺជាសញ្ញានៃការវិលត្រឡប់មកវិញយ៉ាងរឹងមាំរបស់រុស្ស៊ីនៅលើឆាកអន្តរជាតិ ជាពិសេសនៅក្នុងតំបន់ដែលមានសក្ដានុពលសេដ្ឋកិច្ចខ្ពស់ បន្ទាប់ពីមានការថយចុះវត្តមានអស់រយៈពេលជាច្រើនឆ្នាំក្រោយសម័យសហភាពសូវៀត។

រុស្ស៊ី កំពុងពង្រីកបណ្ដាញការទូតរបស់ខ្លួនយ៉ាងសកម្ម ដោយបច្ចុប្បន្នមានស្ថានទូតចំនួន ៤៥ កំពុងដំណើរការ និងត្រៀមបើកបន្ថែមទៀតក្នុងពេលឆាប់ៗនេះ។ គោលដៅយុទ្ធសាស្ត្ររបស់ទីក្រុងម៉ូស្គូ គឺការបង្កើតវត្តមានការទូតឱ្យបានពេញលេញនៅស្ទើរគ្រប់ប្រទេសក្នុងទ្វីបអាហ្វ្រិក ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលផ្នែកនយោបាយ និងសេដ្ឋកិច្ចឱ្យបានកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពខ្ពស់ ។

លោក ឡារ៉ូវ ក៏បានលើកឡើងពីភាពខុសគ្នារវាងរុស្ស៊ី និងមហាអំណាចលោកខាងលិច ដោយលោកអះអាងថា រុស្ស៊ីមិនមែនមកក្នុងនាមជាអ្នកដាក់អាណានិគមឡើយ ប៉ុន្តែមកក្នុងនាមជាដៃគូដែលជួយអភិវឌ្ឍឧស្សាហកម្មក្នុងស្រុករបស់អាហ្វ្រិក។ ជាក់ស្ដែង ការបង្កើតតំបន់ឧស្សាហកម្មរុស្ស៊ីនៅក្នុងប្រទេសអេហ្ស៊ីប គឺជាសក្ខីភាពមួយនៃការផ្ដល់បច្ចេកវិទ្យា និងការបង្កើតរោងចក្រផលិតកម្ម ដែលជួយឱ្យបណ្ដាប្រទេសអាហ្វ្រិកអាចពឹងផ្អែកលើខ្លួនឯងបានកាន់តែខ្លាំង ។

រដ្ឋាភិបាលរុស្ស៊ី បានកំណត់យកកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្វ្រិក លើកទី៣ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងម៉ូស្គូ នាចុងខែតុលា ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់បំផុតប្រចាំឆ្នាំ។ កិច្ចប្រជុំនេះ នឹងក្លាយជាវេទិកាក្នុងការរឹតចំណងមិត្តភាព និងការអនុវត្តផែនការសកម្មភាពឆ្នាំ ២០២៣-២០២៦ ដែលមានគោលដៅពង្រឹងទំនាក់ទំនងគ្រប់ជ្រុងជ្រោយ ចាប់ពីកម្រិតរដ្ឋាភិបាល រហូតដល់កម្រិតតំបន់ និងក្រុង ដើម្បីផលប្រយោជន៍រួមនៃភាគីទាំងពីរ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖​ Anadolu Agency/ Africa View Facts